ខេត្តកំពង់ធំ ៖ បុរសចំណាស់ម្នាក់ត្រូវឃាតកវាយសម្លាប់ រួចអូសទម្លាក់ទឹកប្រឡាយ និងបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោងប្រមាណ២ និង៣០នាទីរសៀល ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩ នៅក្នុងទឹកប្រឡាយ នៅភូមិស្អៀរ ឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ។
សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះ ត្រូវបានអ្នកភូមិប្រទះឃើញអណ្ដែតក្នុងទឹកប្រឡាយតាមដងផ្លូវ ក៏ហៅគ្នាមកស្រង់ដាក់លើគោក ទើបមានគេស្គាល់គឺឈ្មោះ ឃៀន វី ហៅ ថោង លាង អាយុ៥៥ឆ្នាំ ជាអ្នកស្រុកតំបន់នេះ និងជាអតីតយុទ្ធជនបាត់បង់សមត្ថភាព ។
បើតាមប្រពន្ធរបស់ជនរងគ្រោះ ឈ្មោះ ធន់ សារ៉េន និយាយថា ប្តីរបស់គាត់បានបាត់ពីផ្ទះកាលពីយប់ថ្ងៃទី២១ ខែកញ្ញា ដោយមិនដឹងថា គាត់ទៅទីណានោះទេ លុះមកដល់រសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩ ទើបរូបគាត់ជាប្រពន្ធបានទទួលដំណឹងថា មានគេប្រទះឃើញប្តីគាត់ស្លាប់នៅក្នុងប្រឡាយទឹក មិនដឹងស្លាប់តាំងពីពេលណានោះទេ ឮដូច្នោះ រូបគាត់ និងសាច់ញាតិបាននាំគ្នាទៅដល់កន្លែងកើតហេតុតែម្ដង ។
ការស្លាប់នេះ ត្រូវបានមន្ត្រីជំនាញបច្ចេកទេសខេត្ត សហការជាមួយនគរបាលស្រុកប្រាសាទសំបូរ និងគ្រូពេទ្យទៅពិនិត្យឃើញថា ជនរងគ្រោះមានស្នាមរបួសដោយឧបករណ៍មុខរឹង ស្រួចចាក់ចំក្បាលខាងស្តាំចំនួន៤កន្លែង (មុតធ្លុះសាច់សៀតផ្កា១កន្លែង ក្រោមស្លឹកត្រចៀក២កន្លែង ជើងសក់១កន្លែង) និងមានស្នាមអូសទម្លាក់ទឹកប្រឡាយ នៅកន្លែងកើតហេតុមានបន្សល់វត្ថុតាង បំណែកដំបងឈើចំនួន៧ចម្រៀកដែលប្រឡាក់ឈាម មួកសុវត្ថិភាពរបស់ជនសង្ស័យ១ និងកង់ជនរងគ្រោះ១គ្រឿង ។
ឆ្លងកាត់ការស្រាវជ្រាវពិនិត្យកន្លែងកើតហេតុ និងការចាប់យកវត្ថុតាងទាំងឡាយដែលបន្សល់ទុកនៅនឹងកន្លែងកើតហេតុ សមត្ថកិច្ចជំនាញបានសន្និដ្ឋានថា ករណីខាងលើនេះ គឺជាអំពើឃាតកម្ម ដែលការសម្លាប់នេះ គឺមានគម្រោងទុកជាមុន ហើយក៏អាចជាមនុស្សស្គាល់គ្នាផងដែរ ។
ក្រោយពិនិត្យសពត្រូវបានប្រគល់ជូនក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី ចំណែកកម្លាំងសមត្ថកិច្ចកំពុងស្រាវជ្រាវដើម្បីចាប់ជនដៃដល់យកមកផ្តន្ទាទោស ៕ ប៊ុនរិទ្ធី