ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ១០កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក
ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៨ ខែតុលា ឆ្នាំ ២០១៩នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតអោយគណៈប្រតិភូសមាគមត្រកូល ហ៊ុន នៃប្រទេសចិន ជួបសំដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។
ក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍ដល់សមាជិកទាំងអស់ដែលបានអញ្ជើញចូលរួមនៅព្រឹកនេះ។ សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានមានប្រសាសន៍រៀបរាប់អំពីទំនាក់ទំនងដែលមានជាយូរលង់ណាស់មកហើយរវាងកម្ពុជា និងចិន ជាពិសេសសម្ដេចបានមានប្រសាសន៍គូសបញ្ជាក់អំពីសារៈសំខាន់នៃការប្រកាន់យកនយោបាយចិនតែមួយ ដែលគោលនយោបាយចិនតែមួយនេះ គឺកម្ពុជាបានចាប់ផ្តើមតាំងពីសម័យសម្ដេចព្រះបរមរតនកោដ្ឋ សម្តេចព្រះនរោត្ដម សីហនុ មកម្លេះ ។
ក្នុងកិច្ចប្រជុំនេះគឺសហគ្រិនដែលមកពីប្រទេសចិនគឺមកពីបណ្ដាខេត្តផ្សេងៗនៃប្រទេសចិនសុទ្ធតែអ្នកវិនិយោគសំខាន់ៗ ដែលគាត់មកសិក្សាអំពីសក្តានុពល និងឱកាសវិនិយោគនៅក្នុងប្រទេសកម្ពុជា។ សម្ដេចតេជោ ក៏បានគូសបញ្ជាក់ផងដែលពាក់ព័ន្ធនឹងអ្វីដែលកន្លងមកនេះ សម្ដេចបានស្នើទៅថ្នាក់ដឹកនាំចិន ជាពិសេសឯកឧត្តមប្រធានាធិបតីចិន ស៊ី ជីនពីង និងនាយករដ្ឋមន្ត្រីចិន លឺ ខឺឈាង ឈាង នៅក្នុង៣ចំណុចសំខាន់ ៖
ទី១) សូមឲ្យក្រុមហ៊ុនចិនដែលកំពុងដាក់ទុននៅកម្ពុជាបន្ត វិនិយោគនៅកម្ពុជា ទោះបីជាមានការបញ្ហាអ្វីក៏ដោយ ជាពិសេសការដក EBA ពីកម្ពុជាក៏ដោយ គឺសម្ដេចស្នើសុំឲ្យចិននៅតែបន្តធ្វើការវិនិយោគនៅក្នុងប្រទេសកម្ពុជាជាបន្តទៀត
ទី២) សម្ដេចបានមានប្រសាសន៍ពាក់ព័ន្ធនឹងការធ្វើយ៉ាងណាឲ្យពាណិជ្ជករអ្នកវិនិយោគចិនថ្មីរបស់ចិនមកបណ្ដាក់ទុននៅប្រទេសកម្ពុជាបន្ថែម ដើម្បីធ្វើពាណិជ្ជកម្មនៅប្រទេសកម្ពុជា គឺមានន័យថាថែរក្សាចាស់និងបង្កើនការវិនិយោគថ្មី
ទី៣) សម្ដេចតេជោបានស្នើទៅថ្នាក់ដឹកនាំចិន ត្រូវធ្វើយ៉ាងណាបន្តបើកទីផ្សារចិនឲ្យកាន់តែធំជាងមុនសម្រាប់ការនាំចូលផលិតផលកសិផលរបស់ប្រទេសកម្ពុជាទៅទីផ្សាររបស់ប្រទេសចិន។
សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានគូសបញ្ជាក់ប្រាប់ពីមូលហេតុដែលរាជរដ្ឋាភិបាលបានលុបចោលនូវ online casino លើប្រទេសកម្ពុជា គឺសម្តេចបានបញ្ជាក់ថា កម្ពុជាជាប្រទេសមួយដែលប្រកាន់យកសេដ្ឋកិច្ចទីផ្សារសេរី ក៏ប៉ុន្តែការអភិវឌ្ឍប្រទេសកម្ពុជាមិនពឹងផ្អែកលើកាស៊ីណូអនឡាញទេ ប៉ុន្តែពឹងផ្អែកទៅលើកត្តាជាច្រើននៅក្នុងមូលដ្ឋានសេដ្ឋកិច្ច ដូច្នេះគឺយើងធ្វើយ៉ាងណាត្រូវតែពង្រឹងការអនុវត្តច្បាប់នៅប្រទេសកម្ពុជា និងធ្វើយ៉ាងម៉េចដើម្បីទាក់ទាញការវិនិយោគច្បាស់លាស់ តែមកវិនិយោគទៅលើវិស័យផ្សេងៗទៀត មិនមែនតែពឹងផ្អែកទៅលើកាស៊ីណូអនឡាញនោះទេ។ កម្ពុជាបានពន្ធតិចតួចណាស់តាមរយៈកាស៊ីណូអនឡាញនេះហើយកាស៊ីណូអនឡាញនេះ ក៏នាំមកនូវការប្រឈមដូចជា ឧក្រិដ្ឋកម្ម កាលាងលុយកខ្វក់ជាដើម ដែលអាចធ្វើប៉ះពាល់ដល់សង្គម។
សម្ដេចតេជោបានបញ្ជាក់ថា បច្ចុប្បន្ននេះទំហំពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងចិន មានលក្ខណៈកើនឡើងជាបន្តបន្ទាប់ ដែលចំនួននេះគោលដៅនៅក្នុងការធ្វើពាណិជ្ជកម្មដល់ឆ្នាំ២០២២ អាចកើនឡើងរហូតដល់ទៅ១០ពាន់លានដុល្លារ។ សម្ដេចតេជោក៏បានមានប្រសាសន៍ទាក់ទងនឹងយន្តការដែលកម្ពុជាកំពុងតែសហការនឹងចិនទៅលើ ចំនុចសំខាន់ៗ ដូចជានៅក្នុងអនុតំបន់ គឺកិច្ចសហប្រតិបត្តិការលើមេគង្គឡានឆាង ក្នុងអនុតំបន់មេគង្គអាស៊ានចិន និងកិច្ចប្រជុំអាស៊ីបូព៌ាជាដើម។
បច្ចុប្បន្ននេះ យើងនៅមានសក្កដានុពលជាច្រើនក្នុងការធ្វើពាណិជ្ជកម្ម និងសេដ្ឋកិច្ច ដោយសារកន្លងមកនេះយើងមានរួចទៅហើយនៅតំបន់សេដ្ឋកិច្ចសេរីរវាងអាស៊ាន និងចិនអាស៊ាន តំបន់សេដ្ឋកិច្ចសេរីរវាងអាស៊ាន ចិន ដែលយើងគួរតែមើលនៅសក្តានុពលដែលអាចនាំចេញផលិតផលកម្ពុជានាំចេញទៅកាន់ទីផ្សារចិន។ ក្នុងកិច្ចពិភាក្សានេះ សម្តេចតេជោបានជំរុញឲ្យសហគ្រិនចិនមកវិនិយោគ មកបណ្ដាក់ទុននៅក្នុងប្រទេសកម្ពុជាហើយកុំមានការភ័យព្រួយចំពោះចំណុចណានៅប្រទេសកម្ពុជាឲ្យសោះ ដោយសារតែចិន និងកម្ពុជាយើងមានទំនាក់ទំនងល្អ មានកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយទៅហើយ៕