ព័ត៌មានទាន់ហេតុការណ៍៖

ក្រោយអាមេរិកស្នើតភ្ជាប់កិច្ចពិភាក្សាស្តីពីការរំសាយបរមាណូ កូរ៉េខាងជើងបន្តបាញ់មីស៊ីល

ចែករំលែក៖

កាលពីថ្ងៃទី​៩ ខែកញ្ញា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក​ Mike Pompeo ​បានអំពាវនា​វដល់កូរ៉េខាងជើង ចាប់ផ្តើមដំណើរការពិភាក្សាស្តីពីកម្មវិធីរំ​សាយបរមាណូឡើយវិញ ដោយស្នើដល់កូរ៉េខាងជើង ឈប់រាល់សកម្មភាពធ្វើឲ្យតានតឹង ក្នុងនោះមាន​សាកល្បងមីស៊ីលជាដើម​។

ក្រោយការអំពាវនាវនោះបានមួយថ្ងៃ នៅព្រឹកថ្ងៃទី​១០ ខែកញ្ញា កូរ៉េខាងជើង បានសាក​ល្បង​មីស៊ីល ពីរគ្រាប់ទៀត បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង​។

កូរ៉េខាងជើង​បាន​បាញ់​មីស៊ីល​​មិនស្គាល់​ភិនភាគ​ចំនួន​២គ្រាប់​បន្ថែមទៀត​ពីតំបន់ភាគខាងលិច​ទៅកាន់​សមុទ្រ​ភាគ​ខាង​កើត​កាលពីថ្ងៃទី១០ ខែ​កញ្ញា ឆ្នាំ២០១៩ បន្ទាប់ពីប្រទេសនេះ​បានប្រកាស​មួយថ្ងៃថា នឹងបន្តពិភាក្សាជាមួយសហរដ្ឋអាមេរិក​នៅ​ពាក់កណ្តាល ឬនៅជិតចុងខែ​កញ្ញា ឆ្នាំ២០១៩នេះ ។

មិនមានព័ត៌មានលម្អិត​អំពី​មីស៊ីល និងរយៈចម្ងាយរបស់វា​នោះឡើយ ។ តែសេចក្តីថ្លែងការណ៍​មួយ​បាននិយាយថា មីស៊ីល​មិនស្គាល់​ភិនភាគ​ ពិតជាបានបាញ់​២លើក​ប្រាកដមែន​ទិសដៅទៅភាគខាងកើត ពីដែនកោះ​មួយ ក្នុងខេត្ត South Pyongan កូរ៉េខាងជើង ព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ ។

សារព័ត៌មាន យ៉នហាប់ ដកស្រង់​ប្រភពពីអគ្គនាយសេនាធិការធិការចម្រុះកូរ៉េខាងត្បូង​បញ្ជាក់ថា យោធាកូរ៉េខាងត្បូងបាននិង​កំពុងពិនិត្យតាមដានសភាពការនេះដោយប្រុងប្រយ័ត្ន ក្រែង​មានករណីបាញ់បន្ថែមទៀត ហើយនិងត្រៀម​ទប់ទល់ជាស្រេច​ចំពោះ​ឥរិយាបថនេះ ។

ដោយឡែក​មន្ត្រីក្រសួង​ការបរទេស​ជប៉ុន​បានថ្លែងប្រភពរ៉យទ័រថា មិនមានមីស៊ីលបាល្លិស្ទិក​​អ្វីឡើយ​បានធ្លាក់មកក្នុង​ទឹកដី​ជប៉ុន ឬតំបន់សេដ្ឋកិច្ច​ផ្តាច់មុខ (EEZ)របស់ជប៉ុន ។ គ្មានការគំរាមកំហែង​ភ្លាមៗ​នេះឡើយ​ដល់សន្តិសុខជាតិ​របស់ជប៉ុន ។

សូមបញ្ជាក់ថា ការបាញ់សាកល្បងមីស៊ីលរបស់កូរ៉េខាងជើង​ជាញឹកញាប់​នេះ កើតឡើងមួយថ្ងៃប៉ុណ្ណោះ ដែលប្រទេសនេះ​បាន​ប្រកាសថា នឹងបន្តពិភាក្សា​ជាមួយ​សហរដ្ឋអាម៉េរិក​​​នៅពាក់កណ្តាល​ខែ​ ឬដំណាច់ខែកញ្ញា ឆ្នាំ២០១៩ ៕


ចែករំលែក៖