ព័ត៌មានទាន់ហេតុការណ៍៖

រុស្ស៊ីដើរតួនាទីយ៉ាងសំខាន់ ក្រោយអាមេរិកដកទាហានចេញពីស៊ីរី

ចែករំលែក៖

សារព័ត៌មានរ៉យទ័រ បានផ្សាយថា សហរដ្ឋអាមេរិកបានសម្រេចចិត្តដកទណ្ឌកម្មប្រឆាំងតួកគី ដែលបានដាក់កាលពី ០៩ថ្ងៃមុនវិញហើយ ជុំវិញប្រតិបត្តិការយោធាវាយលុកលើកងកម្លាំងឃើដ នៅក្នុងតំបន់ភាគខាងជើងប្រទេសស៊ីរី។

ការសម្រេចចិត្តខាងលើរបស់លោក ដូណាល់ ត្រាំ ធ្វើឡើងមួយថ្ងៃបន្ទាប់ពីរុស្ស៊ី និងតួកគី បានចុះកិច្ចព្រមព្រៀងមួយ ដើម្បីដាក់ពង្រាយយោធាឃ្លាំមើល និងបន្តសុពលភាពបទឈប់បាញ់ ១៥០ម៉ោងបន្ថែមទៀត សំដៅទុកពេលឱ្យក្រុមសកម្មប្រយុទ្ធឃើដ ដកចេញពីតំបន់ព្រំដែនតួកគី-ស៊ីរី ឱ្យបានចំងាយ ៣០គីឡូម៉ែត្រ។ ប៉ុន្តែព្រមពេលជាមួយគ្នា ទីក្រុងអង់ការ៉ាក៏បានព្រមានដែរថា ខ្លួននឹងបើកប្រតិបត្តិការយោធាឡើងវិញភ្លាមៗ បើឃើដមិនព្រមដកថយ។

ចំពោះមុខក្រុមអ្នកសារព័ត៌មាននៅឯសេតវិមាន នៅថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) លោក ដូណាល់ ត្រាំ បានលើកឡើងយ៉ាងដូច្នេះថា «ទុកឱ្យអ្នកផ្សេងប្រយុទ្ធគ្នា នៅលើវាលសាច់ប្រឡាក់ដោយឈាមនេះចុះ… ហើយទណ្ឌកម្មប្រឆាំងនឹងតួកគី នឹងត្រូវបានដកវិញ… ពីព្រោះពួកគេបានធានាថា នឹងបញ្ឈប់ការវាយលុកលើឃើដ ព្រមទាំងទទួលយកបទឈប់បាញ់ជាអចិន្ត្រៃយ៍មួយ»។

គួរជម្រាបថា តួកគីចង់បង្កើតតំបន់សុវត្ថិភាពមួយ ដោយចាក់ចូលជ្រៅទៅក្នុងទឹកដីស៊ីរី ៣០គីឡូម៉ែត្រ ទុកសម្រាប់ជនភៀសខ្លួនស៊ីរីជាងពីរលាននាក់ ដែលកំពុងស្ថិតនៅលើទឹកដីតួកគី។ ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់នោះគឺអ្នកជំនាញយល់ថា ការសម្រេចចិត្តរបស់លោក ត្រាំ ដោយទុកឱ្យតួកគី និងរុស្ស៊ីរួមគ្នាដោះស្រាយបញ្ហាឃើដ នឹងធ្វើឱ្យឥទ្ធិពលរុស្ស៊ីកាន់តែរីកធំនៅក្នុងតំបន់មជ្ឈិមបូព៌ា។

ជាមួយគ្នានេះដែរ កម្លាំងយោធា​រុស្ស៊ី​​​ឥឡូវនេះ​កំពុងល្បាត​នៅ​តាមព្រំដែន​​ស៊ីរី​កាលពីថ្ងៃទី២៣​ ខែតុលា ឆ្នាំ២០១៩ ដែលជាផ្នែកមួយ​នៃកិច្ចព្រមព្រៀងរួម ជាមួយ​តួកគី​ដើម្បី​កុំឲ្យកងកម្លាំងឃឺដ មានការរំលោភបំពាន ។

ការណ៍នេះ​បានកើតឡើង​​តែមួយថ្ងៃ​ប៉ុណ្ណោះ ដែលមេដឹកនាំរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន និង​ប្រធានាធិបតួតីគី លោក ហ៊ីដូហ្គាន បានព្រមព្រៀងគ្នា​មួយ​ឈានដល់ការបម្លាស់ផែនទី​កងទ័ព នៅស៊ីរី​ភាគឦសាននោះ ។

លោក Dmitry Peskov អ្នកនាំពាក្យវិមានក្រឹមឡាំង​បានថ្លែង​កាលពីថ្ងៃទី​២៣ ខែតុលា ឆ្នាំ២០១៩ថា «ជាក់ស្តែងណាស់ថា បើសិន​កងកម្លាំងឃឺដ មិនដកថយ មិនដកអាវុធ​របស់ពួកគេ​ទេ បន្ទាប់មក​ឆ្មាំព្រំដែនស៊ីរី, ប៉ូលិស​ យោធារុស្ស៊ី​​​ នឹងមានវិធានការតប់ត​ ហើយកម្លាំងឃឺដ​ ដែលនៅសេសសល់ពីនោះទៀត នឹងត្រូវកម្ចាត់ដោយកម្លាំងតួកគី»។

រដ្ឋាភិបាលតួកគី​បានចាត់ទុកម្លាំង​ឃឺដ​ជាភេរវករ ពីព្រោះ​ក្រុមនេះ​មានទំនាក់ទំនង​ជាមួយ​ក្រុមឃឺដ​នៅក្នុងប្រទេសតួកគី ។ រដ្ឋាភិបាល​តួកគី​ទាមទារ​ក្រុមនេះ​ដកថយ​ពីតំបន់ព្រំដែនរបស់ខ្លួន ដើម្បីបង្កើតជា​ «តំបន់សុវត្ថិភាព» ដែលតួកគី​អាចដាក់ជនភៀសខ្លួនស៊ីរី​ប្រមាណ​៣.៦លាននាក់​នៅលើទឹកដីរប់សខ្លួន ។

កម្លាំងឃឺដ​បានដកថយ​ហើយ​កាលពីថ្ងៃទី២២ ខែតុលា ពីទឹកដីលាតសន្ធឹង​ប្រហែលជាង​១២០គីឡូម៉ែត្រ ជម្រៅ​ប្រហែល​៣០គីឡូម៉ែត្រ​ រវាងទីក្រុង Ras al-Ayn និងទីក្រុង Tal Abyad ។

កិច្ចព្រមព្រៀងថ្មីជាមួយរុស្ស៊ី អនុញ្ញាតឱ្យតួកគីរក្សាការ ត្រួតត្រាទាំងស្រុងលើតំបន់ខាងលើនោះ។ ចំណែកព្រំដែននៅភាគឦសានប្រទេសស៊ីរី, កងកម្លាំងរដ្ឋាភិបាលរុស្ស៊ី និងស៊ីរី នឹងចូលទៅល្បាតនៅទីនោះដើម្បីធានាថា កងកម្លាំងឃឺដ​បានចាកចេញ ឬមិនចាកចេញ ៕


ចែករំលែក៖