ភ្នំពេញ៖ បុរសម្នាក់ត្រូវថ្នាំសណ្តំគេដាក់យកអស់លុយ និងខ្សែក ទូរស័ព្ទដៃ អស់ពីខ្លួន បង្កឲ្យមានការភ្ញាក់ផ្អើលទាំងយប់ ដល់អ្នកធ្វើដំណើរ និងសមត្ថកិច្ច ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៨នឹង៣៥នាទីយប់ ថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវបេតុងនៅចំណុចរង្វង់មូល នាងមច្ឆា ស្ថិតនៅក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា ។
តាមប្រភពព័ត៌មាននៅជុំវិញកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់វ័យប្រហែល២៥ឆ្នាំ មានសភាពស្លេកស្លាំងមិនដឹងខ្លួន សង្ស័យថា មានគេដាក់ថ្នាំសណ្តំបោកយកអស់លុយ និងខ្សែកទូរស័ព្ទដៃទៅបាត់ដោយពុំដឹងថា មកពីទីណា ឬនៅទីណា ទើបសន្តិសុខនៅក្បែរកន្លែងកើតហេតុនាំមកសួរនាំ និងបានរាយការណ៍ប្រាប់សមត្ថកិច្ចឲ្យមកជួយស្រាវជ្រាវរកក្រុមសាច់ញាតិផងដែរ ។
សាក្សីជាសន្តិសុខបានប្រាប់ថា ដំបូងឡើយគាត់បានឃើញជនរងគ្រោះមានសភាពដូចជាមិនសូវស្រួល មានទឹកមុខស្លេកស្លាំងសួរនាំនិយាយមិនដឹងខុសត្រូវ ទើបនាំឲ្យមកសម្រាករួចបានយកប្រេងខ្យល់មកលាបឲ្យ និងខ្លះរកមើមខ្ទឹមយកមកឲ្យជនរងគ្រោះហិត ទើបបានស្វាងរួចសួរនាំទៅទើបដឹងថា ជនរងគ្រោះត្រូវបានគេដាក់ថ្នាំសណ្តំយកអស់ខ្សែក កាបូបលុយ និងទូរស័ព្ទដៃទៅបាត់ដោយមិនដឹងខ្លួន ។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានទំនាក់ទំនងហៅសាច់ញាតិឲ្យមកយកជនរងគ្រោះដឹកទៅផ្ទះបាត់ទៅ ដោយមិនបានដាក់ពាក្យបណ្តឹងនោះទេ ៕ ធឿនព្រែកជ័យ