ព័ត៌មានទាន់ហេតុការណ៍៖

ចិនព្រមានពីលទ្ធផលអាក្រក់ ក្រោយអាមេរិកសម្រេចលក់យន្តហោះចម្បាំង ឲ្យតៃវ៉ាន់ ដើម្បីប្រឆាំងទីក្រុងប៉េកាំង

ចែករំលែក៖

ការសម្រេចលក់ អាវុធទៅឲ្យកោះតៃវ៉ាន់ ក្នុងនោះមានយន្តហោះចម្បាំង F-16 រហូតដល់​៦៦គ្រឿង ​មិនខ្វល់ពីការព្រមានរបស់ចិន បានធ្វើឲ្យចិនខឹងសម្បាយ៉ាងខ្លាំង ។ ក្រសួងការបរទេសអាមេរិក បានអនុម័តជាផ្លូវការហើយលើការលក់យន្ដហោះចម្បាំង F-16 ចំនួន៦៦គ្រឿង ឲ្យកោះតៃវ៉ាន់ បើទោះជាមានការព្រមានពីចិនក៏ដោយ ។

យោងតាមក្រសួងការបរទេសអាមេរិក តៃវ៉ាន់នឹងទទួលបានយន្ដហោះចម្បាំង F-16 ជំនាន់ចុងក្រោយ ៦៦គ្រឿង ក្នុងតម្លៃជាង៨ពាន់លានដុល្លារ ពីក្រុមហ៊ុនផលិតអាវុធអាមេរិក Lockheed Martin ។ ប៉ុន្តែ ក្រសួងមួយនេះមិនបានបញ្ជាក់លម្អិតពីកាលបរិច្ឆេទប្រគល់នោះទេ ខណៈចិនព្រមានថាការលក់ យន្ដហោះចម្បាំង ឬអាវុធឲ្យកោះតៃវ៉ាន់ គឺជាទង្វើរំលោភបំពានយ៉ាងធ្ងន់ធ្ងរដល់កិច្ចការផ្ទៃក្នុងរបស់ ចិន ពីព្រោះតៃវ៉ាន់ គ្រាន់តែខេត្តមួយរបស់ចិនប៉ុណ្ណោះ ។

គួរបញ្ជាក់ថា យោធាតៃវ៉ាន់ សង្ឃឹមយ៉ាងមុតមាំថា យន្ដហោះចម្បាំង F-16 នឺងជួយពង្រឹងសមត្ថភាព ការពារជាតិ ជាពិសេសគឺដែនអាកាស ទប់ទល់នឹងការគំរាមកំហែង ឬការវាយប្រហារណាមួយ ពីសំណាក់យោធាចិន ដែលតែងតែព្រមានជារឿយពីការប្រើប្រាស់កម្លាំងយោធាវាយចូលកោះតៃវ៉ាន់ ។

យោងតាមប្រភពព័ត៌មាន Sputnik ចុះផ្សាយ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ បាន​បញ្ជាក់ថា ភ្នាក់ងារ​សហប្រតិបត្តិការសន្តិសុខការពារជាតិ​អាមេរិក ​បានចេញសេចក្ដីថ្លែងការណ៍មួយថា សហរដ្ឋអាមេរិក ​បានសម្រេចយល់ព្រមលក់​អាវុធ​ និងយន្តហោះចម្បាំង​ F-16C/D Block 70 ទៅឲ្យកោះតៃវ៉ាន់ ​ក្នុងទំហំទឹកប្រាក់​៨ពាន់លានដុល្លារអាមេរិក ។

សេចក្តីថ្លែងការណ៍​នេះ បានចេញផ្សាយ ​កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ ម្សិលមិញថា ក្រសួងការពារជាតិ​ បានសម្រេច​យល់ព្រម​លក់​​យន្តហោះចម្បាំង F-16C/D Block 70 ​ ព្រមទាំងគ្រឿងបរិក្ខា​របស់​វា ឲ្យ​ទៅតៃវ៉ាន់ TECRO (ការិយាល័យតំណាងវប្បធម៌​ និងសេដ្ឋកិច្ចតៃប៉ិ) ក្នុងតម្លៃ​៨ពាន់លានដុល្លារអាមេរិក ។

ភ្នាក់ងារសហប្រតិបត្តិការ​សន្តិសុខការការពារជាតិ​ បានផ្តល់ជូនដំណឹងនេះ​ដល់​សភា​អាមេរិករួចហើយ អំពីការដែលអាចលក់អាវុធទាំងនោះ​ ។

យោងតាមសេចក្តីថ្លែងការណ៍ដដែល បាន​បញ្ជាក់ទៀតថា ការលក់អាវុធនេះ ជួយដល់ផលប្រយោជន៍ជាតិ, សេដ្ឋកិច្ច និងសន្តិសុខ​របស់សហរដ្ឋអាមេរិក ដែលតែងតែគាំទ្រដល់​កិច្ចខិតខំប្រឹងប្រែង​របស់តៃវ៉ាន់ ក្នុងការធ្វើទំនើបកម្ម​យោធារបស់ខ្លួន និងរក្សានូវសមត្ថភាព​ការពារគួរឲ្យ​ទុកចិត្តបាន ។

ភ្នាក់ងារ​សហប្រតិបត្តិការ​សន្តិសុខ ការពារជាតិ​ ក៏បានថ្លែងផងដែរថា គម្រោង​លក់អាវុធនោះ នឹងជួយ​ឲ្យមានស្ថិរភាពនយោបាយ, តុល្យភាព​យោធា និងសេដ្ឋកិច្ចរីកចម្រើន នៅក្នុងតំបន់ ។

ទោះជាយ៉ាងណា អ្នកតំណាងរាស្ត្រអាមេរិក​​ខ្លះ បានរិះគន់​រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ ដែលពន្យារពេល​បោះឆ្នោត​ ដើម្បីចៀសវាង​ការបង្កមហន្តរាយ​​ដល់កិច្ចពិភាក្សា​​ពាណិជ្ជកម្ម​ រវាងអាមេរិក និងចិន ៕


ចែករំលែក៖