ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចច្រកទ្វារព្រំដែន៤០០ ស្រុកសំឡូតផ្ទុះអាវុធឡើងលើជាច្រើនគ្រាប់ ខណៈដំរីព្រៃ១ហ្វូង ចុះប្រេងចូលបុកបំផ្លាញបារ៉ាស់ត្រួតពិនិត្យខ្មែរ និងថៃរាបដល់ដី

ចែករំលែក៖

ខេត្តបាត់ដំបង៖ សមត្ថកិច្ចខ្មែរ និងថៃប្រចាំច្រកទ្វារព្រំដែន៤០០ ស្រុកសំឡូត ខេត្តបាត់ដំបងឈម និងច្រកទ្វារព្រំដែនបានមួង ស្រុកបររ៉ៃ ខេត្តតា្រត ប្រទេសថៃ ភ័យស្លន់ស្លោ និងបានផ្ទុះអាវុធឡើងលើជាច្រើនគ្រាប់ដើម្បីបង្អើលដំរីព្រៃ១ហ្វូងចុះប្រេងមានប្រមាណ២០ក្បាលឲ្យចូលដីថៃវិញ ខណៈដែលដំរីព្រៃទាំងនោះដើរចេញពីព្រៃក្នុងទឹកដីថៃចូលអុកឡុកបុកបំផ្លាញបារ៉ាស់ត្រួតពិនិត្យរបស់សមត្ថកិច្ចខ្មែរ និងថៃបាក់រាបដល់ដីនៅចំណុចច្រកទ្វារព្រំដែន៤០០កាលពីវេលាម៉ោង១០ និង៣០នាទីយប់ ថ្ងៃទី៧ ខែតុលា ​ឆ្នាំ២០១៩ ។

នាយប៉ុស្ថិ៍នគរបាលការពារព្រំដែនប្រចាំច្រកទ្វារ៤០០ លោក ម៉ី ណាន់ ប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេបានឮសម្លេងសត្វដំរីស្រែកដើរចេញពីដីថៃសមត្ថកិច្ចថៃ និងសមត្ថកិច្ចខ្មែរឈរជើងនៅច្រកទ្វារទាំងសងខាងក៏នាំគ្នារត់គេចពីហ្វូងដំរី ខណៈដែលសមត្ថកិច្ចទាំង២ភាគីដេកលង់លក់ ។ ដំរីព្រៃទាំងនោះ ក៏បានបុកបារ៉ាស់ខ្មែរ និងថៃដួលរាបដល់ដី និងដើរឆ្លងដែនចូលដីខ្មែរអុកឡុកប្រមាណ២ម៉ោង សមត្ថកិច្ចមានការភ័យខ្លាចក្រែងដំរីទាំងនោះដើរចូលអចូលបំផ្លាញទ្រព្យសមត្បត្តិ និងផលដំណាំក៏ដូចអាយុជីវិតរបស់អ្នកភូមិដោយប្រការណាមួយ ក៏បានសម្រេចផ្ទុះអាវុធឡើងលើជាច្រើនគ្រាប់ទើបហ្វូងដំរីព្រៃទាំងនោះដើរឆ្លងដែនចូលទឹកដីថៃវិញ ។

លោកនាយប៉ុស្ថិ៍ប្រាប់ឲ្យដឹងទៀតថា ក្នុងចំណោមហ្វួងដំរីព្រៃប្រមាណ២០ក្បាលមានដំរី១ក្បាលធំជាងគេចុះប្រេងធ្លាប់បង្ករបួសស្នាមជនជាតិថៃ២នាក់ប្តីប្រពន្ធបណ្តាលឲ្យរងបួស ។ ហ្វូងដំរីទាំងនោះបានមករស់នៅក្នុងដីព្រៃទឹកដីថៃក្បែរព្រំដែនរវាងកម្ពុជា និងថៃជិត១ខែមកហើយ និងមិនទាន់ទៅណាឆ្ងាយពីតំបន់ច្រកទ្វារព្រំដែន៤០០ឈម និងច្រកទ្វារបានមួងនោះឡើយទេ ។

សមត្ថកិច្ចថៃក៏ដូចជាក្រុមអភិរក្សសត្វព្រៃថៃបានជូនដំណឹងដល់ប្រជាពលរដ្ឋខ្មែរដែលឆ្លងដែនចូលទៅដីថៃឲ្យមានការប្រុងប្រយ័ត្នខ្ពស់ពីហ្វូងសត្វដំរីព្រៃ ដើម្បីចៀសវាងកុំឲ្យគ្រោះថ្នាក់ជាយថាហេតុអាក្រក់ណាមួយបង្កដោយហ្វូងសត្វដំរីព្រៃ ។

បច្ចុប្បន្នសមត្ថកិច្ចថៃ និងក្រុមអភិរក្សសត្វព្រៃថៃកំពុងតាមដានហ្វូងដំរំព្រៃក្រែងចូលទៅអុកឡុកដល់អ្នកភូមិស្រុកថៃ ៕សំ វិច្ឆិកា


ចែករំលែក៖