ព័ត៌មានទាន់ហេតុការណ៍៖

បាត់ខ្លួនរាប់សិបនាក់ដោយសារលិច​ទូកនៅប្រទេសកុងហ្គោ

ចែករំលែក៖

សាធារណរដ្ឋកុងហ្គោ  តែងតែប្រឈមនឹងគ្រោះថ្នាក់លិចទូកជាបន្ត​បន្ទាប់បណ្តាល​ឲ្យមាន​អ្នកស្លា​ប់ ជាច្រើន ក្នុងមួយឆ្នាំ​ៗ  ។ នៅពេលនេះ មនុស្សចំនួន៣៦នាក់បានបាត់ខ្លួន ហើយអាចនឹង លង់ទឹកស្លាប់ បន្ទាប់ពីទូក មួយគ្រឿងបានលិចនៅក្នុងទន្លេកុងហ្គោ ស្ថិតនៅជាយក្រុង គីនសាសា (Kinshasa) ។

ទូកមួយគ្រឿងនោះបានធ្វើដំណើរទៅកាន់រដ្ឋធានី DRC បានក្រឡាប់លិចទឹកទាំង យប់ កាល ពីយប់ថ្ងៃអាទិត្យ(១៥ ខែកញ្ញា) ស្ថិតនៅក្នុងឃុំ Maluku ដែលមានចម្ងាយប្រហែល ១០០ គីឡូម៉ែត្រពីទីក្រុង Kinshasa។

ប្រភពព័ត៌មានពីប៉ូលីសនៅក្នុងតំបន់បានសរសេរនៅលើបណ្តាញទំនាក់ទំនងសង្គម Twitter របស់ខ្លួនថាមនុស្សចំនួន៧៧នាក់បានរួចពីគ្រោះថ្នាក់ដល់អាយុជីវិត បន្ទាប់ពីហេតុ ការណ៍ ខាងលើនេះបានកើតឡើង។

ប្រភពព័ត៌មានពីអ្នកនាំពាក្យប៉ូលីស លោកវរសេនីយ៍ឯក Pierrot-Rombaut Mwanamputu បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា “ហេតុការណ៍ក្រឡាប់ទូកខាងលើនេះ នៅមិនទាន់​ដឹង​ពីមូលហេតុនៅឡើយទេ” ។

ការដឹកជញ្ជូនតាមបឹង និងទន្លេ ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងប្រទេស​សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ដោយសារប្រព័ន្ធផ្លូវហាយវ៉េ មានសភាពអន់ថយ ។ ប៉ុន្តែទោះបីយ៉ាងណា ហេតុការណ៍គ្រោះថ្នាក់បានកើតឡើងជាញឹកញាប់ ដោយសារតែកត្តាផ្ទុកលើសទម្ងន់ និងស្ថានភាពនាវាគ្មានសុវត្ថិភាព ។

ទូកដែលជួបគ្រោះថ្នាក់ជាញឹកញាប់នោះ ជាប្រភេទទូក​ដែលមានឈ្មោះថា baleiniere ឬទូកបាឡែន មានរាងសំប៉ែត ដែលត្រូវបានពលរដ្ឋកុងហ្គោ​ប្រើប្រាស់ជាទូទៅ ។ ទូកនេះ​មានចម្លោះពី១៥ម៉ែត្រ​ទៅ៣០ម៉ែត្រ និងមានបណ្តោយពីពីរម៉ែត្រទៅ៦ម៉ែត្រ ។

នៅក្នុងហេតុការណ៍គ្រោះថ្នាក់ធំៗ ដែលបានកើតឡើងនាពេលកន្លងមក អ្នកដំណើរតាមទូកទាំងនោះ ភាគច្រើនមិនបានពាក់អាវការពារលិចទឹក ព្រមទាំងមិនចេះហែលទឹក ៕


ចែករំលែក៖