ព័ត៌មានទាន់ហេតុការណ៍៖

ក្រុងបាវិត គ្រោងសាងសង់ទីលានញែកសំរាមឡើង កាត់បន្ថយភាពរំខានដូចជាក្លិនមិនល្អ និងការបំពុលបរិស្ថានផ្សេងៗដល់ប្រជាពលរដ្ឋ

ចែករំលែក៖

ខេត្តស្វាយរៀង៖ នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ លោក ហែម ពិសិដ្ឋ អភិបាលរងខេត្តស្វាយរៀងបានថ្លែងនៅក្នុងកិច្ចប្រជុំពិភាក្សាការងារជាមួយប្រតិភូក្រសួងសាធារណការ និងតំណាងគំរោងធនាគារអភិវឌ្ឍអាស៊ី (ADB) ស្តីពី ការគ្រប់គ្រង និងបណ្តុះបណ្តាលសម្រាប់ទីលានញែកសំរាម (MRF) ក្រុងបាវិតនេះបានផ្តោតសំខាន់ទៅលើការសាងសង់ទីលានញែកសំរាមនៅក្រុងបាវិត ដែលជាជំហានដំបូងក្នុងការកែលម្អ ការគ្រប់គ្រងសំណល់រឹង ទីលាននេះ នឹងកាត់បន្ថយសំរាម និងភាពរំខានដូចជាក្លិនមិនល្អ និងការបំពុលបរិស្ថានផ្សេងៗ ។

លើសពីនេះ ទីលានញែកសំរាម នឹងផ្តល់ការលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ និងផ្តល់ឲ្យមានការកែច្នៃ និងការប្រើប្រាស់ឡើងវិញនូវសម្ភារចាស់ៗ ដែលត្រូវបាត់បង់ដោយសារការបោះចោលក្នុងកន្លែងចាក់សំរាម ។

លោកបានបន្តថា គម្រោង នៃការសាងសង់ទីលានញែកសំរាមនេះ កំពុងត្រូវបានសហការគ្នារវាងក្រសួងសាធារណការ, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, អាជ្ញាធរខេត្ត និងធនាគារអភិវឌ្ឍន៍អាស៊ី ដើម្បីអនុវត្តគម្រោងខាងមុខបន្តបន្ទាប់ទៀត ដែលរួមបញ្ចូលទាំងការសំអាតទឹកកង្វក់ និងទីលានចាក់សំរាម ។

ការលើកគម្រោងខាងមុខនេះ គឺជាគម្រោងដែលកើតឡើងបន្ទាប់ពីការអនុវត្តការសាងសង់ប្រព័ន្ធលូរំដោះទឹកភ្លៀង និងទឹកស្អុយ និងទីលានចាក់សំរាមដែលបានអនុវត្តក្រោមគម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ច ទីក្រុងរបៀងខាងត្បូងនៃមហាអនុតំបន់ទន្លេមេកុង ។

សូមបញ្ជាក់ថា ស្របពេលដែលកំណើនការហូបចុក និងប្រើប្រាស់សម្ភារផ្សេងៗ ពីប្រជាពលរដ្ឋនៅក្រុងបាវិតកើនឡើង ពីមួយថ្ងៃទៅមួយថ្ងៃ ធ្វើឲ្យមានសំរាមជាង ៣០០តោនត្រូវចាក់ចោល ជាមូលហេតុដែលអាជ្ញាធរ និងអង្គភាពដែលពាក់ព័ន្ធ រកដំណោះស្រាយត្រូវបង្កើតទីលានញែកសំរាមបន្ថែម ៕ យឹម សុថាន


ចែករំលែក៖