ខេត្តសៀមរាប ៖ សមត្ថកិច្ចបានឲ្យដឹងនៅថ្ងទី១៤ ខែតុលា ឆ្នាំ២០១៩ថា ករណីហិង្សាមួយបានកើតឡើងដោយសារតែ ក្រុមជនរងគ្រោះបានផឹកស្រាបៀរនិយាយខ្លាំងៗ និងគប់សំបកកំប៉ុងមកលើក្រុមជនសង្ស័យ ហើយក្រុមជនសង្ស័យបានលើកគ្នាប្រហែលជាង១០នាក់ដេញវាយខាងជនរងគ្រោះ បណ្ដាលឲ្យស្លាប់ម្នាក់ និងរបួស២នាក់។
ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១៦និង៣០នាទី ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩ ស្ថិតនៅចំណុចលូក្រប៉ៅទំនប់៧៨ ខាងលិចភ្នំក្រោម ក្នុងភូមិកន្ត្រក ស/កស្វាយដង្គំ ក្រុង/ខេត្តសៀមរាប។
សមត្ថកិច្ចបន្តថា ករណីអំពើហិង្សាដោយមានស្ថានទម្ងន់ទោស (ស្លាប់០១នាក់របួស០២នាក់) ដែលបង្កឡើងដោយជនសង្ស័យមួយក្រុមប្រហែលជាង១០នាក់បានធ្វើសកម្មភាពវាយទៅលើក្រុមជនរងគ្រោះដែល ទី១/ឈ្មោះ ម៉ន វ៉ិត ភេទប្រុស អាយុ២២ឆ្នាំ មុខរបរបុគ្គលិកសណ្ឋាគារ ស្លាប់ដោយធ្លាក់ទឹក។ ទី២/ឈ្មោះប៉ៅ ប៊ុនហោ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរជាងភ្លើង របួសបាក់ស្មាស្តាំ សង្គ្រោះនៅមន្ទីរពេទ្យខេត្ត។ ទី៣/ឈ្មោះគី វាសនា ហៅង៉ា ភេទប្រុស អាយុ២៨ឆ្នាំភូមិ សង្កាត់ជា១គ្នា សង្គ្រោះនៅមន្ទីរពេទ្យខេត្ត(ជាអ្នកគប់សំបកកំប៉ុងលើក្រុមជនសង្ស័យ)។ អ្នកទាំងពីរនាក់នៅភូមិបឹង សង្កាត់ក្របីរៀល ក្រុង/ខេត្តសៀមរាប។
សមត្ថកិច្ចបន្តថា ករណីនេះ មូលហេតុបណ្តាលមកពីក្រុមជងរងគ្រោះបានផឹកស្រាបៀនិយាយខ្លាំងៗ និងគប់សំបកកំប៉ុងមកលើក្រុមជនសង្ស័យ ហើយក្រុមជនសង្ស័យបានលើកគ្នាប្រហែលជាង១០នាក់ដេញវាយខាងជនរងគ្រោះតែម្ដង បណ្ដាលឲ្យមានធ្លាក់ទឹកស្លាប់ និងរបួសរងគ្រោះខាងលើ។
សូមបញ្ជាក់ថា ករណីនេះ ភាគីជនរងគ្រោះទាំង៣នាក់ បានទៅដាក់ពាក្យបណ្ដឹងនៅកងរាជអាវុធហត្ថខេត្តសៀមរាប ដើម្បីស្រាវជ្រាវឃាត់ខ្លួនជនបង្កទៅតាមផ្លូវច្បាប់ ៕ ប៊ុនរិទ្ធី