ពិភពលោកបច្ចុប្បន្នស្ថិតនៅក្រោមការគ្រប់គ្រងរបស់មហាអំណាចអាមេរិក ដែលមានសម្ពន្ធមិត្តដ៏រឹងមាំសុទ្ធសឹងតែជាប្រទេស មហាអំណាចសេដ្ឋកិច្ច ។ ទាំងនោះហើយ គេអាចនិយាយបានថា ក្នុងរយៈពេល១ឬ២ ទសវត្សរ៍ខាងមុខ មហាអំណាចពិភពលោករបស់អាមេរិក មិនរង់ការគំរាមកំហែងនោះឡើយ ។
បើទោះបីចិន និងរុស្ស៊ីមានបំណងចង់ ដណ្តើមមហាអំណាចពីអាមេរិកក៏ជារឿងមួយដ៏លំបាក ដោយសារតែសេដ្ឋកិច្ចរបស់ប្រទេសទាំង២មិនទាន់អាចតាមទាន់អាមេរិកនោះឡើយ ក្នុងរយៈពេលខ្លី បើទោះជាចិនក្លាយជាប្រទេសមហាអំណាចសេដ្ឋកិច្ចទី២នៅលើពិភពលោកក៏ដោយ ។
បច្ចុប្បន្នចិនបានខិតខំពង្រីកអំណាចគ្រប់គ្រងនៅតំបន់សមុទ្រចិនភាគខាងត្បូង ដែលជាមូលដ្ឋានគ្រឹះនៅក្នុងការឆ្ពោះទៅ រកការគ្រប់គ្រងពិភពលោកទាំងមូល ។ ចំណែកសម្ពន្ធមិត្តចិនគឺរុស្ស៊ីកំពុងតែពង្រីក ឥទ្ធិពលនៅតំបន់មជ្ឈិមបូព៌ា ។
ជាច្រើនទសវត្សរ៍កន្លងមកកម្លាំងទាហាន ជើងទឹកអឺរ៉ុបបានបង្ហាញវត្ដមាននៅគ្រប់ ទិសទីជុំវិញពិភពលោកដើម្បីខួងយកធនធានធម្មជាតិជួញដូរ និងបង្កើតបណ្ដាញ គ្រប់គ្រងពិភពលោកទាំងមូល ។ ប៉ុន្ដែរូបភាពទាំងនោះពេលនេះត្រូវបានផ្លាស់ប្ដូរ ទាំងស្រុងដោយសារតែការងើបឡើងនៃប្រទេសចិននិងរុស្ស៊ី ។
នៅរដូវរងាឆ្នាំ២០១៥ គេនឹងអាចមើល ឃើញកម្លាំងទាហានជើងទឹកចិននៅតំបន់សមុទ្រមេឌីទែរ៉ាណេជាលើកដំបូងចូលរួមធ្វើសកម្មភាពសមយុទ្ធជាមួយរុស្ស៊ី ។ គម្រោង ធ្វើសមយុទ្ធនោះត្រូវបានប្រកាសកាលពីសបា្ដហ៍មុននៅទីក្រុងប៉េកាំងក្រោយ កិច្ចប្រជុំរវាងមន្ដ្រីយោធាប្រទេសទាំងពីរ ។
ជាការពិតណាស់ចិនប្រាកដជាពេញចិត្ដ យ៉ាងខ្លាំងនៅពេលដែលនាវាចម្បាំងរបស់កម្លាំងទាហានជើងទឹកចិនបង្ហាញវត្ដមាន នៅតំបន់សមុទ្រដែលគេចាត់ទុកថា ជា បេះដូងនៃសម្ពន្ធមិត្ដអឺរ៉ុប ។ ប៉ុន្ដែការធ្វើ សមយុទ្ធនោះមិនមែនជាតំណាងប៉ុណ្ណោះទេ គឺវាបានបង្ហាញយ៉ាងច្បាស់ពីដំណើរឆ្ពោះទៅមុខដ៏សំខាន់របស់ចិន និងរុស្ស៊ីដែល ចាប់ដៃគ្នារៀបចំសន្ដិសុខសណ្ដាប់ធ្នាប់ ពិភពលោកឡើងវិញនៅពេលដ៏ខ្លីខាងមុខនេះ ។
រដ្ឋាភិបាលទីក្រុងប៉េកាំងនិងទីក្រុងមូស្គូ តែងតែប្រឆាំងរាល់សកម្មភាពយោធា របស់លោកខាងលិចនៅជិតព្រំដែនរបស់ ខ្លួន ។ ចិនបានប្រតិកម្មយ៉ាងខ្លាំងពេលមាន យន្ដហោះយាមល្បាតរបស់កម្លាំងទាហានជើងទឹកអាមេរិកហោះហើរជិតព្រំដែន សមុទ្ររបស់ខ្លួន ។ ចំណែករុស្ស៊ីក៏កំពុង រារាំងគម្រោងឆ្ពោះទៅទិសខាងកើតរបស់អង្គការណាតូដើម្បីដាក់បញ្ចូលសមាជិកថ្មី ដែលជាប្រទេសអតីតសហភាពសូវៀត ក្នុងគោលដៅឡោមព័ទ្ធប្រទេសរុស្ស៊ីមិនឱ្យ ងើបរួច ។
ដូច្នេះការធ្វើសមយុទ្ធរួមនៅពេលខាងមុខនៅសមុទ្រមេឌីទែរ៉ាណេជាសារដ៏មាន សារសំខាន់ និងច្បាស់លាស់ដល់ប្រទេស លោកខាងលិច ។ ប្រសិនបើណាតូនៅតែបន្ដយាមល្បាតជិតព្រំដែនចិននិងរុស្ស៊ី ប្រទេសទាំង២ក៏អាចចូលទៅកៀកព្រំ ដែនណាតូ និងអាមេរិកផងដែរ ។
ខាងក្រោយនៃគម្រោងធ្វើសមយុទ្ធរួមជាយុទ្ធសាស្ដ្រស៊ីជម្រៅរបស់ចិននិងរុស្ស៊ីក្នុងគោលដៅរៀបចំសណ្ដាប់ធ្នាប់សន្ដិសុខ ពិភពលោកឡើងវិញនោះគឺពឹងផ្អែកទៅលើឥទ្ធិពលប្រទេសទាំងពីរ ។ ទាំងចិននិង រុស្ស៊ីបានយល់ឃើញថា ប្រទេសទាំង២ មានសិទ្ធិច្រានចោលឬទទួលយកនូវអ្វីដែល កំពុងតែកើតមាននៅក្នុងប្រទេសជិតខាង ។
រុស្ស៊ីបានចាត់ទុកអ៊ុយក្រែនថា ជាប្រទេស ស្ថិតនៅក្រោមអាណានិគមរបស់ទីក្រុង មូស្គូជាច្រើនទសវត្សកន្លងមក ហើយពេល នេះបើអ៊ុយក្រែនចូលជាសមាជិកសហ គមន៍អឺរ៉ុបគឺជារឿងមិនអាចទទួលយក បានឡើយ ។ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌី មៀរ ពូទីន ក៏ជំរុញទស្សនៈបង្កើតសម្ពន្ធ មិត្ដអាស៊ីអឺរ៉ុបដើម្បីស្ដារកិត្ដិយសរបស់រុស្ស៊ី នៅតំបន់ដែលប្រទេសខ្លួនមានឥទ្ធិពលទៅលើជាយូរណាស់មកហើយ ។
កន្លងមកថ្មីៗចិនក៏បានស្វែងរកវិធី សាស្ដ្របង្កើនឥទ្ធិពលរបស់ខ្លួននៅទ្វីបអាស៊ីដោយពឹងផ្អែកទៅលើកំណើនសេដ្ឋកិច្ចយ៉ាងខ្ពស់របស់ខ្លួន ។ ប៉ុន្ដែចិនបែរជាអនុវត្ដ គោលនយោបាយគំរាមកំហែងដល់សន្ដិ សុខប្រទេសជិតខាងទៅវិញ ។ បច្ចុប្បន្នចិន កំពុងជ្រៀតជ្រែកចូលក្នុងវិវាទដែនអធិបតេយ្យជាមួយប្រទេសជាច្រើនដែលមានព្រំ ដែនគោក និងព្រំដែនសមុទ្រជាប់គ្នាក្នុងនោះ មានទាំងប្រទេសឥណ្ឌា និងជប៉ុនព្រមទាំងបណ្ដាប្រទេសតំបន់អាស៊ីភាគអាគ្នេយ៍ ។ កាលពីឆ្នាំ២០១៣ចិនក៏បានប្រកាសបង្កើត តំបន់ការពារដែនអាកាសនៅតំបន់សមុទ្រចិនភាគខាងកើតក្នុងគោលដៅគ្រប់គ្រងទៅលើប្រជុំកោះដែលមានវិវាទ ។
ទស្សនៈមួយចំនួនរបស់លោកខាងលិច បានលើកឡើងថា ដើម្បីសន្ដិភាពគួរតែទទួល ស្គាល់ឥទ្ធិពលរបស់រុស្ស៊ី និងចិននៅក្នុង តំបន់ ។ ឆ្លើយតបទៅនឹងបទសម្ភាសន៍មួយ អតីតរដ្ឋមន្ដ្រីការបរទេសអាមេរិកលោក Henry Kissinger បាននិយាយដោយចំៗ ថា មានមូលហេតុជាច្រើនដែលធ្វើឱ្យអ៊ុយក្រែនមិនអាចសម្រេចអនាគតរបស់ខ្លួន បានឡើយ ដោយសារប្រទេសនេះស្ថិត ក្រោមឥទ្ធិពលរបស់រុស្ស៊ី ។ ដូច្នេះដើម្បី សន្ដិភាពលោកខាងលិចក៏ត្រូវទទួលស្គាល់ នូវឥទ្ធិពលទាំងនោះផងដែរ ។
រដ្ឋាភិបាលរបស់ប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា ពិតជាមិនទទួល ស្គាល់នូវការចូលមកកៀកទាំងនោះរបស់ រុស្ស៊ី និងចិន ។ អនុប្រធានក្រុមប្រឹក្សាសន្ដិសុខជាតិអាមេរិកក៏បានប្រឆាំងទៅនឹង ទស្សនៈជាប្រទេសមហាអំណាចនៅក្នុង តំបន់ផងដែរ ។
ជាមួយនឹងសក្ដានុពលទាំងសេដ្ឋកិច្ច និងយោធានាពេលបច្ចុប្បន្នអាមេរិកអាចនឹង បង្កើនឥទ្ធិពលនៅគ្រប់ទិសទីជុំវិញពិភព លោក ។ ចំពោះរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោននាពេលបច្ចុប្បន្នមិនបានប្រើប្រាស់ ទស្សនៈជាប្រទេសមហាអំណាចក្នុងតំបន់ទៀតឡើយគឺជាមហាអំណាចពិភពលោកទាំងមូល ។ អាមេរិកបានដាក់កម្លាំងទាហាន ជើងទឹកជាច្រើននៅជប៉ុន កូរ៉េខាងត្បូង ទីតាំងទ័ពអាកាសនៅបារ៉ែន កាតារ ។ ចំណែកណាតូក៏បានបង្កើតទីតាំងយោធានៅគ្រប់ទិសទីជុំវិញពិភពលោកដែរ ពិសេស គឺប្រទេសដែលជាសមាជិក ។
ជាការពិតចិននិងរុស្ស៊ីពិតជាព្រួយបារម្ភ យ៉ាងខ្លាំងដែលប្រទេសទាំង២អាចប្រឈម នឹងការនៅឯកោនៅក្នុងយុទ្ធសាស្ដ្ររារាំង អាមេរិក ។ អាមេរិកមានសម្ពន្ធមិត្ដនៅគ្រប់ទិសទីជុំវិញពិភពលោក ហើយបើអាមេរិកកាត់ផ្ដាច់ទំនាក់ទំនងជាមួយប្រទេសទាំង២នោះប្រទេសដទៃទៀតក៏ត្រូវដើរតាម អាមេរិកកាត់ផ្ដាច់ទំនាក់ទំនងដូចគ្នាដែរ ។ ទាំងនោះហើយចិននិងរុស្ស៊ីប្រាកដជានៅ ឯកោ ។
ការណ៍ដែលចិននិងរុស្ស៊ីចង់អនុវត្ដនូវ យុទ្ធសាស្ដ្ររៀបចំពិភពលោកឡើងវិញមិន មែនជារឿងងាយស្រួលនោះទេ ពីព្រោះ បច្ចុប្បន្នយុទ្ធសាស្ដ្រនៅលើពិភពលោក ស្ថិតក្រោមការរៀបចំរបស់អាមេរិក និង សម្ពន្ធមិត្ដ ។ បើចិននិងរុស្ស៊ីចង់ធ្វើរឿងនោះបានជោគជ័យលុះត្រាណាតែយកឈ្នះអាមេរិកជាមុនសិន ។ ការយកឈ្នះអាមេរិកក្លាយជាប្រទេសមហាអំណាចទី១លើ ពិភពលោកមិនមែនជារឿងដែលអាចកើត ឡើង២-៣ឆ្នាំខាងមុខនោះឡើយគឺចិន និង រុស្ស៊ីចាំបាច់ត្រូវប្រើរយៈពេលពី២០ឆ្នាំ ឡើងទៅ ហើយមិនប្រាកដថាយកឈ្នះ អាមេរិកទាំងស្រុងនោះដែរ ៕