ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តតាកូម៉ា បើកបុកបង្កាន់ដៃស្ពានក្រឡាប់ផ្ងារជេីងម្ខាង បណ្ដាលឲ្យបុរស២នាក់រងរបួសធ្ងន់ស្រាល

ចែករំលែក៖

ភ្នំពេញ៖ បុរស២នាក់បានរងរបួសធ្ងន់ស្រាល ក្រោយពីបើករថយន្តម៉ាក តាកូម៉ា មួយគ្រឿងលឿនដូចហោះហើយរេចង្កូតទៅបុកបង្កាន់ដៃស្ពានបណ្ដាលឲ្យដាច់កង់មុខមួយចំហៀងនិងក្រឡាប់ផ្ងារជេីងម្ខាង បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ កាលពីវេលាម៉ោង១០ និង២០នាទីយប់ ថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្ដោយផ្លូវ៣៦៩ ក្នុងភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកេីតហេតុគេបានឃើញរថយន្តបង្កម៉ាក តាកូម៉ា មួយគ្រឿង ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខ ត្បូងឃ្មុំ 2A-7313 បេីកបរដោយបុរសម្នាក់និងអ្នករួមដំណេីរម្នាក់ទៀតក្នុងស្ថានភាពស្រវឹងស្រា ធ្វើដំណើរតាមបណ្ដោយផ្លូវ៣៦៩ ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿនដូចហោះ ខណៈមកដល់ចំណុចកេីតហេតុខាងលេីស្រាប់តែរេចង្កូតទៅបុកបង្កាន់ដៃស្ពានបណ្ដាលឲ្យរថយន្ដដាច់កង់មុខផ្នែកខាងស្ដាំមួយចំហៀងអូសប្រហែលជាង២០ម៉ែត្រផ្ទុះពោងទាំង២ និងក្រឡាប់ផ្ងារជេីងម្ខាងរងការខូចខាតយ៉ាងដំណំ ។

ចំណែកអ្នកបើកបរ និងអ្នករួមដំណើររងរបួសធ្ងន់ម្នាក់ ស្រាលម្នាក់ ហើយត្រូវបានសាច់ញាតិដឹកតាមរថយន្តយកទៅសង្គ្រោះនៅមន្ទីពេទ្យភ្លាមៗ ។ ដោយឡែកឯបង្កាន់ដៃស្ពានរងការខូចខាតតិចតួច ។

ក្រោយកេីតហេតុសមត្ថកិច្ចបានចុះមកដល់ចំណុចកើតហេតុ ហើយទាក់ទងទៅខាងជំនាញចរាចរណ៍មកវាស់វែង និងស្ទូចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជេីងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមច្បាប់ ៕ ភារ៉ា ដង្កោ


ចែករំលែក៖