ទំនាក់ទំនងរវាងប្រទេសនៅក្នុងតំបន់ និងរុស្ស៊ី គឺមានភាពល្អប្រសើរ នឹងគ្នា ប៉ុន្តែ ដោយសារតែ អាមេរិកបានបង្ខំឲ្យអឺរ៉ុបត្រូវចូលរួម ដាក់ទណ្ឌកម្មទៅលើរុស្ស៊ី ដែលអឺរ៉ុប មិនចងធ្វើឡើយ ។
នៅពេលនេះដែរ ប្រធានាធិបតីបារាំងលោក Emmanuel Macron និងលោកប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានជួបពិភាក្សាគ្នា ហើយប្តេជ្ញាជំរុញឲ្យមានកិច្ចចរចាសន្តិភាពជាមួយអ៊ុយក្រែន និងបង្កើនទំនាក់ទំនងល្អប្រសើររបស់ទីក្រុងមូស្គូជាមួយសហភាពអឺរ៉ុប ។ លោកពូទីន បានបំពេញទស្សនិច្ច ហើយជួបពិភាក្សា ជាមួយលោក ម៉ាក្រុង នៅបារាំងកាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ ។
ភាគីទាំងពីរពិភាក្សាគ្នានៅខ្វែងគំនិតគ្នាលើបញ្ហាមួយចំនួន ក្នុងនោះបញ្ហានៅស៊ីរី និងការដែលរុស្ស៊ីបង្ក្រាបទៅលើក្រុមបាតុករប្រឆាំងរដ្ឋាភិបាលផងដែរ ។
លោក ម៉ាក្រុង បានអញ្ជើញលោក ពូទីន ទៅកាន់វិមានរដូវក្តៅរបស់លោក គឺវិមាន Fort de Bregancon ស្ថិតនៅតំបន់ French Riviera ។ មេដឹកនាំទាំងពីរបានពិសាអាហារពេលល្ងាចជុំគ្នា ហើយនៅពីរបីថ្ងៃខាងមុខនេះ កិច្ចពិភាក្សារបស់ក្រុមប្រទេសទាំង៧ ដែលមានសេដ្ឋកិច្ចរីកចម្រើន (G-7) នឹងធ្វើឡើងនៅទីក្រុង Biarritz ក្នុងនោះ មានមេដឹកនាំអាមេរិក ដូណាល់ ត្រាំ និងមេដឹកនាំដទៃផ្សេងទៀតចូលរួមផងដែរ ។
បារាំងគឺជាប្រធានឆ្នាំ២០១៩ នៃក្រុម G-7 ដែលរួមមានអង់គ្លេស, កាណាដា, អាល្លឺម៉ង់, អ៊ីតាលី និងជប៉ុន ។ រុស្ស៊ីបានដកខ្លួនចេញពីក្រុម G-7 កាលពីឆ្នាំ២០១៤ បន្ទាប់ពីដាកបញ្ចូលតំបន់គ្រីមៀស្ថិតក្រោមការគ្រប់គ្រងរបស់រុស្ស៊ី ។ ជំនួបរបស់ G-7 នៅទីក្រុង Biarritz នឹងធ្វើឡើងនៅថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ ។
ថ្លែងក្នុងសន្និសីទកាសែតមុនជំនួបរបស់មេដឹកនាំទាំងពីរ លោកម៉ាក្រុង បានថ្លែងថា មេដឹកនាំថ្មីរបស់អ៊ុយក្រែន Volodymyr Zelenskiy អាចនឹងផ្តល់ឱកាសពិភាក្សាជាថ្មីស្តីអំពីជម្លោះរុស្ស៊ីជាមួយប្រទេសនេះ ។ លោកថា «ខ្ញុំគិតថា ឆន្ទៈរបស់លោក Zelenskiy, ការជ្រើសរើសរបស់គាត់ គឺកំពុងផ្លាស់ប្តូរល្បែងមួយនោះ» ។ ចំណែកលោក ពូទីន វិញ ក៏បានសម្តែងអំពីសុទិដ្ឋិនិយមលើកម្មវត្ថុនេះផងដែរ ។
មេដឹកនាំទាំងពីរបានបើកចំហរទ្វារ ឲ្យមានជំនួប៤ប្រទេសចូលរួម ក្នុងនោះ រួមមានអ៊ុយក្រែន, រុស្ស៊ី, បារាំង និងអាល្លឺម៉ង់ ហើយអាចនឹងធ្វើនៅសប្តាហ៍ឆាប់ៗខាងមុខនេះ ។
ជម្លោះភាគខាងកើតអ៊ុយក្រែន បានសម្លាប់មនុស្សជាង ១៣ ០០០នាក់ តាំងពីឆ្នាំ២០១៤ ។ កិច្ចព្រមព្រៀងឈប់បាញ់នៅទីក្រុង Minsk ឆ្នាំ២០១៥ ដែលបារាំង និងអាល្លឺម៉ងជាអាជ្ញាកណ្តាល បានជួយកាត់បន្ថយការប្រយុទ្ធគ្នា ប៉ុន្តែការប៉ះទង្គិចនៅតែមាន ហើយបញ្ហាជាប់គាំងនយោបាយក៏ដោះស្រាយមិនចេញដដែល ។ ក្នុងនោះផងដែរ មេដឹកនាំបារាំង និងរុស្ស៊ី ក៏បានយល់ព្រមជំរុញឲ្យស្ថានការថយចុះក្នុងជម្លោះរវាងអាមេរិក និងអ៊ីរ៉ង់ ៕