ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់ពីរ និងរបួសធ្ងន់ម្នាក់ ម៉ូតូបុករថយន្តនៅក្រុងបាវិត

ចែករំលែក៖

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់មនុស្ស២នាក់បានស្លាប់ ម្នាក់ទៀតរងរបួសធ្ងន់ ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍ គួរឲ្យរន្ធត់រវាងម៉ូតូធំបុកគ្នាជាមួយ រថយន្តដឹកដី ដែលធ្វើដំណើរបញ្ច្រាសទិសគ្នាកាលពីវេលាម៉ោង១១និង៤០នាទីព្រឹក ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ នៅលើផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិជ្រៃធំ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង។

យោងតាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានឲ្យដឹងថា អ្នកបើកបរម៉ូតូមានឈ្មោះ ស៊ុំ ប៊ី អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងសំណង់ រស់នៅភូមិក្រសាំង ឃុំធ្មា ស្រុករំដួល ខេត្តស្វាយរៀង រងរបួសធ្ងន់ ។

ចំណែកអ្នករួមដំណើរ២នាក់ដែលស្លាប់មាន ឈ្មោះ ទេព ធា ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ ធ្វើស្រែ មានទីលំនៅភូមិក្រសាំង ឃុំធ្មា ស្រុករំដួល ខេត្តស្វាយរៀង និងឈ្មោះ ស៊ុំ សុប៉ាវ ភេទប្រុស អាយុ០៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស មានទីលំនៅភូមិច្រកឫស្សី សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង។

ប្រភពបន្តថា នៅមុនពេលកើតហេតុ គេឃើញមានម៉ូតូធំមួយគ្រឿងម៉ាក Honda AX1 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1BC -8763 ជិះគ្នា៣នាក់ធ្វើដំណើរពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើ បានជែងរថយន្តកុងទីន័រមួយគ្រឿង ដែលធ្វើដំណើរស្របទិសគ្នា ជ្រុលទៅបុករថយន្តដឹកជីមួយគ្រឿង ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3B-3439 បើកបរដោយបុរសម្នាក់ដោយមិនស្គាល់អត្តសញ្ញាណ ដែលធ្វើដំណើរបញ្ច្រាសទិសគ្នា បណ្តាលឲ្យមានមនុស្សពីរនាក់ស្លាប់ភ្លាមៗនៅកន្លែង និងម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានសមត្ថកិច្ចហៅរថយន្តសង្គ្រោះបន្ទាន់ ដឹកយកទៅកាន់មន្ទីរពេទ្យខេត្តស្វាយរៀង។

សាកសពទាំងពីរត្រូវបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកជនរងគ្រោះម្នាក់ទៀត កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្វាយរៀង។

ដោយឡែក រថយន្ត និងម៉ូតូត្រូវបាន សមត្ថកិច្ចធ្វើការវាស់វែង និងអូសយកទៅរក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលព្រៃអង្គុញ ដើម្បីបំពេញសំណុំរឿងតាមច្បាប់ ៕ យឹម សុថាន


ចែករំលែក៖