ខេត្តឧត្ដរមានជ័យ៖ ប្រភពពីមន្ត្រីរាជការនៅក្នុងមន្ទីរសុខាភិបាលខេត្តឧត្ដរមានជ័យ បានឲ្យដឹង នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ថា៖ ក្នុងតំណែងជាប្រធានសុខាភិបាលខេត្តឧត្ដរមានជ័យ ។
លោក ឃ្លោក ហួត បានប្រើតួនាទី និងអំណាចរបស់ខ្លួនប្រព្រឹត្តអំពើពុករលួយតាមរូបភាពជាច្រើន ដោយគ្មានញញើតអ្វីទាំងអស់ ព្រោះអាងមានខ្នងបង្អែករឹងមាំក្នុងក្រសួងសុខាភិបាល ។
ប្រភពបានបង្ហើបឲ្យដឹងថា គម្រោងចំណាយផ្សេងៗសម្រាប់មន្ទីរសុខាភិបាលខេត្តឧត្ដរមានជ័យ ពោរពេញទៅដោយភាពមិនប្រក្រតីព្រោះលោក ឃ្លោក ហួត និងបក្ខពួកបំប៉ោងគម្រោងចំណាយកេងប្រវ័ញ្ចថវិការដ្ឋតាមអំពើចិត្ត ។ ដូច្នេះហើយទើបមានសេចក្ដីអំពាវនាវឲ្យលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ចាត់វិធានការទប់ស្កាត់អំពើពុករលួយ និងទង្វើមិនប្រក្រតីរបស់លោក ឃ្លោក ហួត ខ្លះផងដើម្បីកុំឲ្យលោក ឃ្លោក ហួត ព្រមទាំងបក្ខពួកធ្វើអ្វីៗតាមអំពើចិត្តទៀត ។
ប្រភពដែលស្និទ្ធនឹងលោក ឃ្លោក ហួត ប្រធានមន្ទីរសុខាភិបាលខេត្តឧត្ដរមានជ័យ ត្រូវបានគេសង្ស័យថា ជាអ្នកនៅពីក្រោយគ្លីនិកឈ្មោះ ប្រាជ្ញ សុគន្ធ ហៅពេទ្យបាន ដែលមានទីតាំងនៅទីរួមស្រុកអន្លង់វែង ហើយគ្លីនិកនេះធ្វើឲ្យមានអ្នកជំងឺស្លាប់ជាបន្តបន្ទាប់នាពេលកន្លងមក ។ ប្រភពបានឲ្យដឹងទៀតថា លោក ឃ្លោក ហួត មិនចាត់វិធានការតាមច្បាប់ទៅលើឃ្លីនិក ប្រាជ្ញ សុគន្ធ ហៅពេទ្យបាននោះទេ បើទោះបីគ្លីនិកនោះព្យាបាលបណ្ដាលឲ្យអ្នកជំងឺស្លាប់បាត់បង់ជីវិតជាបន្តបន្ទាប់យ៉ាងណាក៏ដោយ ។ ជាងនេះទៅទៀតម្ចាស់គ្លីនិក ប្រាជ្ញ សុគន្ធ ហៅពេទ្យបាន តែងយកឈ្មោះលោក ឃ្លោក ហួត ប្រធានមន្ទីរសុខាភិបាលខេត្តឧត្ដរមានជ័យ ទៅប្រើដើម្បីឲ្យគ្លីនិករបស់ខ្លួនអាចដំណើរការទៅយ៉ាងរលូនទៀតផង ។
ថ្មីៗនេះមន្ត្រីរាជការក្នុងមន្ទីរសុខាភិបាលខេត្តឧត្ដរមានជ័យ បានរិះគន់ថា គ្លីនិក ប្រាជ្ញ សុគន្ធ ហៅពេទ្យបាន កំពុងប្រើប្រាស់គ្រូពេទ្យដែលគ្មានជំនាញច្បាស់លាស់ និងយកជីវិតមនុស្សទៅពិសោធន៍ថ្នាំពេទ្យទើបបណ្ដាលឲ្យអ្នកជំងឺដែលចូលទៅសម្រាកព្យាបាលត្រូវស្លាប់បាត់បង់ជីវិតជាបន្តបន្ទាប់ ។ ប្រភពបានឲ្យដឹងទៀតថា ប្រសិនបើគ្មានលោក ឃ្លោក ហួត ជាបង្អែករឹងមាំទេនោះ គឺគ្លីនិក ប្រាជ្ញ សុគន្ធ ហៅពេទ្យបាន ដែលមានទីតាំងក្នុងទីរួមស្រុកអន្លង់វែង មិនអាចដំណើរការយ៉ាងរលូនមកដល់ពេលនេះឡើយ ។ ហេតុនេះលោក ម៉ម ប៊ុនហេង ដែលជារដ្ឋមន្ត្រីក្រសួងសុខាភិបាល មិនគួរបណ្ដែតបណ្ដោយឲ្យលោក ឃ្លោក ហួត ប្រធានមន្ទីរសុខាភិបាលខេត្តឧត្ដរមានជ័យ និងបក្ខពួកធ្វើអ្វីៗស្រេចតែអំពើចិត្តតទៅទៀតទេ ។ ជាពិសេសលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល មិនគួរទុកឲ្យលោក ឃ្លោក ហួត និងបក្ខពួកពង្រឹងបណ្ដាញពុករលួយយ៉ាងរឹងមាំនៅក្នុងមន្ទីរសុខាភិបាលខេត្តឧត្ដរមានជ័យ ដូចសព្វថ្ងៃនេះទៀតឡើយ ៕ ប៉ែន នួន