ព័ត៌មានទាន់ហេតុការណ៍៖

បើអាមេរិកចង់បាន រុស្ស៊ីនឹងលក់មីស៊ីលល្បឿនលឿនឲ្យ

ចែករំលែក៖

កន្លងមក អាមេរិកតែងតែថ្កោលទោស នឹងដាក់គំនាបទៅលើប្រទេសដែលទិញអាវុធពីរុស្ស៊ី ។ នៅពេលនេះ រុស្ស៊ីបានស្នើឲ្យទីក្រុងវ៉ាស៊ីនតោន ទិញអាវុធទំនើបពីរុស្ស៊ី​​ ដោយរុស្ស៊ីនឹកលក់ឲ្យ ​។

លោកប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន បានធ្វើឲ្យមនុស្សជាច្រើនភ្ញាក់ផ្អើលយ៉ាងខ្លាំង ​​ពេល​ស្នើសមភាគីអាម៉េរិក លោក ដូណាល់ ត្រាំ ថា រុស្ស៊ីនឹងលក់អាវុធទំនើបៗបំផុតទៅឲ្យអាម៉េរិក ក្នុងនោះ​មានមីស៊ីល ល្បឿន​លឿន​ជាងគេបំផុត នៅលើពិភពលោក ​។

លោក ពូទីន បានបញ្ជាក់ថា លោកបានស្នើដល់លោក ត្រាំ ថា រុស្ស៊ីផ្តល់ឱកាសដល់អាម៉េរិក ក្នុងការទិញអាវុធពីរុស្ស៊ី។ ការលើកឡើងខាងលើរបស់លោកពូទីន​ ត្រូវបានមនុស្សជាច្រើន បញ្ចេញមតិថា នេះជាការ «ជះទឹកត្រជាក់ កណ្តាលមុខអាម៉េរិក» ។ ដោយសារតែអាម៉េរិក តែងតែប្រឆាំង ដាកទណ្ឌកម្ម គំរាមកំហែងដល់ប្រទេស ដែលបានទិញអាវុធពីរុស្ស៊ី។ ដូច្នេះទើបលោក ពូទីន ស្នើអាម៉េរិកទិញអាវុធពីប្រទេសរុស្ស៊ី ដូចគ្នា កុំឲ្យច្រណែន។

មានប្រសាសន៍ នៅក្នុងវេទិកាសេដ្ឋកិច្ច បណ្តាប្រទេស​តំបន់បូព៌ា EEF លើកទី​៥ ដែលបានធ្វើឡើង កាលពីថ្ងៃទី​៥ ខែកញ្ញា ម្សិលមិញនេះ លោកប្រធានាធិបតីរុស្ស៊ី ពូទីន បានបញ្ជក់ថា« ធ្វើយ៉ាងណា ទើប​យើង​អាច​បញ្ជូន​អាវុធ​ដ៏ទំនើបរបស់រុស្សី​ ក្នុងនោះមានប្រព័ន្ធមីស៊ីលល្បឿនលឿន​ ទៅកាន់បណ្តាប្រទេសជុំវិញពិភពលោក ។​ មីស៊ីលល្បឿនលឿននោះ សូម្បីតែអាម៉េរិក ក៏មិនទាន់មានដែរ​ ដូច្នេះរុស្ស៊ីចង់លក់អាវុធដ៏ទំនើបនោះទៅឲ្យអាម៉េរិក»។

លោក ពូទីន និយាយទៅកាន់លោក​ ត្រាំ ថា «ប្រសិនបើលោកចង់បាន ខ្ញុំនឹងលក់អាវុធទំនើបៗឲ្យ ដើម្បីធ្វើឲ្យមានតុល្យាភាព​សព្វាវុធ។ ប៉ុន្តែ​លោក ត្រាំ ថា អាម៉េរិកកំពុងតែផលិតអាវុធទំនើបៗទាំងនោះ»។

បច្ចុប្បន្នរុស្ស៊ី​ មានអាវុធល្បឿនលឿន ប្រភេទ​ Kinzhalដែលមានសមត្ថភាពហោះទម្លុះ រាល់​ប្រព័ន្ធការពារដែនអាកាសដ៏​ទំនើបៗបាន ព្រោះមីស៊ីលនោះមានល្បឿនលឿន ជាងសំឡេង រហូតដល់ទៅ​១០ដង ទើបមិន​មាន​មីស៊ីល​ណាមួយ អាចប្រដេញទាន់ឡើយ៕


ចែករំលែក៖