ព័ត៌មានទាន់ហេតុការណ៍៖

ទំនាស់ពាក្យសំដីតិចតួចនៅកន្លែងធ្វើការ លើកគ្នាមកព្រួតវាយយុវជន២នាក់របួស ប្តឹងសមត្ថកិច្ចឃាត់ខ្លួនបានម្នាក់

ចែករំលែក៖

ភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌសែនសុខ បានឃាត់ខ្លួនជនដៃដល់ម្នាក់ ក្នុងចំណោមបក្ខពួក៤នាក់ បន្ទាប់ពីធ្វើសកម្មភាពព្រួតវាយយុវជន២នាក់ដែលធ្វើការជាមួយគ្នា បណ្ដាលឲ្យរបួសផ្តើមចេញពីរឿងទំនាស់ពាក្យសំដីតិចតួចនៅកន្លែងធ្វើការ ។ ចំណែកបក្ខពួក៣នាក់ទៀតរត់គេចខ្លួនបាត់ ។

ការចាប់ខ្លួនជនសង្ស័យខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង២រំលង អធ្រាត្រឈានចូលថ្ងៃពុធ ៦រោច ខែស្រាពណ៌ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។

យោងតាមមន្ត្រីនគរបាលរដ្ឋបាលប៉ុស្តិ៍អូរបែកក្អម បានឲ្យដឹងថា ជនសង្ស័យឈ្មោះ អៀន ភារម្យ ហៅខ្មៅ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរកម្មកររោងចក្រប៉ាក់អាវ ស្នាក់នៅភូមិ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រួមទាំងបក្ខពួក៣នាក់ទៀតកំពុងរត់គេចខ្លួន ។ ចំណែកជនរងគ្រោះចំនួន២នាក់ ទី១;ឈ្មោះ វ៉ាត រាត្រី ហៅហ៊ុយ ភេទប្រុស អាយុ១៩ឆ្នាំ និងទី២; ឈ្មោះ ឡាវ ណាវីត ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មកររោងចក្រប៉ាក់អាវ ជាមួយជនដៃដល់ ។

យោងតាមការបំភ្លឺពីជនរងគ្រោះឈ្មោះ វ៉ាត រាត្រី ហៅហ៊ុយ បានប្រាប់សមត្ថកិច្ចថា នៅមុនពេលកើតហេតុ គាត់បានកំពុងធ្វើការនៅក្នុងរោងចក្រ ក៏មានទំនាស់ពាក្យសំដីគ្នាតិចតួចជាមួយឈ្មោះ ទូច ភេទប្រុសអាយុប្រហែល២១ឆ្នាំ រួចក៏ស្ងប់ស្ងាត់ទៅវិញដោយធ្វើការរៀងៗខ្លួន ។

ជនរងគ្រោះបន្តថា លុះពេលចប់ម៉ោងធ្វើការចេញមកផ្ទះវិញ ក៏ស្រាប់តែឈ្មោះ ទូច បាននាំបក្ខពួកមកចំនួន៣នាក់ផ្សេងទៀត មាន ៖ ១.ឈ្មោះ អៀម ភារម្យ កាន់ដែកបំពង់ទីបមូល ,២.ឈ្មោះ អេ ,៣.ឈ្មោះ ជ័យ បានមកវាយតប់គាត់ នៅតាមផ្លូវ ខណៈនោះឈ្មោះ ឡាវ ណាវីត បានមកជួយឃាត់ពួកគេកុំឲ្យឈ្លោះគ្នា ក៏ត្រូវឈ្មោះ អៀម ភារម្យ ហៅខ្មៅ កាន់ដែកបំពង់ទីបមកវាយសំពងចំក្បាល បណ្ដាលឲ្យរបួសដេរ៩ថ្មើរ ឯខ្លួនគាត់(វ៉ាត រាត្រី) របួស២កន្លែង ដេរ៦ថ្នេរ ចំណែកជនបង្កបាននាំគ្នារត់គេចខ្លួនអស់ ។

ប្រភពដដែលបន្តទៀតថា រហូតព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ រូបគេបានមកដាក់បណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អម ដើម្បីឲ្យជួយធ្វើអន្តរាគមន៍ចាត់ការតាមច្បាប់ ។ លុះដល់វេលាម៉ោង២រំលងអធ្រាត្រឈានចូល ថ្ងៃទី២១ ខែសីហានេះ រូបគេក៏ប្រទះឃើញជនសង្ស័យឈ្មោះ អៀម ភារម្យ កំពុងឈរនៅមុខរោងចក្រកន្លែងធ្វើការ ជនរងគ្រោះក៏ទូរស័ព្ទហៅនគរបាលមូលដ្ឋានចុះមកឃាត់ខ្លួនតែម្តង ។

ក្រោយឃាត់ខ្លួនជនសង្ស័យឈ្មោះ អៀម ភារម្យ បានសារភាពថា ខ្លួនពិតជាបានចូលរួមវាយតប់ក្នុងរឿងទំនាស់នេះមែន ហើយបានប្រាប់ថា បក្ខពួករបស់គាត់៣នាក់ ផ្សេងទៀតមាន ឈ្មោះ ទូច ឈ្មោះ អេ និង ឈ្មោះ ជ័យ មានទីលំនៅផ្ទះជួលក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

បច្ចុប្បន្ន សមត្ថកិច្ចបានបញ្ជូនខ្លួនជនសង្ស័យទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីកសាងសុំណុំរឿងចាត់ការតាមច្បាប់ ៕ចន្ទ លីហ្សា


ចែករំលែក៖