ព័ត៌មានទាន់ហេតុការណ៍៖

កូរ៉េខាងជើង ជំរុញអាមេរិក វិលត្រឡប់មកពិភាក្សាគម្រោងថ្មីស្តីពីការរំសាយកម្មវិធីបរមាណូ

ចែករំលែក៖

រដ្ឋាភិបាលកូរ៉េខាងជើង នៅដើមខែតុលានេះ បានស្នើដល់ អាមេរិក ឲ្យបន្តកិច្ចពិភាក្សាស្តីពីការរំសាយអាវុធបរមាណូ​ ។ ទីក្រុងព្យុងយ៉ាងបានប្រកាសថា កិច្ចពិភាក្សា រីកចំរើនឆ្ពោះទៅមុខ ឬថយក្រោយ អាស្រ័យទៅលើការសម្រេចរបស់អាមេរិក​ ។

មានប្រសាសន៍នៅក្នុង មហាសន្និបាតអង្គការសហប្រជាជាតិ ​នៅទីក្រុងញូវយ៉ក នាពេលកន្លងមក អគ្គរដ្ឋទូតកូរ៉េខាងជើងប្រចាំនៅអង្គការសហប្រជាជាតិ លោក Kim Song បានអំពាវនាវដល់អាមេរិក​ អនុវត្ត ទៅតាមសេចក្តីប្រកាសរួម នៅក្នុងជំនួប កាលពីថ្ងៃទី​១២ ខែ មិថុនាឆ្នាំ​២០១៨ នៅប្រទេសសិង្ហបុរី ។ តាំងពីពេលនោះមកទំនាក់ទំនងរវាងអាមេរិក និងកូរ៉េខាងជើង នៅ​មិនមានការរីកចំរើន ហើយស្ថានភាពនៅឧបទ្វីបកូរ៉េនៅតែមិនទាន់រួចផុតពីភាពតានតឹង​ ភាគច្រើន​កើតចេញពី គោលនយោបាយ ចងគំនុំហួសសម័យរបស់អាមេរិក ។

តាមការលើកឡើងរបស់មន្ត្រីកូរ៉េខាងជើង អាមេរិកចាំបាច់ត្រូវតែ បោះបង់ការដាក់គំនាប់ទៅលើកូរ៉េខាងជើង ​ហើយ​បង្កើតទំនាក់ទំនងតាមបែបថ្មី​ ទើបអាចធ្វើឲ្យប្រសើឡើងនៅគ្រប់វិស័យ ។

រដ្ឋាភិបាលកូរ៉េខាងជើង​ កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩​ បានបន្ទោស​សហរដ្ឋអាមេរិក​​ ចំពោះការខកខាន​មិនបានចាប់ផ្តើមចរចាឡើងវិញ លើបញ្ហា​ជាប់គាំង​ជាងមួយឆ្នាំមកហើយ គឺក្រោយពីជំនួបលើកដំបូងបំផុត​រវាងលោក ដូណាល់ ត្រាំ និងលោកគីម ជុងអ៊ុន ស្តីអំពីការរំសាយអាវុធនុយក្លេអ៊ែរនោះ ។

ប្រទេសកូរ៉េខាងជើង​បានអះអាងថា នៅចុងខែកញ្ញា ឆ្នាំ២០១៩ ខ្លួនពិតជាមានឆន្ទៈយ៉ាងពិតប្រាកដ​នៅក្នុង​ការចាប់ផ្តើមចរចាឡើងវិញ ប៉ុន្តែ​ទីក្រុងវ៉ាស៊ីនទីក្រុងវ៉ាស៊ីនតោនអះអាងថា ចាំបាច់ខ្លួន​ត្រូវការប្រកាន់​យកនូវវិធីសាស្ត្រថ្មីមួយ​ទៅវិញ ។

លោក Mike Pompeo រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក​បានថ្លែងកាលពីពេលថ្មីៗនេះថា កិច្ចប្រជុំ​នៅចុងខែកញ្ញានេះ គឺមិនអាចទៅរួចនោះទេ បើទោះបីទីក្រុងវ៉ាស៊ីនតោន​បានត្រៀមខ្លួនជួបចរចា ហើយមានជំនឿជឿជាក់ថា វាមានសារៈសំខាន់យ៉ាងណាក៏ដោយនោះ ។

លោក Kim Song ឯកអគ្គរដ្ឋទូត​កូរ៉េខាងជើង​ប្រចាំនៅអង្គការសហប្រជាជាតិ​បានថ្លែង​នៅក្នុងអង្គមហាសន្និបាតថា វាដល់ពេលវេលាដែលទីក្រុងវ៉ាស៊ីនតោន​បង្ហាញ​អំពីគម្រោង​ដើម្បីជួបពិភាក្សា​នោះហើយ ។

លោក​ Kim Song បានបញ្ជាក់ថា តាមការសន្មត អាមេរិកគួរតែមានពេលវេលាគ្រប់គ្រាន់ហើយ​ គណនារកវិធីមួយដើម្បីបង្ហាញ​​ជាមួយយើង ។ យើង​បានបង្ហាញឆន្ទៈ​ក្នុងការអង្គុយចរចា​ជាមួយ​សហរដ្ឋអាមេរិក ដែលជាការចរចា​មួយដ៏ទូលំទូលាយទៅលើបញ្ហាដែលយើងបានពិភាក្សា​គ្នា​នាពេលកន្លងមក ។

នៅថ្ងៃចុងក្រោយ​កិច្ចប្រជុំកំពូលរបស់អង្គការសហប្រជាជាតិ ឯកអគ្គរដ្ឋទូត​កូរ៉េខាងជើង​បានអំពាវនាវ​ឲ្យ​មានការអនុវត្ត​តាមសេចក្តីថ្លែងការណ៍​ ដែលចេញដោយលោក ត្រាំ និងលោក គីម ជុងអ៊ុន បន្ទាប់ពីជំនួបលើកដំបូង​របស់មេដឹកនាំទាំងពីរ​នៅក្នុងប្រទេសសិង្ហបុរី កាលពីខែមិថុនា ឆ្នាំ២០១៨ ។ កាលណោះ មេដឹកនាំទាំងពីរ​បានព្រមព្រៀងគ្នាថា នឹងជំរុញ​ឲ្យមានទំនាក់ទំនង​ជាថ្មី និងកិច្ចការងារឆ្ពោះ​ទៅរកការរំសាយអាវុធនុយក្លេអ៊ែរ​នៅឧបទ្វីបកូរ៉េ ។

លោកឯកអគ្គរដ្ឋទូត​កូរ៉េខាងជើង​បានថ្លែងថា ពេលវេលា​ច្រើនជាងមួយឆ្នាំ​ហើយ ទំនាក់ទំនង​រវាងកូរ៉េខាងជើង និងអាមេរិក​ មានការរីកចម្រើនតិចតួចប៉ុណ្ណោះ ហើយរហូតមកដល់ពេលនេះ ស្ថានភាព​នៅឧបទ្វីបកូរ៉េ​ ក៏មិនទាន់ធូរស្បើយពីស្ថានការតានតឹង​នោះឡើយ ។ លោក Kim Song បានបន្តថា «វាអាស្រ័យទៅលើអាមេរិក ថាតើ កិច្ចចរចារវាងអាមេរិក និងកូរ៉េខាងជើងនោះ​ក្លាយជាឱកាស​ដែលធ្វើឲ្យវិបត្តិនោះធូរស្រាល ឬមិនធូរស្រាលនោះ» ។

កន្លងមករដ្ឋាភិបាលអាមេរិក បានប្រកាសថា​​ បានត្រៀមលក្ខណៈ ជួបពិភាក្សា ជាមួយ​មេដឹកនាំកូរ៉េខាងជើង​នៅក្នុងពេលឆាប់ៗខាងមុខដើម្បីស្វែងរកដំណោះស្រាយ បញ្ចប់កម្មវិធីបរមាណូ​នាំមកនៅសន្តិភាព​នៅឧបទ្វីបកូរ៉េ ។

ក្រុមអ្នកឯកទេសវិភាគបានលើកឡើងថា ទៅតាមឆន្ទៈរបស់មេដឹកនាំប្រទេសទាំងពីរ ក្នុងការបញ្ចប់វិបត្តិ​ ជំនួបពិភាក្សា អាចនឹងត្រូវបានធ្វើឡើងនៅក្នុងពេលឆាប់ៗខាងមុខ ដោយអាចរៀបចំឡើងនៅក្នុងឆ្នាំ​២០១៩នេះ ។

មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ពិតជាមានបំណង បោះបង់កម្មវិធីបរមាណូ យ៉ាងពិតប្រាកដ ប៉ុន្តែត្រូវតែមានការធានា​ដល់សន្តិសុខ សុវត្ថភាពពីអាមេរិក និងកូរ៉េខាងជើង ពិសេសគឺចុះសន្ធិសញ្ញាសន្តិភាព ។

ប៉ុន្តែកូរ៉េខាងជើង នៅតែត្រៀមលក្ខណៈ​សម្រាប់ទប់ទល់ជាមួយអាមេរិក ជានិច្ច ដោយដឹងថា អាមេរិក អាចក្រឡាស បាតដៃខ្នងដៃ​ ប្រែប្រួលគ្រប់ពេលវេលា ។ ចំណុចទាំងនោះហើយបានជាកូរ៉េខាងជើង នៅតែបន្តផលិតអាវុធទំនើប​ៗ ជាច្រើន ដើម្បីការពារខ្លួន ពេលមិនទាន់មានការធានាសន្តិសុខជាលក្ខណៈអន្តរជាតិ​។

ក្រុមអ្នកជំនាញបានលើកឡើងថា កូរ៉េខាងជើង អាចផលិតបានក្បាល់គ្រាប់បរមាណូ រាប់សិបគ្រាប់នៅក្នុងឆ្នាំ​២០២០​ខាងមុខ ប្រសិនបើអាមេរិក មិនទាន់មានកិច្ចព្រមព្រៀងណាមួយនោះ​។ ការពន្យាពេលរបស់អាមេរិក នឹងជំរុញឲ្យកូរ៉េខាងជើង ក្លាយទៅជា ប្រទេស​បរមាណូ ថ្មីនៅលើពិភពលោក និងជាប្រទេសទី​៤នៅទ្វីបអាស៊ីមានគ្រាប់បែកបរមាណូ​៕


ចែករំលែក៖