ខេត្តពោធិ៍សាត់៖ ក្រុមការងារមន្រ្តីជំនាញផ្នែករដ្ឋបាលជលផលក្រគរ សង្កាត់កំពង់លួង ចូលរួមសហការដោយមន្រ្តីសហគមន៍នេសាទ និងកម្លាំងកងរាជអាវុធហត្ថ ចុះត្រួតពិនិត្យ និងបង្រ្កាបឧបករណ៍ខុសច្បាប់ស្ដីពីជលផល នៅលើផ្ទៃទឹកបឹងទន្លេសាប ក្នុងភូមិសាស្ត្ររដ្ឋបាលស្រុកក្រគរ ។
ប្រតិបត្តិការខាងលើធ្វើឡើងនាថ្ងៃច័ន្ទ ១១កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩ នៅលើផ្ទៃទឹកបឹងទន្លេសាបត្រង់ចំណុចនិយាមកា(អិច០៤២៩០៦៥ និងអុីរិច១៣៨៥១៨៧) ស្ថិតក្នុងភូមិថ្គោល ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
ប្រភពព័ត៌មានពីកម្លាំងចំរុះចុះប្រតិបត្តិការបង្ហើបថា លទ្ធផល៖ កម្លាំងសហការធ្វើការបង្រ្កាបឧបករណ៍ខុសច្បាប់ស្ដីពីជលផលជាក់ស្ដែង ប្រភេទរបាំងស្បៃមុងចំនួន ៨ខ្សែ ស្មើនឹងប្រវែងចំនួន ១២០០ម៉ែត្រ លូកងស្បៃមុងចំនួន ១៧មាត់ បង្គោលចម្រឹងចំនួន ៦៥០ដើម និងចាក់លែងត្រីចំរុះចូលក្នុងទឹកបឹងទន្លេសាបវិញចំនួន ៤៥គីឡូក្រាមផងដែរ នេះជាលទ្ធផលជាបឋមខណៈកម្លាំងកំពុងបន្តសកម្មភាពការងារនៅឡើយ ។
ទោះជាយ៉ាងណាក្ដី៖ ប្រភពពីមជ្ឈដ្ឋាននានាលើកឡើងថា រយៈពេលប៉ុន្មានថ្ងៃនេះគេសង្កេតឃើញសមត្ថកិច្ចស្ថាប័នជំនាញពាក់ព័ន្ធរួមមាន មន្រ្តីជំនាញនៃមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ខណ្ឌរដ្ឋបាលជលផល ផ្នែក សង្កាត់ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច កងរាជអាវុធហត្ថ សហគមន៍នេសាទ និងអាជ្ញាធរមានសមត្តកិច្ចមូលដ្ឋានជាពិសេស កំពុងមមាញឹកបញ្ចេញសកម្មភាពយ៉ាងសកម្ម ប៉ុន្តែមន្រ្តីជំនាញអធិការដ្ឋានរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាប មិនទាន់ឃើញបញ្ចេញសកម្មភាពនូវឡើយនោះទេ ហើយការប្រមូលលុយក៍មិនអាចភ្លេចជាដាច់ខាត់នោះដែរ ជាពិសេសជាងនេះទៅទៀតនោះបទល្មើសមិនថមថយទេ ខណៈកម្លាំងទាំងនោះធ្វើការបង្រ្កាបបែបច្បោលៗ ភាគច្រើនគេសង្កេតឃើញបើកកាណូតចូលតំបន់បទល្មើសរួចបើកចេញវិញ និងទូរស័ព្ទប្រាប់ឲ្យជនប្រព្រិត្តពន្លេចទឹកនៃឧបករណ៍ ធ្វើឲ្យមហាជននឿងឆ្ងល់ជាខ្លាំង ហើយល្បេចទាំងនេះថ្នាក់ក្រសួងក៍បានដឹងដែរ ឬក៍នេះជាប្រព័ន្ធទៅហើយ? ដូច្នេះនូវមានសង្ឃឹមមានតែកម្លាំងការពារធនធានធម្មជាតិថ្នាក់ជាតិប៉ុណ្ណោះ ៕ បុឹម ពិន