នៅក្នុងវិស័យពាណិជ្ជកម្ម ទាំងអាមេរិក និងចិនបានប្រាស្រ័យទាក់ទងគ្នាយ៉ាងខ្លាំង ហើយគ្រាន់តែ ការប្រឈមមុខដាក់គ្នា រវាងរដ្ឋាភិបាលប្រទេសទាំងពីរ ធ្វើឲ្យពលរដ្ឋ អាមេរិក ក៏ដូចជាចិន រងផលប៉ះពាល់យ៉ាងខ្លាំង ។ ជាកស្តែងកសិករអាមេរិកត្រូវបាត់បង់ទីផ្សារ ដោយផលិតផលិតផលកសិកម្មរបស់ខ្លួន មិនអាចនាំចេញទៅកាន់ប្រទេសចិននោះឡើយ ។
ចំពោះអ្នករកស៊ីវិញ ពិតជាមិនចង់ឲ្យមានសង្គ្រាមពាណិជ្ជកម្មកើតឡើងនោះឡើយ ។ ក្រុមអ្នកនិយោគអាមេរិក នៅតែចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើទីផ្សារ នៅក្នុងប្រទេសចិន ព្រោះវាមានសក្តានុពលជាងទីផ្សារនានា នៅលើពិភពលោក ដោយសារចិនមានប្រជាពលរដ្ឋច្រើន ។
កន្លងមក ក្រុមហ៊ុនអាមេរិករាប់រយក្រុមហ៊ុន បានដាក់លិខិតផ្ញើទៅកាន់ប្រធានាធិបតី ដូណាល់ ត្រាំ ស្នើសុំបញ្ចប់សង្គ្រាមពាណិជ្ជកម្ម រវាងប្រទេសទាំង២ ព្រោះវាបានជះឥទ្ធិពលដ៏អាក្រក់ដល់ការវិនិយោគ និងរកស៊ីរបស់ក្រុមហ៊ុនអាមេរិក និងចិន ។
ទោះជាយ៉ាងណាក្តី ទាំងពលរដ្ឋអាមេរិក និងពលរដ្ឋចិន នៅតែបន្តគាំទ្រគ្នាទៅវិញទៅមក នៅក្នុងវិស័យពាណិជ្ជកម្ម និងទីផ្សារ ។ នៅពេលនេះ ក្រុមហ៊ុនផ្សាទំនើបអាមេរិក Costco ដែលបានសម្រេចបើក នៅក្នុងទីក្រុងសៀងហៃ ប្រទេសចិន ទទួលបានការគាំទ្រយ៉ាងខ្លាំង ពីប្រជាពលរដ្ឋចិន ។ គ្រាន់តែបើកសម្ពោធ និងផ្សាយភ្លាម មានមនុស្សតម្រង់ជួរគ្នា ចូលទៅទិញអីវ៉ាន់ នៅក្នុង ។ រូបភាពដែលបានបង្ហោះតាមបណ្តាញសង្គមបង្ហាញឲ្យឃើញថា ពលរដ្ឋ ជាច្រើនប្រជ្រៀតគ្នាចូលផ្សារ ។
ដោយសារតែមនុស្សច្រើនពេក លើសពីគម្រោង ទើបគណៈគ្រប់គ្រងផ្សារ បានដាក់ពង្រាយសន្តិសុខជាច្រើនបន្ថែមទៀត ដើម្បីការពារ និងរៀបចំសណ្តាប់ធ្នាប់ចរាចរណ៍ ។ ក្រៅពីនេះ ក៏មានព័ត៌មានបង្ហោះតាមហ្វេសប៊ុកថា គ្រាន់តែស្ទះរថយន្ត និងរកកន្លែងចតរថយន្ត ត្រូវចំណាយពេល រហូតដល់ទៅ៣ម៉ោងថែមទៀតផង ។
ផ្សារទំនើប Costco នៅទីក្រុងសៀងហៃ គឺជាជំហានដំបូង ហើយវានិងអាចមានផ្រសាទំនើបរបស់អាមេរិកជាច្រើនទៀត កើតឡើងនៅក្នុងប្រទេសចិន ក៏ដូចជា ផ្សារទំនើបរបស់ចិនជាច្រើន នៅលើទឹកដីអាមេរិកផងដែរ បើទោះជារដ្ឋាភិបាល នៃប្រទេសទំាងពីរ ប្រឈមនិងសង្គ្រាមពាណិជ្ជកម្មក្ដី ។
នៅក្នុងបញ្ហាពាក់ព័ន្ធសង្គ្រាមពាណិជ្ជកម្ម អ្នកជំនាញ បានលើកឡើងថា ការដំឡើងពន្ធលើផលិតផលប្រទេសចិនដោយរដ្ឋាភិបាលសហរដ្ឋអាមេរិកថ្មីៗនេះ និងនិងធ្វើឱ្យសង្គមអាមេរិក ប្រឈមនិងហានិភ័យជាខ្លាំង ជាពិសេសគឺកុមារ ។
ការឡើងថ្លៃនៃផលិតផលទារកដែលនាំចូលពីប្រទេសចិន ដោយសារតែរដ្ឋាភិបាលអាមេរិក និងធ្វើឲ្យអាណាព្យាបាលអាមេរិកមួយចំនួន ជាពិសេសពួកអ្នកដែលមានប្រាក់ចំណូលទាប ពុំមានលទ្ធភាពផ្គត់ផ្គង់គ្រែគេងសមរម្យដល់កូនៗពួកគេ ដែលនេះមានន័យថា ធ្វើឲ្យកុមារស្ថិតក្នុងស្ថានភាពគ្រោះថា្នក់ ។
លោក Joseph Chami ដែលជាអ្នកមានបទពិសោធន៍ច្រើនទសវត្សក្នុងវិស័យឧស្សាហកម្ម បាននិយាយថា ការដែលតម្លៃផលិតផលទារកឡើងខ្ពស់ ដោយសារតែការដំឡើងពន្ធ និងអាចបង្កឲ្យមានអត្រាស្លាប់របស់ទារក កើនឡើងកាន់តែច្រើន ។
ចំណែកឯ លោក Shami ដែលជាប្រធានក្រុមហ៊ុន Delta Kids ដែលជាក្រុមហ៊ុនមួយ ឈានមុខគេនៅក្នុងវិស័យនេះ បាននិយាយប្រាប់ទីភ្នាក់ងារសារព័ត៌មាន ស៊ីនហួរ ថា៖ «ជិត៨០ភាគរយនៃបណ្តាញផលិតផលរបស់យើងគឺមកពីប្រទេសចិន» ហើយលោកបានបញ្ជាក់ថា បច្ចុប្បន្នក្រុមហ៊ុនរបស់លោក លក់គ្រែ និងពូកគេងសម្រាប់កុមារជាង ៥០ភាគរយ ក្នុងចំណោមផលិតផលផ្សេងទៀត នៅក្នុងទីផ្សារសហរដ្ឋអាមេរិក ជាពិសេសដល់ក្រុមគ្រួសារដែលមានកម្រិតជីវភាពមធ្យម ។
លោក Shami បានពន្យល់ថា ផលិតផលគ្រឿងសង្ហារឹមកុមារជាច្រើន និងត្រូវរងផលប៉ះពាល់ពីការដំឡើងពន្ធបន្ថែម២៥ភាគរយ ដោយប្រជាជនអាមេរិក និងត្រូវការចំណាយបន្ថែមទៀត ដើម្បីទិញប្រដាប់ក្មេងលេង កៅអី រថយន្តជ័រ និងផលិតផលដទៃទៀត ដែលចំបាច់សម្រាប់សុវត្ថិភាពកុមារ ។
ដូច្នេះហើយ ក្រុមអ្នកជំនាញមើលឃើញថា វាបានធ្វើឲ្យទារក និងកុមារនៃគ្រួសារដែលមានជីវភាពមិនសូវធូរធារ ប្រឈមមុខនិងហានិភ័យជាខ្លាំង ដោយពេលខ្លះ អាណាព្យាបាលទាំងនោះ បានដាក់កូនៗពួកឲ្យគេងគ្រែជាមួយពួកគេ ឬក៏ប្រើប្រាស់គ្រែដែលគុណភាពអន់ ដែលអាចធ្វើឲ្យប៉ះពាល់ជាខ្លាំងដល់ដំណេកកុមារ ។
គួរជម្រាបថា បើយោងតាមការសិក្សាស្រាវជ្រាវមួយ បានបង្ហាញថា ប្រសិនបើកុមារចែករំលែកគ្រែជាមួយឪពុកម្តាយ ពួកគេ និងប្រឈមមុខនិងហានិភ័យជាច្រើន រួមទាំងការថប់ដង្ហើម គេងមិនគ្រប់ គេងមិនស្កប់ស្កល់ និងលទ្ធភាពធ្ងន់ធ្ងរផ្សេងទៀត ខណៈមានកុមារចំនួន៣,៧០០នាក់បានស្លាប់ជារៀងរាល់ឆ្នាំ នៅសហរដ្ឋអាមេរិកដោយសារមូលហេតុទាក់ទងនឹងការគេង៕