ខេត្តបន្ទាយមានជ័យ៖ មនុស្សចំនួន៣នាក់បានស្លាប់ និង៣នាក់ទៀតរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ៣ករណីផ្សេងៗពីគ្នា ក្នុងយប់ថ្ងៃតែមួយ ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៩ នៅលើស្រុកចំនួន២ គឺស្រុកមង្គលបូរីមាន២ករណី និង១ករណីទៀតនៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។
ប្រភពព័ត៌មានពីនគរបាលស្រុកមង្គលបូរី បានឲ្យដឹងថា៖នៅ ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង៦ និង៥០យប់ មានគ្រោះថ្នាក់ចរាចរណ៍១ ករណីកើតឡើងនៅលើផ្លូវ ជាតិលេខ១៥៩c ត្រង់ចំណុចមុខមណ្ឌលសុខភាពសឿ ក្នុងភូមិបុស្សឡោក ឃុំសឿ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យរវាង ម៉ូតូ បុក រថយន្ត ពីក្រោយ បណ្តាលឲ្យអ្នកបើកបរម៉ូតូម្នាក់ស្លាប់ ។ ជនរងគ្រោះឈ្មោះ សំ សាវិន ភេទ ប្រុស ៥២ ឆ្នាំ នៅភូមិភ្នំតូចត្បូង ឃុំភ្នំតូច ស្រុកមង្គលបូរី បើកបរម៉ូតូម៉ាក់ ហុងដាឌ្រីមី ផលិតឆ្នាំ២០០៩ ពណ៌ខ្មៅ ពាក់ស្លាក់លេខ បាត់ដំបង 1D 8003 ។
នៅមុនពេលកើតហេតុជនរងគ្រោះបានបើកបរម៉ូតូធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ១៥៩c ក្នុងទិសដៅមកពីត្បូងទៅជើង បើកបរក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើ ក៏បុករថយន្តមួយគ្រឿងម៉ាក់ FUSO ពណ៌ ខៀវ ពាក់ផ្លាក់លេខ កំពង់ចាម 3A 2623 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ១៥៩c ទិសដៅពីត្បូង ទៅជើង ស្របទិសគ្នាបុកពីក្រោយបណ្តាលឲ្យស្លាប់តែម្ដង ។ ចំណែកអ្នកបើកបររថយន្តមិនស្គាល់ឈ្មោះ គេចខ្លួនបាត់ ។ ចំពោះម៉ូតូខូចខាធ្ងន់ រថយន្តខូចស្រាល យករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមង្គលបូរី ។ មូលហេតុម៉ូតូបើកបរមានល្បឿនលឿន រថយន្តឈប់នៅពេលយប់មិនមានដាក់សញ្ញាប្រាប់ដំណឹងដល់អ្នកដំណើរ ។
មួយករណីទៀតនៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង៧ និង០៥ នាទីយប់ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងនៅលើផ្លូវ ជាតិលេខ១៥៩c ត្រង់ចំណុចភូមិរោងគោចុង ឃុំចំណោម ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យរវាង ម៉ូតូ បុក គោយន្តកន្រ្តៃយ៍ បណ្តាលឲ្យ ស្លាប់ ០១ នាក់ និងធ្ងន់ ០១នាក់ ។
នគរបាលមូលដ្ឋានបានប្រាប់ឲ្យដឹងថា៖ ដំបូងមាន គោយន្តកន្ត្រៃយ៍មួយគ្រឿងម៉ាក គូបូតា អូសរឺម៉ក អ្នកបើកបរមិនស្គាល់ឈ្មោះ គេចបាត់ ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ២៥៩cទិសដៅពីត្បូងទៅជើង លុះដល់ត្រង់ចំណុចភូមិរោងគោចុង ឃុំចំណោម គោយន្តកន្ត្រៃបានបត់មកខាងឆ្វេងឆ្លងផ្លូវ ស្របពេលនោះដែរក៏មាន ម៉ូតូមួយគ្រឿងម៉ាក់ ហុងដាឌ្រីមី ផលិតឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាក់លេខ បន្ទាយមានជ័យ 1J. 5017 អ្នកបើកបរដោយឈ្មោះ ខន វុទ្ធី ភេទ ប្រុស ២៤ ឆ្នាំ នៅភូមិចំណោមកើត ឃុំចំណោម ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ឌុបឈ្មោះ ភាស់ ម៉ានុត ភេទប្រុស អាយុ ២៣ ឆ្នាំ នៅភូមិរង្វាន់លិច ឃុំចំណោម ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ដែលធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ១៥៩c ទិដៅមកពីត្បូងទៅជើងស្របទិសគ្នា ដោយបើកបរមានល្បឿនលឿន បណ្តាលឲ្យជាន់ហ្វ្រាំងមិនទាន់ក៏បុក ចំពីក្រោយចំហៀងខាងឆ្វេងពេញទំហឹង បណ្តាលឲ្យឈ្មោះខន វុទ្ធី អ្នកបើកម៉ូតូស្លាប់ និងអ្នករួមដំណើររងរបួសធ្ងន់ ។ ផ្នែកសំភារៈម៉ូតូខូចខាតស្រាល រថយន្តខូចស្រាល យករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមង្គលបូរី ។ មូលហេតុ គោយន្តកន្ត្រៃយ៍ប្តូរកន្លង បត់ឆ្វេងខ្វះការប្រុងប្រយ័ត្ន ។
ដោយឡែកមួយករណីទៀត នៅស្រុកស្វាយចេក ថ្ងៃទី០១ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង៨យប់ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយរវាងម៉ូតូ និងម៉ូតូក្នុងដំណើរច្រាសទិសគ្នា កើតឡើង នៅលើផ្លូវ ផ្លូវលំចំណុច ខាងជើងភូមិគោកអំពិល ចម្ងាយ១,០០០ ម៉ែត្រ ឃុំស្លក្រាម ស្រុកស្វាយចេក ។
នគរបាលបានឲ្យដឹងថា៖មុនពេលកើតហេតុមានម៉ូតូ១គ្រឿងម៉ាកទ្រីម សេ១២៥ពណ៍ខ្មៅសេរីឆ្នាំ២០១៥ ពាក់ស្លាកលេខសៀមរាប 1B.1942 បើកបរដោយឈ្មោះ លាង ជ័យភេទប្រុសអាយុ ៣៤ឆ្នាំ និងអ្នករួមដំណើរ ២ នាក់ ១/-.ឈ្មោះ លឹម រ៉ន ភេទប្រុសអាយុ ៦៤, 2/-. ឈ្មោះ រ៉ាន់ ឆៃគឿង .រស់នៅជាមួយគ្នាភូមិកំណប់ឃុំស្លក្រាម ស្រុកស្វាយចេក បន្ទាយមានជ័យ បានបើកម៉ូតូពីជើងទៅត្បូងពេលមកដល់ចំណុចកើតហេតុខាងជើងភូមិគោកអំពិល ចម្ងាយ១,០០០ ម៉ែត្រ បានបុកម៉ូតូ១គ្រឿងទៀតម៉ាកទ្រីមសេ១២៥ពណ៍ខ្មៅ ពាក់ស្លាកលេខបាត់ដំបង 1L. 6358 បើកបរដោយឈ្មោះ សេង ដា ភេទប្រុសអាយុ ១៩ ឆ្នាំ និងអ្នករួមដំណើរម្នាក់ឈ្មោះ វី រុន ភេទប្រុស អាយុ ១១ ឆ្នាំរស់នៅជាមួយគ្នាភូមិខ្លែងពណ៍ត្បូងឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យបើកផ្ទុយគ្នាពីត្បូងទៅជើងបណ្តាលឲ្យអ្នកបើកទាំងសង់ខាងរបួសធ្ងន់ធ្ងរ២នាក់ និងស្លាប់អ្នកបើកបរម៉ូតូម្នាក់ឈ្មោះលាង ជ័យ ខណៈពេលបញ្ចូនដល់មន្ទីទីពេទ្យ ។ ចំណែកម៉ូតូទាំង2 ខូចខាតធ្ងន់ ត្រូវបានយកទៅថែរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយចេក ។ មូលហេតុ:មិនប្រកាន់ស្ដាំ ។ សរុបតែមួយយប់ ស្លាប់៣នាក់ និងរបួសធ្ងន់៣នាក់ ចំពោះអ្នកស្លាប់បានប្រគល់ជូនក្រុមគ្រួសារយកទៅចាត់ចែងធ្វ់បុណ្យតាមប្រពៃណី ចំណែកអ្នករងរបួធ្ងន់ បានបញ្ជូនទៅកាន់មន្ទីរពេទ្យ ។
ចំណែវត្ថុតាងក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍សមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាន រង់ចាំដោះស្រាយនៅពេលក្រោយ៕ នីមវណ្ណា