ខេត្តសៀមរាប៖ ក្រោមកិច្ចយកចិត្តទុកដាក់ខ្ពស់របស់លោកប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និង ជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានចង្អុលបង្ហាញឲ្យលោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប បញ្ជាកងកម្លាំងគ្រប់អធិការក្រុង ស្រុក ចុះជួយប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ នៅថ្ងៃទី២៤ កញ្ញា ឆ្នាំ ២០១៩ ព្រមទាំងឲ្យកងកម្លាំងទាំងអស់ត្រៀមកម្លាំងអន្តរាគមន៍ ដោយសហការជាមួយកងកម្លាំងប្រជាការពារ ត្រៀមសំភារះ មធ្យោបាយគ្រប់ប្រភេទ ជួយដល់ប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ទឹកភ្លៀង និង សហការជាមួយកម្លាំងពាក់ពន្ធ័ ពិសេសកម្លាំងក្នុងគណ:បញ្ជាការឯកភាពក្រុង /ស្រុកចេញអន្តរាគមន៍ជួយប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ។
លោកក៏ បានឲ្យគ្រប់អធិការក្រុង/ស្រុកដែលជួបបញ្ហាគ្រោះទឹកជំនន់ខាងលើ សូមធ្វើសេចក្តីរាយការណ៍មកជាទាន់ពេលវេលា មក គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើមី្បមានវិធានការដោះស្រាយជាបន្ទាន់ផងដែរ ។
ជាក់ស្តែង នៅក្នុងខេត្តសៀមរាប មកដល់ថ្ងៃទី២៥ កញ្ញានេះ មានស្រុកចំនួន ៧ដែលទទួលរងគ្រោះ រួមមាន ស្រុក វ៉ារិន , អង្គរជុំ , ពួក , ជីក្រែង , សូទ្រនិគម,ក្រឡាញ់ និងស្រីស្នំ បានទទួលរងគ្រោះដោយសារគ្រោះទឹកជំនន់ ហើយកងកម្លាំងក្រុង/ស្រុក និងប្រជាការពារ បានអនុវត្តតាមបទបញ្ជា និង បានខិតខំប្រឹងប្រែងជួយទប់ស្កាត់ និង សង្រ្គោះ ការពារអាយុជីវិតប្រជាពលរដ្ឋ ដែលទទួលរងគ្រោះ ។ ក្នុងនោះដែរលោកស្នងការនគរបាលខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមធ្វើ ការផ្អាកការធ្វើចរាចរណ៍ទៅមក នៅតាមតំបន់មួយចំនួនដែលទឹកជំនន់កំពុង គំរាមកំហែង នៅតាមផ្លូវជនបទ ក្នុងការបញ្ជៀសនូវ ការគ្រោះថ្នាក់ដល់បងប្អូន សំខាន់ចំពោះកុមារតូច ដោយទឹកបានកំពុងជនខ្លាំងនេះ ៕ ប៊ុនរិទ្ធី