ព័ត៌មានទាន់ហេតុការណ៍៖

តារាចម្រៀងសិចស៊ីរតនៈ ពិសី លេចមុខក្នុងផលិតកម្មថ្មី

ចែករំលែក៖

ភ្នំពេញ៖ តារាចម្រៀង និងសម្តែងសិចស៊ី កញ្ញា រតនៈ ពិសី ដែលធ្លាប់ធ្វើឲ្យទស្សនិកជនចាប់អារម្មណ៍នេះ ស្រាប់តែលេចមុខក្នុងការចូលច្រៀងជាផ្លូវការឲ្យផលិតកម្មថ្មីមួយឈ្មោះ Top Music ដែលគេស្គាល់ថា ផលិតកម្មថ្មីមួយទៀតរបស់ផលិតកម្មថោននោះ ។

មិនធ្លាប់បង្ហើបពីបំណងចូលច្រៀងឲ្យផលិតកម្មណា ស្រាប់តែពេលនេះ តារាចម្រៀងរាងតូចច្រឡឹង រតនៈ ពិសី ត្រូវបានអ្នកនិពន្ធបទភ្លេងនៅផលិតកម្ម Top Music និងផលិតកម្មថោន(Town) បានប្រកាសស្វាគមន៍ជាសមាជិកថ្មីជាផ្លូវការហើយ ។ បន្ថែមពីការប្រកាស តារាចម្រៀងស្រីរូបនេះទទួលស្គាល់ថានាងទើបនឹងចុះកិច្ចសន្យាជាផ្លូវការជាមួយផលិតកម្មខាងលើពិតមែន ។ នាងបញ្ជាក់ថាជាកិត្តិយស និងការសប្បាយរីករាយដែលទទួលបានឱកាសធំមួយថ្មីបន្ថែមលើការងារសិល្បៈដែលរីកចម្រើនកន្លងមក ។

នាងបន្តថា កិច្ចសន្យារួមគ្នាជាមួយផលិតកម្មគឺមានរយៈពេលរហូតដល់៥ឆ្នាំ ។ នាងមិនទាន់បញ្ជាក់អំពីបទចម្រៀងថ្មីដែលត្រូវចេញយ៉ាងណានៅឡើយលើទ្រនុំថ្មីមួយនេះ ប៉ុន្តែនាងបង្ហើបថាមិនយូរទេបទចម្រៀងមួយចំនួនឹងត្រូវចេញទាំងបទមនោសញ្ចេតនា និងបទញាក់កន្ត្រាក់អារម្មណ៍ ។ នាងថាផលិតកម្មថ្មីបានផ្តល់ទំនុកចិត្ត និងភាពកក់ក្តៅច្រើន ពិសេសការសម្រិតសម្រាំងបទចម្រៀងថ្មីសម្រាប់បើកឆាក និងបន្តទៅមុខសម្រាប់បម្រើការកម្សាន្តរបស់អ្នកគាំទ្រ ។

ក្រៅពីការចូលច្រៀងក្នុងផលិតកម្មថ្មីតារាស្រីសិចស៊ី ដើមទ្រូងទ្រលុកទ្រលន់រូបនេះក៏នឹងចេញទៅច្រៀងរាំនៅលើទឹកដីនៃប្រទេសអូស្ត្រាលីផងដែរ ។ នាងរំពឹងថា ទាំងស្នាដៃថ្មីដែលនឹងលេចឡើងក្នុងពេលដ៏ខ្លីខាងមុខក្នុងផលិតកម្មថ្មី នឹងទទួលបានការគាំទ្រច្រើនពីទស្សនិកជន ហើយការចេញច្រៀងនៅប្រទេសអូស្ត្រាលីនៅពេលខាងមុខនេះនឹងទទួលបានជោគជ័យផងដែរ ៕ វឌ្ឍនា


ចែករំលែក៖