ខេត្តកណ្ដាល៖ បុរសជាអ្នកបើកអ៊ិចស្កាវិទ័រម្នាក់ ខណៈបើកបរអ៊ិចស្កាវិចទ័រឡើងលើរថយន្ដដឹកគ្រឿងចក្រ ស្រាប់តែក្បាលរថយន្ដដឹកគ្រឿងចក្រនោះ បាស់មុខផុតពីដី បណ្ដាលឲ្យអ៊ិចស្កាវិចទ័រក្រឡាប់ធ្លាក់ចូលក្នុងប្រឡាយទឹកផ្ងារជើងសង្កត់បុរសជាតៃកុងស្លាប់យ៉ាងអណោចអធ័ម នៅវេលាម៉ោង១០និង០៥នាទី ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩ ត្រង់ចំណុចប្រឡាយព្រែកបាក់ ស្ថិតក្នុងភូមិព្រែកបាក់ ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្ដាល ។
មន្រ្ដីនគរបាលចរាចរណ៍ស្រុកលើកដែកបានឲ្យដឹងថា ជនរងគ្រោះស្លាប់ឈ្មោះ កុំ ណារ៉ូ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ បើកបរអ៊ិចស្កាវិចទ័រ មានទីលំនៅភូមិព្រែកតូច ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្ដាល ។ ចំណែកម្ចាស់អ៊ិចស្កាវិចទ័រឈ្មោះ អ៊ុក ទឹង ភេទប្រុសអាយុ៣០ឆ្នាំ មានទីលំនៅភូមិកំពង់ចម្លង ឃុំព្រែកទន្លាប់ ស្រុកលើកដែក ។
ប្រភពដដែលបន្ដថា នៅថ្ងៃកើតហេតុ បន្ទាប់ពីផ្អាកការកាយដីរួចរាល់ហើយ ម្ចាស់អ៊ិចស្កាវិចទ័រ ក៏បានឲ្យរថយន្ដដឹកគ្រឿងចក្រនោះ ទៅដឹកអ៊ិចស្កាវិចទ័រ យកមកទុកវិញ ហើយរថយន្ដដឹកគ្រឿងចក្រនោះ ក៏ចេញទៅដឹកអ៊ិចស្កាវិចទ័រ ខណៈមកដល់ចំណុចកើតហេតុ អ្នកបើកបររថយន្ដដឹក ក៏រៀបចំឲ្យអ៊ិចស្កាវិចទ័រឡើង បន្ទាប់មក ជនរងគ្រោះក៏បានបើកអ៊ិចស្កាវិចទ័រនោះ ឡើងលើរថយន្ដ ខណៈឡើងបានបន្ដិច ស្រាប់តែរថយន្ដដឹកគ្រឿងចក្រនោះបានហើបកង់មុខផុតដី បាស់ក្បាលឡើងលើ ធ្វើឲ្យអ៊ិចស្កាវិចទ័រ ក្រឡាប់ធ្លាក់ចូលក្នុងឡាយទឹក ផ្ងារជើងឡើងលើ បណ្ដាលឲ្យសង្កត់តៃកង់ជាអ្នកបើកអ៊ិចស្កាវិចទ័រនោះ ស្លាប់បាត់បង់ជីវិតតែម្ដង ។
ក្រោយពីមានហេតុការណ៍កើតឡើង សមត្ថកិច្ចនគរបាលជំនាញ បានចុះទៅកន្លែងកើតហេតុ រួចធ្វើការពិនិត្យ យកអ៊ិចស្កាវិចទ័រ និងរថយន្ដដឹកគ្រឿងចក្រ យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។ ចំណែកសាកសពជនរងគ្រោះត្រូវបានសត្ថកិច្ចប្រគល់ទៅឲ្យគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។
ករណីនេះ សមត្ថកិច្ចជំនាញបញ្ជាក់ថា គឺបណ្ដាលមកពីអ្នកបើកបរ អ៊ិចស្កាវិចទ័រ បើកឡើងលើរថយន្ដដឹកគ្រឿងចក្រ មានការធ្វេសប្រហែស មិនប្រយ័ត្ន ទើបបណ្ដាលឲ្យកើតមានគ្រោះថ្នាក់បែបនេះ ៕ស្អាងជ័យ