ព័ត៌មានទាន់ហេតុការណ៍៖

យុវជនម្នាក់ ទទួលភាពស្អាតស្អំវិញ ក្រោយសមត្ថកិច្ចរកឃើញភស្តុតាងថាមិនជាចោរឆក់កាបូប នៅខណ្ឌ៧មករា

ចែករំលែក៖

ភ្នំពេញ៖ ក្រុមគ្រួសារសាច់ញ្ញាតិយុវជនម្នាក់ ដោយសារតែកូនបានរងនូវភាពអយុត្តិធម៌ ក៏បានព្យាយាមយកភស្តុតាងវីដេអូកាមេរាសុវត្ថិភាព ជូនដល់សមត្ថកិច្ច និងតុលាការ ខណៈដែលយុវជនម្នាក់ ឈ្មោះ ប៊ាន ឆៃយ៉ា ជិះម៉ូតូម៉ាក ស្កុបពីពណ៌ស គ្មានស្លាកលេខ ត្រូវបានស្រ្តីម្នាក់ឈ្មោះ ថាយ យ៉ុង ចោទប្រកាន់ថា ជាជនសង្ស័យឆក់ខ្សែករបស់គាត់ កាលពីថ្ងែទី៤ ខែសីហា ឆ្នាំ២០១៩កន្លងទៅ ពេលនេះត្រូវបានដឹងការពិតហើយ ដោយខាងតុលាការត្រួតពិនិត្យ និងសួរនាំទៅលើយុវជនរូបនោះ ហើយរូបគេក៏បានបដិសេដ្ឋថា ខ្លួនមិនបានឆក់ខ្សែកររបស់ស្រ្តីម្នាក់នោះទេ លុះនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ ទើបមានការដោះលែងឲ្យមានសេរីភាពវិញ ក្រោយឃុំខ្លួនអស់រយះពេលជាង១០ថ្ងៃ នៅមណ្ឌលកែប្រែម១ ។

យោងតាមប្រភពព័ត៍មានពីមន្រ្តីសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា បន្ទាប់ពីតុលាការបានពិនិត្យមើលតាមកាមេរ៉ាសុវត្ថិភាព ហើយសួរនាំទៅលើយុវជនរូបនោះនិងធ្វើការវិនិឆ័យថា ជននេះមិនបានធ្វើសកម្មភាពឆក់ខ្សែក ដូចអ្វីដែលស្រី្តខាងលើ ចោទប្រកាន់នោះឡើយ ពោលគឺជនសង្ស័យ ដែលឆក់ខ្សែករបស់ជនរងគ្រោះនោះ ជិះម៉ូតូស្កុបពី ពណ៌ខ្មៅ មានស្លាកលេខ មិនមែនជាយុវជនឈ្មោះ ប៊ាន ឆៃយ៉ា ព្រោះរូបគេជិះម៉ូតូស្កុបពី ពណ៌ស គ្មានស្លាកលេខ ។

សូមបញ្ជាក់ថា កាលនៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង៨និង០៧នាទីព្រឹក សមត្ថកិច្ចឃាត់ខ្លួនយុវជនឈ្មោះ ប៊ាន ឆៃយ៉ា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរជំនួយការជាងថតរូប ស្នាក់នៅផ្ទះអត់ស្គាល់លេខ ផ្លូវ ២០០៤ សង្កត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ត្រូវបានសមត្ថកច្ចឃាត់ខ្លួននៅចំណុចសួនមនោរម្យផ្លូវសហពន្ធរុស្ស៊ី ភូមិ២ សង្កាត់មនោរម្យ ខណ្ឌ៧មករា ។ បន្ទាប់ពីជនរងគ្រោះឈ្មោះ ថាយ យ៉ុម ភេទស្រី អាយុ៣៤ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវលំ ភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បានចោទប្រកាន់ថាជាចោរឆក់ខ្សែករបស់គាត់ ។

ក្នុងហេតុការណ៍សមត្ថកិច្ចឃាត់ខ្លួនយុវជនខាងលើនេះកម្លាំងជំនាញ បានដកហូតម៉ូតូ១គ្រឿងម៉ាក ស្កុបពីពណ៌ស គ្មានស្លាកលេខ អាវពណ៌ស ដៃវែង១ និងកាបូបស្ពាយ១ ទូរស័ព្ទ១គ្រឿង ម៉ាកអាយហ្វូនសេវែនផ្លាស ពណ៌ខ្មៅ លេខ .069677790ជារបស់យុវជនរងគ្រោះ ។ ដោយឡែក ខ្សែកមាសទំងន់៥ជី ត្រូវជនសង្ស័យផ្សេងទៀតដែលជិះម៉ូតូមួយគ្រឿងម៉ាកហុដាស្កុបពី ពណ៌ខ្មៅ មានស្លាកលេខ យកទៅបាត់ដោយសុវត្ថិភាព ៕ ស រស្មី


ចែករំលែក៖