ព័ត៌មានទាន់ហេតុការណ៍៖

ចេញពីកម្មវិធីជប់លៀងត្រូវជនសង្ស័យប្លន់យកម៉ូតូទៅបាត់

ចែករំលែក៖

ភ្នំពេញ ៖ ស្ត្រីម្នាក់ចេញពីកម្មវិធីជប់លៀង បំណងជិះម៉ូតូទៅផ្ទះស្រាប់តែប្រទះជួបជនសង្ស័យមួយក្រុមជិះម៉ូតូមកវាយប្លន់យកម៉ូតូបានសម្រេចហេីយគេចខ្លួនបាត់ដោយសុវត្ថិភាព។

ហេតុការណ៍ខាងលើនេះបានបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩យប់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ តាមបណ្ដោយផ្លូវបេតុង ជាប់របងវត្តពោធិ៍វ័ន្ត ភូមិផ្លាំង សង្កាត់ស្នោ ខណ្ឌកំបូល ។

ជនរងគ្រោះឈ្មោះ មាន ចរិយា ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន រ៉ូយ៉ាល់ ក្លឹប វាយកូនហ្គោល មានស្រុកកំណើតនៅភូមិតាអិន សង្កាត់ស្នោ ខណ្ឌពោធិ៍សែនជ័យ ។ ចំណែកម៉ូតូមួយគ្រឿងដែលត្រូវក្រុមជនសង្ស័យយកទៅបាត់នោះម៉ាកហុងដាប៊ីត (HONDA BEAT) ពណ៌ផ្កាឈូក ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខ ភ្នំពេញ 1HU-8226 ។

តាមប្រភពព័ត៌មានពីក្រុមគ្រួសារជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ ស្ត្រីរងគ្រោះ និងស្ត្រីម្នាក់ទៀតជាមិត្តភក្តិបានចេញពីកម្មវិធីជប់លៀងនៅក្លឹបរ៉ូយ៉ាល់ ដោយស្ត្រីរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាកហុងដាប៊ីត ចំណែកស្ត្រីជាមិត្តភក្ដិម្នាក់ទៀតជិះម៉ូតូមួយគ្រឿងម៉ាកស្គូពី លុះធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែមានជនសង្ស័យមួយក្រុមមានគ្នា៣នាក់ជិះម៉ូតូ២គ្រឿងមិនស្គាល់ម៉ាកបានជិះតាមពីក្រោយ ។

តាមប្រភពដដែលបានបន្តថា បន្ទាប់មកក្រុមជនសង្ស័យខាងលើនោះបានធ្វើសកម្មភាពដោយយកកាំបិតបុ័ងតោគំរាម និងយកបំពង់ទីបវាយស្ត្រីរងគ្រោះបណ្តាលឲ្យរងរបួសប៉ោងមុខសន្លប់ស្តូក ហើយក្រុមជនសង្ស័យក៏យកម៉ូតូរបស់ស្ត្រីរងគ្រោះជិះគេចខ្លួនបាត់តែម្តង។

បន្ទាប់ពីកើតហេតុ ស្ត្រីរងគ្រោះត្រូវបានសាច់ញាតិដឹកនាំយកទៅសង្គ្រោះភ្លាមៗនៅគ្លីនិកជិតកន្លែងកើតហេតុ ដោយសារតែស្ត្រីរងគ្រោះរងរបួសធ្ងន់ធ្ងរពេក ទើបក្រុមគ្រួសារបានដឹកយកទៅសង្គ្រោះបន្តនៅមន្ទីរពេទ្យម្តុំចោមចៅ ។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ស្នោបានចុះមកអន្តរាគមន៍ភ្លាមៗផងដែរ ដោយបានរកឃើញវត្ថុតាងរួមមានកាំបិតបុ័ងតោ១ជារបស់ជនសង្ស័យ ដោយឡែកជនរងគ្រោះមិនទាន់បានមកដាក់ពាក្យបណ្ដឹងនៅឡើយទេ ដោយសារកំពុងព្យាបាលរបួស ៕​សុខាសែនជ័យ​


ចែករំលែក៖