ខេត្តឧត្ដរមានជ័យ៖ នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៩ មានការបែកធ្លាយមកថា អាជ្ញាធរខេត្តឧត្ដរមានជ័យ និងជំនាញពាក់ពន្ធ័ មានការឃុបឃិតគ្នា លក់ដីរបស់រដ្ឋ ដែលជាគំរោង ផ្សារ សាលារៀន សាខាបក្ស មណ្ឌលសុខភាព បានប្រាក់រាប់លានដុល្លារ ស្ថិតនៅភូមិ ជប់គគីខាងលិច ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្ដរមានជ័យ ដែលជាដីគំរោងបម្រុងទុក របស់រដ្ឋដែលរៀបចំដឹងលឺ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងជំនាញពាក់ពន្ធ័ នៅឆ្នាំ២០១៣ ក្រោមវត្ដមាន លោក ពេជ្រ សុឃិន អតីតអភិបាលនៃគណ:អភិបាលខេត្តឧត្ដរមានជ័យ ។ លោក ហែន បាគង អតីតប្រធានមន្ទីរៀបចំដែនដី លោក ហាំង ម៉េង អភិបាលស្រុក បន្ទាយអំពិល លោក ម៉ៅ មឿន ប្រធានការិយាល័យភូមិបាល ស្រុកបន្ទាយអំពិល និងអតីតមេឃុំអំពិល ។
លោក ឡេង ខ្លី មេភូមិជប់គគីខាងលិច បានបង្ហើបថា ដីគំរោងផ្សារ សាលារៀន សាលាបក្ស និងមណ្ឌលសុខភាព ពិតជាត្រូវបានអ្នកមានអំណាចឃុបឃិតគ្នាលក់ ឲ្យលោកឧកញ៉ា លឹម ហេង ពិតប្រាកដមែន និងអស់រលីងទៅហើយ កាលពីសម័យលោក សរ ថាវី នៅជាអភិបាលនៃគណ:អភិបាលខេត្តឧត្ដរមានជ័យ ។
ពលរដ្ឋសូមអំពាវនាវឲ្យលោក ប៉ែន កុសល្យ អភិបាលខេត្ដឧត្ដរមានជ័យ យកដីគំរោងរបស់រដ្ឋ ខាងលើមករក្សាទុកជាសម្បត្តិរដ្ឋវិញផង ។
លោក វ៉ាត ប៉ារ៉ានីន អភិបាលរង ខេត្តឧត្ដរមានជ័យ ទទួលបន្ទុកដោះស្រាយវិវាទដីធ្លី បានឲ្យដឹងថា លោកមិនដឹងទេ វាជាការគ្របគ្រងកម្រិតស្រុក ព្រោះវានៅក្នុងស្រុក ។
លោក គឹម គាវិន ប្រធានមន្ទីររៀបចំដែនដី ខេត្តឧត្ដរមានជ័យ លោកថា លោកមិនបានដឹងរឿងទាំងអស់ខាងលើនោះទេ ព្រោះលោកមកក្រោយគេ ។
លោក ហាំង ម៉េង អភិបាលស្រុកបន្ទាយអំពិល បានឲ្យដឹងថា ទីតាំងនោះ ជាដីរបស់គណបក្ស សម័យលោក ឆន ជាប្រធានគណៈកម្មការ គាត់ជាអ្នករៀបចំ ៕ ប៉ែន នួន