ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រី Grace Smith ទីប្រឹក្សាធនាគារពិភពលោកធ្វើបទបង្ហាញការគ្រប់គ្រងសំណល់ប្លាស្ទិចនៅក្រុងព្រះសីហនុ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អនុញ្ញាតឲ្យលោកស្រី Grace Smith សហស្ថាបនិក GoGreen Cambodia ជាទីប្រឹក្សាធនាគារពិភពលោក បង្ហាញពីការគ្រប់គ្រងសំណល់ប្លាស្ទិចនៅក្រុងព្រះសីហនុ នៅសាលាខេត្តព្រះសីហនុ នារសៀលថ្ងៃចន្ទ ៩កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៩ ។

លោកស្រី Grace Smith បានធ្វើបទបង្ហាញការគ្រប់គ្រងសំណល់ប្លាស្ទិកនៅខេត្តព្រះសីហនុ ក្នុងគោលបំណង ដើម្បីឈ្វេងយល់ពីប្លាស្ទិច កេសស្នោ ថាតើ វាមានទំហំប៉ុណ្ណា មាននៅកន្លែងណា និងហូរទៅណា និងការអប់រំដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសសិក្សាលម្អិតអំពីប្រព័ន្ធអូ ប្រឡាយ នៅតាមតំបន់ឆ្នេរក្នុងខេត្តព្រះសីហនុ ។ កន្លងមកធនាគារពិភពលោកបានធ្វើយុទ្ធនាការជាមួយក្រសួងចំនួន៣ ក្នុងនោះមានក្រសួងបរិស្ថាន ក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងក្រសួងទេសចរណ៍ ។ ម្យ៉ាងទៀតបានធ្វើការងារនេះនៅតាមរាជធានី ខេត្តគោលដៅចំនួន៣ មានរាជធានីភ្នំពេញ ៤កន្លែង ខេត្តសៀមរាប ២កន្លែង និងខេត្តព្រះសីហនុ ២កន្លែង គឺនៅកំពង់ផែ និងតាមតំបន់ឆ្នេរសមុទ្រ ព្រមទាំងសុំការអនុញ្ញាតបង្ហោះឌ្រូន ចាប់យករូបភាពប្លាស្ទិចនៅតាមចំណុចគោលដៅមួយចំនួនក្នុងក្រុង ខេត្តព្រះសីហនុផងដែរ ។

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានស្វាគមន៍យ៉ាងពេញទំហឹង និងឲ្យមន្ត្រីមន្ទីរបរិស្ថានខេត្ត ចូលរួមសហការសម្រាប់ការងារបរិស្ថាន ដើម្បីដោះស្រាយបញ្ហាសំរាម គឺមិនមែនចេះតែនិយាយនោះទេ ព្រោះបរិស្ថានជាសត្រូវរបស់មនុស្ស សំរាមត្រូវបានមនុស្សជាអ្នកបង្កើត ។

លោកបានបញ្ជាក់ថា ដោយមានការអភិវឌ្ឍរីកចម្រើនរយៈពេល ២ឆ្នាំនេះ សំរាម ក៏មានការកើនឡើង តាមការព្យាក៏សំរាមអាចកើនឡើងពី ១០ទៅ ១៥ភាគរយក្នុងមួយឆ្នាំ ។ ក្នុងឆ្នាំ២០១៥ សំរាមមានចន្លោះពី ១០០ទៅ ២០០តោនក្នុងមួយថ្ងៃ មកដល់ឆ្នាំ២០១៩នេះ សំរាមមានរហូត ១.០០០តោនក្នុងមួយថ្ងៃ យើងក៏បានធ្វើយុទ្ធនាការប្រមូលសំរាម បង្កើនការដឹកសំរាមចេញ ដោយចង់ដឹងថា សំរាមមានប៉ុន្មានក្នុងមួយថ្ងៃ ។ បច្ចុប្បន្នក្រុមហ៊ុនប្រមូលសំរាមមានឡានដឹកសំរាមចេញពីក្រុងចំនួន ៨៥គ្រឿង និងបន្ថែម ៨០គ្រឿងទៀតនៅពេលខាងមុខ ក៏ប៉ុន្តែការប្រមូលសំរាម ជួបវិបត្តខ្វះកម្មករ ព្រោះខេត្តព្រះសីហនុ ជាខេត្តសេដ្ឋកិច្ច នូវពេលក្រុមហ៊ុនរើស កម្មករគ្រប់ បានតែរយៈពេលខ្លីតែប៉ុណ្ណោះ ពួកគេនឹងទៅរកការងារកន្លែងថ្មី ។ គួបផ្សំនឹងផ្លូវថ្នល់មានការខូចខាត និងការកកស្ទះចរាចរណ៍៍៍ផង ។ តាមធម្មតាឡានអាចដឹកសំរាមចេញបាន ៣ជើងក្នុងមួយថ្ងៃ តែនៅពេលកកស្ទះ ការដឹកជញ្ជូនសំរាមចេញបានតែមួយជើងក្នុងមួយថ្ងៃ ជាបញ្ហាប្រឈមនាពេលបច្ចុប្បន្ន ។ រដ្ឋបាលខេត្ត បានពិភាក្សារកដៃគូរវិនិយោគលើសំរាម ដោយបំលែង(ដុត)សំរាម ទៅជាអគ្គីសនី ដើម្បី ជួយកាត់បន្ថយបរិមាណសំរាម ។ បញ្ហាប្រឈមមួយទៀត សំរាមបានហូរតាមទឹកភ្លៀងចូលលូទឹកកខ្វក់ និងធ្លាក់ចូលសមុទ្រនៅរដូវវស្សា ។

លោក អភិបាលខេត្ត បានស្នើសុំការចែករំលែកផ្នែកបច្ចេកទេស ទប់ស្កាត់កុំឲ្យសំរាមហូរចូលទៅសមុទ្រ ពិសេសការដាក់សំណាញ់ស្ទាក់ចាប់កាកសំណល់នៅតាមស្ថានីយចម្រោះ និងស្ថានីយច្រោះទឹកកខ្វក់ នៅចុងឆ្នេរអូឈើទាល ស្ថិតក្នុងសង្កាត់ លេខ៤ ក្រុង ខេត្តព្រះសីហនុ ហើយស្ថានីយទាំងនោះវាហូរចូលទៅក្នុងសមុទ្រ ៕ ឆ្លាម សមុទ្រ


ចែករំលែក៖