កន្លងមក អាមេរិកបានចោទប្រកាន់ចិនថា បានលួចចម្លងបច្ចេកវិទ្យាយន្តហោះចម្បាំង ដ៏ទំនើបរបស់ អាមេរិក ហើយពេលនេះអាមេរិកបន្តចោទប្រកាន់ទៅលើ ជនជាតិអ៊ីតាលី និងរុស្ស៊ី ថា បានលួចចម្លងបច្ចេកវិទ្យាម៉ាស៊ីនយន្តហោះ ។
ពេលថ្មីៗនេះអាមេរិកបានចោទប្រកាន់ទៅលើរូប លោក Alexander Yuryevich Korshunov អាយុ៥៧ឆ្នាំ និង លោក Maurizio Paolo Bianchi អាយុ៥៩ឆ្នាំ ត្រូវបានចោទប្រកាន់ ក្នុងបណ្តឹងព្រហ្មទណ្ឌមួយ ពីបទលួចទម្លាយអាថ៌កំបាំងពាណិជ្ជកម្ម ហើយក្នុងករណីចុងក្រោយទៀត គឺពាក់ព័ន្ធនឹងការលួចចម្លងកម្មសិទ្ធិបញ្ញាឧស្សាហកម្មអាកាសចរណ៍របស់សហរដ្ឋអាមេរិក។
នាយកដ្ឋានយុត្តិធម៌ បាននិយាយថា ក្នុងចន្លោះពីឆ្នាំ២០១៣ ដល់ឆ្នាំ ២០១៨ លោក Korshunov បានជួលលោក Bianchi ជាអតីតនាយកក្រុមហ៊ុនបុត្រសម្ព័ន្ធអ៊ីតាលីរបស់ក្រុមហ៊ុន GE Aviation ឲ្យជួយរចនា ឬឌីហ្សាញ Gearboxes ម៉ាស៊ីនយន្ដហោះឲ្យក្រុមហ៊ុន Aviadvigatel ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនអវកាសគ្រប់គ្រង ដោយរដ្ឋរបស់រុស្ស៊ីឈ្មោះ United Engine Corp ។
ការចោទប្រកាន់ខាងលើ បានឲ្យដឹងទៀតថា លោក Korshunov បានបម្រើការងារឱ្យក្រុមហ៊ុន United Engine និងហើយក៏ជាអតីតមន្រ្តីក្រសួងការបរទេសផងដែរ។ លោក Bianchi បានជ្រើសរើសនិយោជិតរបស់ក្រុមហ៊ុន GE ជាច្រើននាក់ ដើម្បីនាមកឲ្យធ្វើការងារសម្រាប់ផលិតម៉ាស៊ីនធុនតូច។ បន្ទាប់ពីមកទៀត លោក Korshunov បានសួរពួកគេអំពី “ចំណេះដឹង” ពាក់ព័ន្ធនឹងការបង្កើតម៉ាស៊ីនយន្ដហោះប្រភេទធំៗ។
នៅឆ្នាំ២០១៨ លោក Bianchi បានជ្រើសរើសក្រុមវិស្វករ GE Aviation ដែលចូលនិវត្តន៍សម្រាប់ក្រុមទី២ ដើម្បីធ្វើការនេះ។
នាយកដ្ឋានយុត្តិធម៌ បានចោទប្រកាន់ទៀតថា នៅក្នុងការងារនោះ បុគ្គលិករបស់លោក Bianchi បានប្រើប្រាស់ការងារអាថ៌កំបាំងពាណិជ្ជកម្ម ដែលគ្រប់គ្រងដោយ GE Aviation ហើយលោក Korshunov និងលោក Bianchi ពិតជាបានដឹងរឿងនេះ។
យោងតាមការចោទប្រកាន់ បានឲ្យដឹងទៀតថា លោក Korshunov បានសរសេរ នៅក្នុងអ៊ីមែលថា “ក្រុមថ្មីមិនត្រូវដឹងអំពីក្រុមមុនទេ។ មនុស្សទាំងអស់ កំពុងធ្វើការឲ្យ GE មិនអាចបង្ហាញមុខបានទេ”។
នាយកដ្ឋាន បាននិយាយថា លោក Korshunov ត្រូវបានចាប់ខ្លួន នៅថ្ងៃទី៣០ ខែសីហា នៅឯអាកាសយានដ្ឋាន ក្នុងទីក្រុង Naples ប្រទេសអ៊ីតាលី ។ ការចោទប្រកាន់ពីបទលួចធ្វើអាជីវកម្មសម្ងាត់ និងបទសមគំនិតនេះ អាចជាប់ពន្ធនាគារ រហូតដល់១០ឆ្នាំ៕