ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិចិន និងជនជាតិខ្មែរ៣នាក់ ប្រដាប់ដោយកាំភ្លើងធ្វើសកម្មភាពប្លន់ក្នុងម៉ាតមួយកន្លែង ប្រមូលយកទ្រព្យសម្បត្ដិអស់ជាច្រើន នៅស្រុកអង្គស្នួល

ចែករំលែក៖

ខេត្តកណ្ដាល៖ ក្រុមជនសង្ស័យជាជនជាតិចិន និងខ្មែរ៣នាក់ ប្រដាប់ដោយកាំភ្លើង បានធ្វើសកម្មភាពចូលមកភ្ជង់ប្លន់ប្ដីប្រពន្ធ២នាក់ ជាអ្នកលក់ដូរក្នុងម៉ាត ដោយយកខ្សែអង្រឹងចង និងយកស្កុតបិទមាត់ រួចប្រមូលយកទ្រព្យសម្បត្តិជាច្រើន រួចរត់គេចខ្លួនបាត់ស្រមោល កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ២០ និង៣០នាទី នៅចំណុចម៉ាតថ្នល់ទទឹង ស្ថិតក្នុងភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល ។

មន្រ្ដីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ជនរងគ្រោះ២នាក់ ទី១.ឈ្មោះ ចាង ឈានប៉ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិចិនដីគោក មុខរបរលក់ដូរ និងទី២. ឈ្មោះ ហ្វ័ង ឈុនឆិង ភេទស្រី អាយុ២១ឆ្នាំ ជនជាតិចិនដីគោក មុខរបរលក់ដូរ ។ ជនរងគ្រោះទាំង២នាក់នេះ ត្រូវជាប្ដីប្រពន្ធនឹងគ្នា បច្ចុប្បន្នស្នាក់នៅក្នុងម៉ាត ស្ថិតក្នុងភូមិ-ឃុំកើតហេតុ ។ ដោយឡែក ជនសង្ស័យមានគ្នា៣នាក់(មិនស្គាល់អត្តសញ្ញាណ) ជនជាតិចិន២នាក់ និងខ្មែរ១នាក់ ។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ ជនរងគ្រោះជាប្រពន្ធ រៀបចំបិទទ្វា ឯប្តីខ្លួននៅខាងក្រៅមុខផ្ទះ ស្រាប់តែជនសង្ស័យជនជាតិចិន១នាក់ ដើរចូលទៅសួរទិញមី ហើយជនរងគ្រោះជាប្តីដើរចូលតាមក្រោយ ហើយជនសង្ស័យជនជាតិចិនម្នាក់ទៀត ក៏ដើរចូលមកតាម រួចភ្ជង់កាំភ្លើងខ្លី រីឯជនសង្ស័យទី៣ ជាខ្មែរ យកខ្សែអង្រឹងមកចាប់ប្តីចង និងយកស្កុតបិតមាត់ ហើយទៅចងដៃប្រពន្ធមកក្រោយ ទើបរើកកាយរកលុយពេល ខណៈបានលុយហើយ បានបន្តនាំប្រពន្ធ ទៅបន្ទប់ខាងលើរើ រកលុយទៀតទើបចុះមកវិញកាត់ខ្សែកាមេរ៉ាសុវត្ថិភាព និងយកដុំហាតឌីសផ្ទុកទិន្នន័យកាមេរ៉ាសុវត្ថិភាពទាំងអស់ចេញទៅបាត់តែម្តង ។

ចំពោះករណីនេះ កម្លាំងជំនាញ កំពុងស្រាវជ្រាវ កសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕ ស្អាងជ័យ

 


ចែករំលែក៖