មេបញ្ជាការកម្លាំងបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ IRGC លោកឧត្តមសេនីយ៍ Hossein Salami បានបញ្ជាក់ថា អ៊ីរ៉ង់ មានសមត្ថភាពគ្រប់គ្រាន់ដើម្បី កម្ទេចអ៊ីស្រាអែល ឲ្យសល់តែផេះ លុបប្រទេសនេះចេញពីផែនទីពិភពលោក។
មានប្រសាសន៍នៅក្នុងកិច្ចប្រជុំ មន្ត្រីយោធាជាន់ខ្ពស់ នៅទីក្រុងតេអ៊ីរ៉ង់កាលពីថ្ងៃទី៣០ ខែកញ្ញា IRGC ឧត្តមសេនីយ៍ Hossein Salami បានបញ្ជាក់ថា ប្រទេសអ៊ីស្រាអែល នឹងត្រូវលុបចេញពីផែនទីពិភពលោក ប្រសិនបើប្រទេសនេះហ៊ានវាយប្រហារ ទៅលើប្រទេសអ៊ីរ៉ង់នោះ ។
នៅក្នុងព្រឹត្តិការណ៍ មួយផ្សេងទៀតពាក់ព័ន្ធនោះដែរ អ៊ីរ៉ង់បានប្រកាសនៅថ្ងៃទី១ ខែតុលា ថា ប្រទេសនេះ ស្ថិតនៅក្នុងដំណាក់កាល កសាងឃ្លាំងស្តុកប្រេង និងកំពង់ផែថ្មីនៅតំបន់សមុទ្រ Oman ព្រមទាំងបំពង់បង្ហូរប្រេងសម្រាប់អ៊ីរ៉ង់ នាំប្រេងចេញទៅក្រៅប្រទេស តាមសមុទ្រ Hormuz ដោយមិនចំណាយពេលវេលាបន្ថែមទៀតនោះឡើយ ។
តាមការលើកឡើងរបស់ក្រសួងថាមពលប្រេងរបស់អ៊ីរ៉ង់ ក្រុមហ៊ុនប្រេងជាតិ បានចុះហត្ថលេខាមានតម្លៃ ៥២លានដុល្លារ ជាមួយ ក្រុមហ៊ុនប្រេងចំនួន៣ ដើម្បីផ្គត់ផ្គង់ ម៉ាស៊ីនបូមប្រេងចំនួន៥០ គ្រឿង សម្រាប់ បំពង់បង្ហូរប្រេង Goreh-Jask ។
បំពង់បង្ហូរប្រេង Goreh- Jask មានប្រវែង១ពាន់គីឡូម៉ែត្រ ចាប់ពីខេត្ត Bushehr របស់អ៊ីរ៉ង់ ទៅកាន់តំបន់សមុទ្រ នៅទីក្រុង Bandar-e-Jask ស្ថិតនៅដែនសមុទ្រ ប្រទេស អូម៉ង់ ។ ជាមួយគ្នានោះអ៊ីរ៉ង់បានសាងសង់ឃ្លាំងស្តុកប្រេងនៅកំពង់ផែ Jask ដើម្បីស្តុកប្រេង បញ្ជូនតាមបំពង់ Goreh-Jask ដើម្បីបំពេញតម្រូវការនាំប្រេងចេញ ។
ក្រសួងថាមពលប្រេងអ៊ីរ៉ង់ បានបញ្ជាក់ថា ការសាងសង់បំពង់បង្ហូរប្រេង Goreh-Jask និងឃ្លាំងស្តុកនៅកំពង់ផែ Jask ជាអាទិភាពចម្បងរបស់រដ្ឋាភិបាលអ៊ីរ៉ង់។ តាមប្រភពព័ត៌មានពីអ៊ីរ៉ង់ បំពង់បង្ហូរប្រេងនឹងដំណើរការនៅក្នុងរយៈពេល១៨ខែខាងមុខទៀត៕