ខេត្តសៀមរាប៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចបញ្ចប់តំណែងលោកឧត្តមសេនីយ៍ត្រី អ៊ុំ ករុណា នាយប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិសៀមរាបហើយដោយដាក់លោកឧត្តមសេនីយ៍ត្រី ទឹម សុភា ពីអនុប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចទៅជានាយប៉ុស្តិ៍នគរបាលច្រកទ្វារវិញ។
យោងតាមប្រកាសស្តីពីការបញ្ចប់នឹងតែងតាំងមុខតំណែងមន្ត្រីនគរបាលជាតិ កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចបញ្ចប់តំណែងលោកឧត្តមសេនីយ៍ត្រី អ៊ុំ ករុណា ពីនាយប៉ុស្តិ៍នគរបាលច្រកទ្វារអាកាស យានដ្ឋានអន្តរជាតិសៀមរាប ប៉ុន្តែរក្សាមុខតំណែងជាអនុប្រធាននាយកដ្ឋានច្រកទ្វារទី១ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ។
ចំណែកឯលោកឧត្តមសេនីយ៍ត្រី ទឹម សុភា ពីអនុប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ជានាយប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិសៀមរាប នាយកដ្ឋានច្រកទ្វារទី១ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍។
សូមរំលឹកថា កន្លងមកមានមន្ត្រី នគរបាល ប្រចាំនៅច្រកទ្វារអន្តរជាតិ អាកាសយានដ្ឋាន ខេត្តសៀមរាប នាំគ្នាគ្រោងផ្តិតមេដៃ ដាក់ពាក្យ បណ្តឹង ដោយប្តឹង មេប៉ុស្តិ៍ របស់ខ្លួនទៅ អគ្គស្នងការនគរបាល ក៏ដូចជាប្តឹង ទៅសម្តេចក្រឡាហោម ស ខេង ផងដែរពាក់ព័ន្ធ នឹងករណី ប្រព្រឹត្តអំពើពុករលួយក្នុងអង្គភាពបក្ខពួកនិយមធ្វើអោយមន្ត្រីក្រោមឱវាទមាន ការក្តៅក្រហាយមិនសប្បាយចិត្តត្បិតលោក វរៈសេនីយ៍ឯក អ៊ុំ ករុណា ដែលជាមេប៉ុស្តិ៍មានការគៀបសង្កត់លើកូនចៅរបស់ខ្លួនយ៉ាងអយុត្តិធម៍បំផុត។
មន្ត្រីនគរបាលម្នាក់បានបង្ហើបឱ្យដឹងថា៖ ជារៀងរាល់ថ្ងៃមានអ្នកដំណើរឆ្លងកាត់ចេញចូល ច្រកអាកាសយានដ្ឋានអន្តរជាតិខេត្ត សៀមរាបនេះយ៉ាងច្រើនមិនក្រោមពី៧០០នាក់ទៅ ៨០០នាក់ឡើយ ជាកំណើនមួយគួរឱ្យកត់សម្គាល់គឺលើសពីជំនាន់មេប៉ុស្តិ៍ មុនៗដាច់។
ប្រភពបន្តទៀតថា ក្នុងអ្នកដំណើរម្នាក់ៗលោក អ៊ុំ ករុណា អាចរកចំណូចប្រមាណ៣ដុល្លារ តាមរយៈ វាយ(VIP) បើយក៣ ដុល្លារ គុណនឹង៨០០នាក់ ស្មើនឹង ២,៤០០ ដុល្លារ ក្នុងមួយថ្ងៃ ជាថវិការចូលទៅក្នុងហោប៉ៅ ផ្ទាល់ខ្លួនរបស់នាយប៉ុស្តិ៍ អ៊ុំ ករុណា ផ្ទាល់តែម្តង ដោយមិនបានចែករំលែកឱ្យកូនចៅចាយ ក្រោមឱវាទបានមួយកាក់មួយសេនឡើយពោល គឺលោក មេប៉ុស្តិ៍ យកផលប្រយោជន៍ សម្រាប់ធ្វើមានធ្វើបានផ្ទាល់ខ្លួន យ៉ាងរំភើយសប្បាយលើគំនរទុក្ខ មន្ត្រីក្រោមឱវាទមួយអង្គភាព៕ប៊ុនរិទ្ធី