ព័ត៌មានទាន់ហេតុការណ៍៖

នារីម្នាក់អុជធូបនៅព្រះអង្គដងកើ មិនដឹងមូលហេតុវិបត្តិអ្វី មួយសន្ទុះក្រោយមកស្រាប់តែលោតទឹកទន្លេប៉ងសម្លាប់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ នារីម្នាក់ មានវ័យប្រហែលជាង៣០ឆ្នាំ បានចូលអុជធូបនៅព្រះអង្គដងកើ មិនដឹងមូលហេតុវិបត្តិអ្វី មួយសន្ទុះក្រោយមក ស្រាប់តែដើរទៅច្រាំមាត់ទន្លេប៉ុនប៉ងលោតទឹកសម្លាប់ខ្លួន បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ច និងប្រជាការពារខណ្ឌជួយសង្គ្រោះទាន់ពេលវេលា ។

ហេតុការណ៍នេះបានកើតឡើងនៅម៉ោង ១១និង៤៥នាទីព្រឹក ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៩ ស្ថិតម្ដុំមុខព្រះបរមរាជវាំង សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញនារីរងគ្រោះ បានជិះឡំប្រឺតាមួយគ្រឿង រួចចូលអុជធូបនៅកន្លែងព្រះអង្គដងកើ រំពេចនោះស្រាប់តែមិនដឹងមានរឿងអ្វីនោះទេ រូបគាត់បានដើរទៅច្រាំងទន្លេលោតទឹកសម្លាប់ខ្លួន បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ច និងប្រជាការពារខណ្ឌជួយសង្គ្រោះដោយស្រង់ឡើងលើគោកវិញភ្លាមៗ ។

ប្រភពដដែលបន្តថា បន្ទាប់ពីស្រង់នារីរងគ្រោះឡើងមកដល់លើគោកវិញ ភ្លាមនោះគេឃើញបុរសម្នាក់វ័យប្រហែលជាង៤០ឆ្នាំ បានចុះមកដល់កន្លែងកើតហេតុ ដោយប្រាប់ថារូបគាត់ជាបងប្រុសនារីរងគ្រោះ រួចហៅឡំប្រឺតាជិះចេញទៅបាត់ដោយគ្រាន់តែប្រាប់ថា នាំរូបនាងនៅម្តុំខណ្ឌច្បារអំពៅ ។

ក្នុងហេតុការណ៍នោះដែរ នារីរងគ្រោះក៏បានស្រែកថា “ខ្ញុំចង់ស្លាប់ដើម្បីប្រជាជន ព្រោះប្រជាជនគួរឲ្យអាណិតណាស់” ដោយខ្លួននិយាយពាក្យនេះជាច្រើនលើកច្រើនសារផងដែរ មិនដឹងថា មានរឿងអ្វីនោះទេ ៕ ជ្រោយពេជ្រ


ចែករំលែក៖