ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូពីរគ្រឿងបុកគ្នាយ៉ាងពេញទំហឹងបណ្ដាលឲ្យបុរសពីរនាក់ស្លាប់ភ្លាមៗ និងម្នាក់ទៀតរងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ ៖ បុរស២នាក់បានស្លាប់ភ្លាមនៅនឹងកន្លែងកើតហេតុ ឯម្នាក់ទៀតរងរបួសធ្ងន់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូពីរគ្រឿងបានបុកគ្នាយ៉ាងពេញទំហឹងកាលពីវេលាម៉ោង៨ និង៤០នាទីយប់ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៣ ក្នុងសង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះដែលស្លាប់មាន២នាក់ ៖ ទី១ ឈ្មោះ ចាន់ សុធារិទ្ធ (ហៅម៉ាប់) ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរបើករថយន្ត  ស្នាក់នៅជិតផ្សារបឹងបៃតង ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ មានស្រុកកំណើតនៅ ភូមិដានគោម ស្រុកអង្គរជ័យ ខេត្តកំពត ជិ:ម៉ូតូZoomer X ពណ៌ស លាយខ្មៅ ពាក់ស្លាកលេខភ្នំពេញ1BX-7299 និងទី២ ឈ្មោះ ងុយ ប៉ក ភេទប្រុស អាយុ២៣ឆ្នាំ មានស្រុកកំណើតនៅឯខេត្តតាកែវ  ជាភាគីខាងម៉ូតូហុងដាឌ្រីម ០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1M-1189 ដោយមានបុរសម្នាក់ទៀតរងរបួសធ្ងន់ កំពុងសង្គ្រោះបន្ទាន់ ។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា នៅពេលកើតហេតុ គេឃើញម៉ូតូ២គ្រឿងខាងលើបានធ្វើដំណើរបញ្ច្រាស់គ្នា ហើយបានបុកគ្នាចំពីមុខយ៉ាងពេញទំហឹងពេលទៅមើលក៏ឃើញបុរស២នាក់ស្លាប់ភ្លាមៗ និងបុរសម្នាក់ទៀតរងរបួសធ្ងន់ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុ ហើយបានទាក់ទងទៅខាងជំនាញចរាចរណ៍ឲ្យមកធ្វើការវាស់វែងយកម៉ូតូទាំងពីរគ្រឿងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ រងចាំដោះស្រាយតាមនីតិវិធី ។ ចំណែកសពជនរងគ្រោះទាំងពីរនាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វើកំណត់ហេតុប្រគល់ឲ្យសាច់ញាតិក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ភារ៉ា ដង្កោ


ចែករំលែក៖