សាធារណរដ្ឋកុងហ្គោ តែងតែប្រឈមនឹងគ្រោះថ្នាក់លិចទូកជាបន្តបន្ទាប់បណ្តាលឲ្យមានអ្នកស្លាប់ ជាច្រើន ក្នុងមួយឆ្នាំៗ ។ នៅពេលនេះ មនុស្សចំនួន៣៦នាក់បានបាត់ខ្លួន ហើយអាចនឹង លង់ទឹកស្លាប់ បន្ទាប់ពីទូក មួយគ្រឿងបានលិចនៅក្នុងទន្លេកុងហ្គោ ស្ថិតនៅជាយក្រុង គីនសាសា (Kinshasa) ។
ទូកមួយគ្រឿងនោះបានធ្វើដំណើរទៅកាន់រដ្ឋធានី DRC បានក្រឡាប់លិចទឹកទាំង យប់ កាល ពីយប់ថ្ងៃអាទិត្យ(១៥ ខែកញ្ញា) ស្ថិតនៅក្នុងឃុំ Maluku ដែលមានចម្ងាយប្រហែល ១០០ គីឡូម៉ែត្រពីទីក្រុង Kinshasa។
ប្រភពព័ត៌មានពីប៉ូលីសនៅក្នុងតំបន់បានសរសេរនៅលើបណ្តាញទំនាក់ទំនងសង្គម Twitter របស់ខ្លួនថាមនុស្សចំនួន៧៧នាក់បានរួចពីគ្រោះថ្នាក់ដល់អាយុជីវិត បន្ទាប់ពីហេតុ ការណ៍ ខាងលើនេះបានកើតឡើង។
ប្រភពព័ត៌មានពីអ្នកនាំពាក្យប៉ូលីស លោកវរសេនីយ៍ឯក Pierrot-Rombaut Mwanamputu បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា “ហេតុការណ៍ក្រឡាប់ទូកខាងលើនេះ នៅមិនទាន់ដឹងពីមូលហេតុនៅឡើយទេ” ។
ការដឹកជញ្ជូនតាមបឹង និងទន្លេ ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងប្រទេសសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ដោយសារប្រព័ន្ធផ្លូវហាយវ៉េ មានសភាពអន់ថយ ។ ប៉ុន្តែទោះបីយ៉ាងណា ហេតុការណ៍គ្រោះថ្នាក់បានកើតឡើងជាញឹកញាប់ ដោយសារតែកត្តាផ្ទុកលើសទម្ងន់ និងស្ថានភាពនាវាគ្មានសុវត្ថិភាព ។
ទូកដែលជួបគ្រោះថ្នាក់ជាញឹកញាប់នោះ ជាប្រភេទទូកដែលមានឈ្មោះថា baleiniere ឬទូកបាឡែន មានរាងសំប៉ែត ដែលត្រូវបានពលរដ្ឋកុងហ្គោប្រើប្រាស់ជាទូទៅ ។ ទូកនេះមានចម្លោះពី១៥ម៉ែត្រទៅ៣០ម៉ែត្រ និងមានបណ្តោយពីពីរម៉ែត្រទៅ៦ម៉ែត្រ ។
នៅក្នុងហេតុការណ៍គ្រោះថ្នាក់ធំៗ ដែលបានកើតឡើងនាពេលកន្លងមក អ្នកដំណើរតាមទូកទាំងនោះ ភាគច្រើនមិនបានពាក់អាវការពារលិចទឹក ព្រមទាំងមិនចេះហែលទឹក ៕