ខេត្តបន្ទាយមានជ័យ ៖ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ រងគ្រោះធម្មជាតិដោយជំនន់ទឹកធ្លាក់ពីប្រទេសថៃលិចភូមិចំនួន២០ និងដំណាំពលរដ្ឋខូចខាតជាង១០០០ហិកតា ដែលលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតបានថ្លែងក្នុងពិធីចែកអំណោយដល់ប្រជាពលរដ្ឋ និងសម្ភារសិក្សាដល់សិស្សានុសិស្ស នៅព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ ២០១៩ នៅក្នុងវត្តស្រះត្រាច សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។
លោក គាត ហ៊ុល បានឲ្យដឹងទៀតថា៖ ក្រុងប៉ោយប៉ែតមានសង្កាត់ចំនួន៣ និងភូមិចំនួន៣៨ ក្នុងនោះមានភូមិចំនួន២០ ដែលពេលថ្មីៗកន្លងទៅនេះ រងគ្រោះទឹកជំនន់ហូរធ្លាក់ពីប្រទេសថៃ ដោយ៨ភូមិរងការជន់លិចរយៈពេលខ្លី និង១២ភូមិរងការជន់លិចរយៈពេលវែង ព្រោះភូមិទាំងនោះ លិចដោយសារទឹកជំនន់មកពីប្រទេសថៃ និងមកពីតំបន់ផ្សេងៗ។
លោកបានបញ្ជាក់ថា៖ គ្រោះទឹកជំនន់នេះ បានបំផ្លិតបំផ្លាញធ្វើឲ្យដំណាំស្រូវរបស់ប្រជាពលរដ្ឋរងនូវការខាត អស់ចំនួន១១៧២ហិកតា និងដំឡូងមីអស់ចំនួន១០១ហិកតា និងដំណាំរួមផ្សំ១៥ផ្សេងទៀតត្រូវបានខូចខាតផងដែរ។ ក្នុងនោះអាជ្ញាធរ កម្លាំងប្រដាប់អាវុធ និងសប្បុរសជនបានជម្លៀសប្រជាពលរដ្ឋរកទីទួលសុវត្ថភាព ចែកគ្រឿងឧបភោគ បរិភោគ ចំនួន ១៤៦គ្រួសារ និងបានស្តារលូ និងកាយប្រឡាយទឹកដើម្បីដោះស្រាយនូវទុកលំបាកនាពេលលិចទឹកកន្លងមកផងដែរ។
សូមបញ្ជាក់ថា៖ គ្រឿងឧបភោគ បរិភោគដែលចែកជូនដល់ប្រជាពលរដ្ឋដែលកំពុងខ្លះខាតចំនួន១០០គ្រួសារ ក្នុង១គ្រួសារទទួលបាន៖ អង្ករ១០គីឡូក្រាម ស្ករស១គីឡូក្រាម ទឹកគោ១កំប៉ុង ទឹកក្រូច២ដប ទឹកផ្លែឈើ៥កំប៉ុង ថវិកា២ម៉ឺនរៀល និងចែកសម្ភារសិក្សាដល់សិស្សានុសិស្សចំនួន៣០០នាក់ ម្នាក់ៗទទួលបាន៖ សៀវភៅ២ក្បាល ប៊ិច២ដើម នំប័ង១ ៕ នីម វណ្ណា