ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ២០១៩នេះ ដែលជាថ្ងៃប្រកាសនូវលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ របស់សិស្សថ្នាក់ទី១២ នៅតាមបណ្តាខេត្តទូទាំងប្រទេសកម្ពុជា ។ ក្រោមការទន្ទឹ្ងរបស់សិស្សានុសិស្ស មានការអន្ទះអន្ទែញរងចាំពិនិត្យអំពីលទ្ធផលប្រឡងរបស់ខ្លួន ដោយក្នុងនោះមួយចំនួនមានចិត្តសប្បាយរីករាយ មួយចំនួនមានការភិតភ័យព្រួយបារម្ភអំពីលទ្ធផល ប្រឡងរបស់ខ្លួន ។
ក្នុងពិធីប្រកាសបើកលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០១៨.២០១៩នេះ បានប្រព្រឹត្តទៅក្រោមវត្តមានរបស់លោក ពៅ ពិសិដ្ឋ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប បានអញ្ជើញចូលរួមការបើកកញ្ចប់លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៨.២០១៩ នៅវិទ្យាល័យ១០មករា ១៩៧៩ ។
មានប្រសាសន៍នោះលោក ពៅ ពិសិដ្ឋ ក៏បានគូសបញ្ជាក់ថា លទ្ធផលនៃការប្រឡងសញ្ញា បត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៨.២០១៩នេះ ក៏ជាយុទ្ធសាស្ត្រនៃការកំណែទម្រង់របស់រាជរដ្ឋាភិបាល និង ក្រសួងអប់រំយុវជននិងកីឡា លើវិស័យអប់រំសិក្សា ក្នុងពង្រឹងនូវគុណភាពអប់រំ នៃការបណ្តុះបណ្តាលធនធាន មនុស្សឲ្យកាន់តែមានគុណភាព ។
ម៉្យាងទៀតក៏ជាការពង្រឹងនូវអង្គការវិន័យ ដល់លោកគ្រូអ្នកគ្រូ សាស្ត្រាចារ្យ លើ ការបង្ហាត់បង្រៀនដល់សិស្សានុសិស្ស ដើមី្បធានាគុណភាពអប់រំ សាលារៀនចាប់ពីថ្នាក់បឋម វិទ្យាល័យ និង ថ្នាក់ឧត្តមសិក្សា ព្រមទាំងឲ្យធ្វើការកែប្រែនូវរាល់ទង្វើដែលមានកន្លងមកចំពោះសិស្សផងដែរ ។ ក្នុងនោះដែរលោកអភិបាលរងខេត្ត ក៏បានធ្វើការណែនាំដល់លោកនាយក នាយិកា លោកគ្រូអ្នកគ្រូ និង សាស្ត្រាចារ្យគ្រប់វិទ្យាល័យ ត្រូវបង្កើននូវការយកចិត្តទុកដាក់បង្ហាត់បង្រៀនដល់សិស្សឲ្យបានល្អ ក្នុងការប្រឡងប្រណាំងពីវិទ្យាល័យមួយទៅ វិទ្យាល័យមួយ ក្នុងការលើគុណភាពការអប់រំ បណ្តុះបណ្តាលសិស្សជំនាន់ក្រោយ ឲ្យទទួលបាននូវលទ្ធផលការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅឆ្នាំបន្តបានល្អប្រសើរ ។ ម៉្យាងទៀតយុវសិស្សយើង គឺជាធនធានមនុស្ស នៃសរស្តម្ភដ៏រឹងមាំ ក្នុងកិច្ចអភិវឌ្ឍន៍ប្រទេសជាតិ ។ លោកក៏បានផ្តាំផ្ញើដល់លោកនាយក នាយិកា លោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យ ត្រូវពង្រឹងនូវអង្គការវិន័យសាលា ដល់សិស្ស និង ធ្វើការទប់ស្កាត់នូវ រាល់ការហូរចូលគ្រឿងញៀននៅតាមសាលា ដែលបង្កឲ្យមានកើតនូវបងតូចបងធំ ព្រមទាំងបង្កឲ្យកើតមាននូវអសន្តិសុខដល់សង្គម ដោយខេត្តសៀមរាបយើង ជាមជ្ឈមណ្ឌលប្រមូលផ្តុំភ្ញៀវទេសចរណ៍ មកពីគ្រប់តំបន់លើពិភពលោក ចូលមកទស្សនាកម្សាន្ត ហើយសិស្សានុសិស្សយើង គឺជាធនធានមួយសម្រាប់បម្រើនូវវិស័យទេសចរណ៍ និង អភិវឌ្ឍន៍ប្រទេសទៅពេលអនាគតផងដែរ ។
បើតាមការឲ្យដឹងពីលោក សយ ទិត្យាវង្ស ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្ត បានឲ្យដឹងថា ក្នុងសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៨.២០១៩នេះ សម្រាប់មណ្ឌលសៀមរាប មានបេក្ខជនប្រឡង ចំនួនសរុប ៨ពាន់៤២៨នាក់ មានស្រី ៤ពាន់៦៨៩នាក់ មាន១៣ មណ្ឌល នៅក្នុងក្រុងសៀមរាប ស្មើ ៣៨៤បន្ទប់ ដោយចែកចេញជា ២ ផ្នែក គឺ ផ្នែកវិទ្យាសាស្ត្រពិត ៖ មាន៤មណ្ឌល ស្មើនឹង ១១៨បន្ទប់ មានបេក្ខជនចំនួន ២ពាន់៩៤៤ នាក់ មានស្រី ចំនួន ១ពាន់៧០៧ នាក់ និង ផ្នែកវិទ្យាសាស្ត្រសង្គម៖ មាន០៩មណ្ឌល ស្មើនឹង១៣០ បន្ទប់ មានបេក្ខជនចំនូន៥ពាន់៧៧០នាក់ និង អវត្តមានមិនមកប្រឡង ចំនួន ៦៤នាក់ ។ ចំពោះលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៨.២០១៩ នៅមណ្ឌលសៀមរាប មានសិស្សប្រឡងជាប់ចំនួន៦ពាន់៥១១នាក់ ស្រី៣ពាន់៧៦៣នាក់ ស្មើនឹង៧៧,២៦% ក្នុងនោះស្រី ៨០,០៨% ។ ក្នុងនោះសិស្សដែលប្រឡងបាននិទ្ទេស A ចំនួន៣៨នាក់ស្រី១៥នាក់ ,និទ្ទេស B ចំនួន១៩០នាក់ ស្រី១០៥នាក់ ,និទ្ទេស Cចំនួន ៤៧៤នាក់ ស្រី២៩៤នាក់ និទ្ទេស Dចំនួន១ពាន់៣១៤នាក់ ស្រី៨២៨នាក់ និង និទ្ទេសE ចំនួន៤ពាន់៤៩៥នាក់ ស្រី២ពាន់៥២១នាក់ ។ ក្នុងនោះលោកក៏បានបញ្ជាក់ឲ្យដឹងផងដែរថា នៅពេលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០១៨.២០១៩នេះ ក៏មានបេក្ខជនមួយចំនួនបានបោះបង់ការប្រឡងរបស់ខ្លួន ដោយពុំទុកចិត្តលើសមត្ថភាពរបស់ខ្លួន ក្នុងការប្រឡងនេះមានចំនួន ៦៤នាក់ ។ ក្រោមការកំណែទម្រង់វិស័យ អប់រំ បានធ្វើឲ្យគុណភាពនៃការសិក្សារបស់សិស្ស កាន់តែទទួលបានលទ្ធផលទ្វេរឡើង ៕ ប៊ុនរិទ្ធី