ព័ត៌មានទាន់ហេតុការណ៍៖

លួចដែកបានហើយ រត់មិនរួចពីនគរបាល ឃាត់ជាប់

ចែករំលែក៖

ភ្នំពេញ​៖​ កម្លាំងនគរបាលបានចុះល្បាតពួនស្ទាក់ ក្នុងមូលដ្ឋានប្រទះឃើញជនសង្ស័យកំពុងអូសរទះដែកឃាត់សួនាំទើបដឹងថា ជាមុខសញ្ញាលួចដែកយ៉ាងសកម្ម ។

ការឃាត់នេះ បានធ្វើឡើងកាលពីវេលាម៉ោង3និង30នាទី ថ្ងៃទី 21 ខែសីហា ឆ្នាំ 2019 នៅចំណុចផ្ទះកំពុងសាងសង់ថ្មី ស្ថិតនៅភូមិកាកាប សង្កាត់កាកាបទី2 ខណ្ឌពោធិ៍សែនជ័យ ។

ជនសង្ស័យមានឈ្មោះ ពេជ្រ ណារិទ្ធ ភេទប្រុស អាយុ 21 ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅមិនពិតប្រាកដ (ប្រើប្រាស់សារធាតុញៀន) ឃាត់ខ្លួនថ្ងៃទី 21 ខែសីហា ឆ្នាំ 2019 វេលាម៉ោង7និង30នាទី) ទី 2 ឈ្មោះពៅ ភេទប្រុសអាយុប្រហែល35 ឆ្នាំមុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រៃសាលាសង្កាត់កាកាបទី2 ខណ្ឌពោធិ៍សែនជ័យ (គេចខ្លួនបាត់)

ជនរងគ្រោះមានឈ្មោះ ម៉ក់ ណាក់ ភេទប្រុស អាយុ 52 ឆ្នាំ មុខរបរជាងដែក មានទីលំនៅភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។

សម្ភារដកហូតមាន៖ រទេះអូសអេតចាយចំនួន១ ជារបស់ជនសង្ស័យ ។ ដែកជ្រុងផ្សារួចជាផ្ទាំងចំនួន 3 ផ្ទាំងប្រវែង 6ម៉ែត្រ ជារបស់ជនរងគ្រោះ និងបានប្រគល់ជូនជនរងគ្រោះវិញ ។

សមត្ថកិច្ចបានឲ្យដឹងថា​ មុនពេលកើតហេតុកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាបទី២ បានចេញល្បាតដើម្បីបង្កា និងទប់ស្កាត់បទល្មើសក្នុងមូលដ្ឋានដូចសព្វដង លុះពេលល្បាតដល់ចំណុចផ្លូវបេតុង ភូមិកាកាប សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ វេលាម៉ោង០៣និង៣០នាទីថ្ងៃដដែល ក៏បានឃើញជនសង្ស័យចំនួន០២នាក់កំពុងអូសរទេះអេតចាយដឹកដែកទីបជ្រុងដែលគេផ្សាជាផ្ទាំងរួចស្រេចចំនួន០៣ផ្ទាំង គ្រាន់តែឃើញសមត្ថកិច្ចយើងភ្លាមជនសង្ស័យឈ្មោះពៅក៏បានរត់គេចខ្លួនបាត់ ដោយឡែកជនសង្ស័យឈ្មោះ ពេជ្រ ណារិទ្ធ ត្រូវសមត្ថកិច្ចឃាត់សួរនាំ និងនាំមកប៉ុស្តិ៍ដើម្បីសាកសួរបន្ត ។ ក្រោយពីសាកសួររួចជនសង្ស័យបានឆ្លើយសារភាពថាខ្លួន និងបក្សពួកម្នាក់ទៀតឈ្មោះពៅពិតជាបានធ្វើសកម្មភាពលួចដែកទីបរបស់គេពិតប្រាកដមែន ហើយកន្លងមកខ្លួនក៏ធ្លាប់ធ្វើសកម្មភាពលួចយកដែករបស់ប្រជាពលរដ្ឋដែលទុកចោលមុខផ្ទះជាច្រើនដងមកហើយ ។

បច្ចុប្បន្នជនសង្ស័យឈ្មោះ ពេជ្រ ណារិទ្ធ ត្រូវបានបញ្ជូនទៅផ្នែកជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋានខណ្ឌដើម្បីបន្តនីតិវិធី ។

បច្ចុប្បន្នជនសង្ស័យបានបញ្ជូនមកកាន់អធិការដ្ឋាន នគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីសួរនាំ និងឃុំខ្លួនជាបណ្តោះអាសន្ន រង់ចាំឡើងតុលារការចាត់ការតាមនីតិវិធី ៕ សុខាសែនជ័យ​


ចែករំលែក៖