នៅលើបណ្តាញសង្គម Twitter កាលពីថ្ងៃទី៣០ ខែកញ្ញា ប្រធានាធិបតីអាមេរិក ដូណាល់ ត្រំា បានជូនពរចិន ក្នុងឱកាសប្រារព្ធ ទិវាទី៧០ឆ្នាំ ថ្ងៃបង្កើត បក្សកុម្មនុយនិស្តចិន ប៉ុន្តែលោកត្រាំមិនភ្លេចព្រមានចិនឡើយ ដោយបញ្ជាក់ថា អាមេរិកនឹងយកឈ្នះនៅក្នុងសង្គ្រាមពាណិជ្ជកម្ម។
លោកត្រាំបានបញ្ជាក់ថា ជាច្រើនឆ្នាំកន្លងមក នៅទីបំផុតអាមេរិក បានភ្ញាក់ខ្លួន ដឹងពីគម្រោង ប្រកបដោយមហិច្ឆតា របស់ចិនក្នុងការគ្រប់គ្រងពិភពលោកទាំងមូល ក្លាយជាមហាអំណាចពិភពលោក នៅក្នុងសតវត្សរ៍ទី២១ ។ លោកត្រាំបានសរសេរនៅលើបណ្តាញសង្គមថា«យើងនឹងទទួលបានជ័យជំនៈ ពួកគេមិនត្រូវបំផ្លាញកិច្ចព្រមព្រៀងដែលទទួលបានឡើយ។ ជូនពរថ្ងៃកំណើតចិន!»។
ប្រទេសចិននៅថ្ងៃទី១ ខែតុលា ឆ្នាំ២០១៩ បានប្រាព្ធពិធីអបអរសាទរ ខួបលើកទី៧០ឆ្នាំរបស់ខ្លួនដែលជាថ្ងៃបង្កើតគណបក្សកុម្មុយនីស្តចិន ។ ការប្រារព្ធពិធីខួបលើកនេះ រដ្ឋាភិបាលទីក្រុងប៉េកាំងបានបង្ហាញសាច់ដុំយ៉ាងខ្លាំង តាមរយៈការដង្ហែក្បួនរថក្រោះ ក្បួនមីស៊ីល និងកងកម្លាំងគ្រប់ប្រភេទយ៉ាងច្រើនសន្ធឹក ។
អាជ្ញាធរក្រុងប៉េកាំងបានបិទផ្លូវខ្វាត់ខ្វែង, ហាមឃាត់ការបង្ហោះខ្លែង និងបិទកន្លែងកម្សាន្តបារ មួយចំនួន ។ កងកម្លាំងសន្តិសុខបានរិតបន្តឹង និងការពារសន្តិសុខយ៉ាងរឹងមាំដល់ព្រឹត្តិការណ៍ខួបមួយនេះ ក៏ដូចជារំលឹកដល់ប្រទេសមួយដែលហែកហួរដោយសារភ្នក់ភ្លើងសង្គ្រាម និងភាពក្រីក្រ រហូតក្លាយខ្លួនជាប្រទេសដែលមានសេដ្ឋកិច្ចលំដាប់ទី២នៅលើពិភពលោក ។
ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ត្រូវបានចាត់ទុកថា ជាមេដឹកនាំដែលមានឥទ្ធិពលខ្លាំងជាងគេបំផុត បន្ទាប់ពីមេដឹកនាំ ម៉ៅ សេទុង អ្នកដែលបង្កើតសាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី១ ខែតុលា ឆ្នាំ១៩៤៩នោះមក ។ លោក ស៊ី ជីនពីង បានត្រួតពិនិត្យដោយទឹកមុខមាំមួន ក្បួនធ្វើព្យុហយាត្រាយោធាដ៏ធំដែលឆ្លងកាត់ទីលាន ធៀនអានមេន ។
ក្រុមអ្នកជំនាញខ្លះបាននិយាយថា ក្បួនព្យុហយាត្រានោះ មានលាយឡំទៅដោយអាវុធធុនថ្មីៗ ទំនើបៗ ដូចជាយន្តហោះគ្មានមនុស្សបើកបរ(ដ្រូន) និងខែលមីស៊ីលផ្លោងអន្តរទ្វីប អាចបាញ់គ្របដណ្តប់បានទូទាំងទឹកដីអាមេរិកផងដែរ ក៏មានវត្តមាននៅក្នុងនោះផងដែរ ។ នេះជាការបង្ហាញខ្លួនជាសាធារណៈអាវុធធុនទំនើបបែបនេះរបស់ប្រទេសចិន ។
លោកប្រធានាធិបតី ស៊ី បានថ្លែងនៅក្នុងព្រឹត្តិការណ៍នោះថា «សាមគ្គី គឺជាដែកថែប សាមគ្គីជាប្រភពនៃកម្លាំង» ។
ព្រឹត្តិការណ៍នេះ មានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ពិភពលោក ដោយគេគ្រប់គ្នាអាចព្យាករអំពីភាពខ្លាំងរបស់រដ្ឋាភិបាលប៉េកាំងទៅលើវិស័យយោធា ។ ប៉ុន្តែយ៉ាងណាក៏ដោយ ឧបសគ្គនៅតែតាមលង និងសាកល្បងសមត្ថភាពរបស់មេដឹកនាំចិនដដែល គឺការរក្សាស្ថេរភាពសេដ្ឋកិច្ចរបស់ប្រទេសនេះ ក៏ដូចជាកិច្ចការនយោបាយ ទាំងក្នុង និងក្រៅប្រទេសផងដែរ ៕