ព័ត៌មានទាន់ហេតុការណ៍៖

ចាន់ណា រ៉ូណាន បញ្ចេញភាពយន្តខ្នាតធំថ្មីជាផ្លូវការហើយគឺរឿង កុំងាកក្រោយ 

ចែករំលែក៖

ភ្នំពេញ៖ ទីបំផុតស្នាដៃថ្មីរបស់ផលិតករពោរពេញដោយទេពកោសល្យ លោក ចាន់ណា រ៉ូណាន នោះបានចេញជាផ្លូវការហើយគឺរឿង “កុំងាកក្រោយ”។ ភាពយន្តនេះ ត្រូវបានបញ្ចេញរូបថត និងកំណត់ថ្ងៃចាក់បញ្ចាំងជាផ្លូវការហើយ នៅចុងឆ្នាំ២០១៩នេះបន្ទាប់ពីអ្នកគាំទ្រអ្នកនិពន្ធវ័យក្មេងរូបនេះទន្ទឹងរង់ចាំអស់ពេលជាយូរ ។

ជាភាពយន្តខ្នាតធំបែបកំប្លែង ភ័យរន្ធត់ កម្សត់ លាយបញ្ចូលគ្នានេះត្រូវបានផលិតឡើងអស់ជាច្រើនខែ និងក្រោមការបោះទុនវិនិយោគដោយផលិតកម្មGalaxy Navatra ។ ទើបតែបញ្ចេញ រូបភាពផ្សព្វផ្សាយ ភាពយន្តនេះក៏ទទួលបានការចាប់អារម្មណ៍ភ្លែត ។ នេះជាភាពយន្តថ្មីមួយទៀតដែលនិពន្ធ និងដឹកនាំរឿងដោយ លោក ចាន់ណា រ៉ូណាន បន្ទាប់ពីរឿង”កំណត់ហេតុនាងនាថ” និងរឿង”សសរកន្លោង” ដែលទទួលបានការគាំទ្រច្រើនពីទស្សនិកជននោះ។

លោក រ៉ូណាន បញ្ជាក់ថា ជាស្នាដៃដែលលោកបានដាក់ចិត្តដាក់បេះដូង កម្លាំងកាយចិត្តរួមគ្នាជាមួយសិល្បករ និងក្រុមការងារដើម្បីបង្កើតឲ្យបានភាពយន្តដែលមានគុណភាព និងបំពេញចិត្តទស្សនិកជន។ ទោះឆ្លងកាត់ការលំបាក ពិសេសការថតរហូតដល់យប់ជ្រៅ ទីតាំងនៅខេត្តបាត់ដំបង ប៉ុន្តែក្រុមការងារ សិល្បករ ពិតជាសប្បាយចិត្តដែលស្នាដៃមួយនេះត្រៀមចាក់បញ្ចាំង។

លោកថា ភាពយន្តនេះក៏ជាការសាទរស្របពេលដែលតួឯក លោកទ្រី តារាវុធ បាននិងកំពុងបង្ហាញវត្តមានក្នុងព្រឹត្តិការណ៍ប្រកួតសម្រស់ផ្នែកបុរស Man Of The Year នៅប្រទេសមីយ៉ាន់ម៉ា។

លោកថាភាពយន្តនេះនឹងត្រូវចាក់បញ្ចាំងជាផ្លូវការនៅថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ២០១៩ខាងមុខ ហើយក្រៅពីលោក ទ្រី តារាវុធ ភាពយន្តនេះក៏ចូលរួមសម្តែងពីសំណាក់សិល្បករប្រុសស្រីល្បីឈ្មោះជាច្រើនទៀតមានដូចជា កញ្ញា យ៉ែម ស្រីពេជ្រ លោក ជា លាងឈែ លោក ភីម៉ៃ លោកស្រី អ៊ុំ សក្ខណា ជាដើម៕ វឌ្ឍនា


ចែករំលែក៖