ភ្នំពេញ៖ សមាជិកក្រុមប្រឹក្សាសង្កាត់ស្ទឹងមានជ័យទី២ ម្នាក់ត្រូវបានចោរលួចយកម៉ូតូបាត់ទាំងកណ្ដាលថ្ងៃ ខណៈទុកម៉ូតូនៅខាងមុខផ្ទះ ៖ ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីរសៀល ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចភូមិព្រែកទាល់១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ជនរងគ្រោះជាម្ចាស់ម៉ូតូមានឈ្មោះ ជិន ធីតា ភេទស្រី ជាសមាជិកក្រុមប្រឹក្សាសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ។ ម៉ូតូដែលចោរលួចទៅបាត់នោះម៉ាក Honda Moove ពណ៌ស ខ្មៅ ស្លាកលេខភ្នំពេញ 1CZ-7842 ។
តាមប្រភពបានឲ្យដឹងថា មុនកើតហេតុជនរងគ្រោះបានទុកម៉ូតូនៅក្រៅរបងខាងមុខផ្ទះ ស្រាប់តែចេញមកបាត់ម៉ូតូតែម្ដង ។
បើយោងតាមរូបភាពកាមេរ៉ាសុវត្ថិភាព បានឃើញ ជនសង្ស័យម្នាក់ មកធ្វើសកម្មភាពបណ្ដើរ យកម៉ូតូរួចជិះចេញទៅបាត់ដោយសុវត្ថិភាព បាត់ស្រមោល ។
ក្រោយកើតហេតុ ភ្លាមៗជនងគ្រោះបានយកឯកសារទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ២ ដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ ស្រាវជ្រាវតាមរកម៉ូតូនិងចាប់ជនសង្ស័យយកមកផ្ដន្ទាទោសតាមច្បាប់ ។
បើតាមប្រភពពីប្រជាពលរដ្ឋដែលរស់នៅមូលដ្ឋានសង្កាត់ស្ទឹងមានជ័យ២ បានឲ្យដឹងថា បច្ចុប្បន្ននៅក្នុងសង្កាត់ស្ទឹងមានជ័យ២ នេះតែងតែមានក្រុមក្មេងទំនើងជាច្រើនបានធ្វើសម្មភាពលួចទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋជាញឹកញាប់ ។ ជាក់ស្ដែងកាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌមានជ័យបានបង្ក្រាប និងចាប់ខ្លួនក្រុមទំនើងចែកចាយ និងប្រើប្រាស់គ្រឿងញៀនបានចំនួន២៥នាក់ ក្ដៅៗ តែអ្វីដែលគួរខ្លាចទៀតនោះ ខណៈសមត្ថកិច្ចមិនទាន់ធ្វើកំណត់ហេតុរឿងមួយនេះរួចរាល់ផងស្រាប់តែមានចោរលួចម៉ូតូទៀតទៅហើយ៕ ភារ៉ា ដង្កោ