ព័ត៌មានទាន់ហេតុការណ៍៖

មេដឹកនាំកូរ៉េខាងជើង នឹងអនុវត្តនយោបាយធំៗ ក្រោយទៅកាន់តំបន់ស័ក្តិសិទ្ធិ

ចែករំលែក៖

នៅមុនពេលអនុវត្តគោលនយោបាយធំៗ ពាក់ព័ន្ធប្រទេសជាតិ មេដឹកនាំកូរ៉េខាងជើង តែងតែទៅកាន់តំបន់សក្តិសិទ្ធិ ដូចអ្វីដែលឪពុករបស់លោកបានធ្វើនៅពេលកាន់អំណាច ​។

នៅពេលនេះ មេដឹកនាំកូរ៉េខាងជើង​គីម ជុងអ៊ុន ជិះសេះ ស ទៅទស្សនកិច្ច ភ្នំ Paekdu ដែលជាទីតាំង​ដ៏ស័ក្តិសិទ្ធិបំផុតរបស់ឧបទ្វីបកូរ៉េ និងជាទីតាំង សម្រាប់សម្រេចព្រឹត្តិការណ៍ នយោបាយ បរទេសធំធេង នៅក្នុងប្រទេសនេះ។

សារព័ត៌មាន​យ៉ុនហាប់ របស់កូរ៉េខាងត្បូង បានផ្សាយនៅថ្ងៃទី​១៦ ខែតុលាថា មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានជិះសេះស ទៅកាន់ភ្នំ​ Paekdu ដែលជាភ្នំខ្ពស់បំផុតនៅឧបទ្វីបកូរ៉េ​​និងជា​ទីកន្លែងកំណើតរបស់ ឪពុក គីម ជុងអ៊ីល​ ។ នៅពេលទស្សនកិច្ចភ្នំនោះ លោកគីម ជុងអ៊ុន បានថ្កោលទោស ដល់ការដាក់ទណ្ឌកម្ម​របស់អាមេរិក ​ហើយអំពាវនាវដល់ពលរដ្ឋ ខិតខំ ពឹងលើខ្លួនឯងក្នុងវិស័យសេដ្ឋកិច្ច។​

សារព័ត៌មាន​ជាតិកូរ៉េខាងជើង​ KCNA ​បានផ្សាយថា​​ មេដឹកនាំ គីម ជុងអ៊ុន បានឡើងកំពូលភ្នំ​ Paekdu ដោយជិះសេះស មួយក្បាលឆ្លងកាត់ព្រិល គ្រប់ដណ្តប់នៅលើភ្នំនោះ ​។ ក្រៅពីនេះ មេដឹកនាំគីម ជុងអ៊ុន ក៏បានទៅទស្សនកិច្ច តំបន់ទេសចរណ៍​Samjiyon នៅជើងភ្នំផងដែរ។

នៅទីនោះលោក គីម ជុងអ៊ុនថ្កោលទោស អាមេរិក​យ៉ាងខ្លាំង ដោយលោក បញ្ជាក់ថា​«ស្ថានភាពប្រទេសជាតិជួបនៅផលលំបាក ដោយសារតែការដាក់ទណ្ឌកម្ម អត់ឈប់ឈររបស់អាមេរិក ធ្វើឲ្យពលរដ្ឋ​រងទុក្ខ ។​ ពេលនេះពលរដ្ឋបានប្រែក្លាយពីរងទុក្ខទៅជាខឹងសម្បាដល់អាមេរិក ហើយខិតខំពង្រឹងវិស័យសេដ្ឋកិច្ចរបស់ខ្លួន​»។

កំពូលភ្នំ Paekdu គឺជាទីតាំងសក្តិសិទ្ធបំផុត មុនពេលដែលសម្រេចពីគោលនយោបាយធំៗ មេដឹកនាំកូរ៉េខាងជើងតែងតែ ទៅកាន់ទីនោះ ហើយពេលនេះ លោក គីម ជុងអ៊ុន បានទៅកាន់ភ្នំខាងលើ ធ្វើឲ្យមានពាក្យចចាមអារាមថា លោកគីម នឹងមានការសម្រេចនយោបាយធំសម្រាប់ប្រទេសជាតិ ប៉ុន្តែមិនបានបញ្ចាក់ថានយោបាយអ្វីនោះឡើយ៕


ចែករំលែក៖