ព័ត៌មានទាន់ហេតុការណ៍៖

ការដណ្តើមអំណាច កំពុងតែកើតឡើងនៅក្នុងរាជវាំងថៃ

ចែករំលែក៖

កាលពីជាង​៣ខែមុន ស្តេចថ្មីៗ Maha Vajiralongkorn  បានបង្កឲ្យមានការភ្ញាក់ផ្អើល ដោយព្រះអង្គ បានតែងតាំងស្នំឯកជាផ្លូវការ លើកដំបូង មិនធ្លាប់មាន ក្នុងរយៈ​៤ជំនន់ស្តេចកន្លងមក ។ ការតែងតាំងស្នំឯងបានតែប៉ុន្មានខែប៉ុណ្ណោះ ក៏មានរឿងអាស្រូវ កើតឡើង  ដោយស្នំឯក ចង់បានតំណែងជា អគ្គមេហេសី។

គម្រោងកម្ចាត់មហាសី បានរៀបចំយ៉ាងល្អិតល្អន់  ដោយមានមន្ត្រីជាច្រើនរូបចូលរួមផងដែរ ក្នុងនោះមានទាំងមេទ័ពរាជវាំង ។ ទាំងនោះហើយបានជាស្តេចថៃ សម្រេច ដកតំណែងទាំងអស់ របស់អគ្គមេហេសី  មេទ័ពរាជវាំង ហើយពេលនេះ មន្ត្រីជាន់ខ្ពស់​៦រូបទៀត​ ក៏ត្រូវបាត់តំណែង​។

ព្រះមហាក្សត្រថៃ ​បានសម្រេច​ដកតំណែងមន្ត្រី​៦រូបទៀតនៅក្នុងរាជវាំង បន្ទប់ពីមេទ័ព និង ស្នំឯក ​។ នេះជាការកែទម្រង់ដ៏ធំបំផុតមិនធ្លាប់មាននៅក្នុងរាជវាំងថៃ ក្រោយពេលរកឃើញថា ស្នំឯកបានឃុបឃិតជាមួយ មេទ័ពវាំង ដើម្បីផ្តួលរំលំព្រះមហេសី និងមានសកម្មភាពមិនស្មោះត្រង់ជាមួយ ព្រះមហាក្សត្រ​។

ស្តេច​ Rama ទី​១០  Maha Vajiralongkorn  បានចេញរាជបញ្ជារដកតំណែង មន្ត្រី៦រូប​ក្នុងរាជវាំង​កាលពីថ្ងៃទី​២៣ ខែតុលា ។ ព័ត៌មានខាងលើ ត្រូវបានផ្សព្វផ្សាយ នៅលើគេហទំព័ររាជវាំង​ Ratchakitcha ​។ មន្ត្រី​៦រូបដែលបានដកតំណែងថ្មីៗនេះ មាន ស្ត្រីពីរ រូប​ថ្នាក់វរៈសេនីយ៍ និងឧត្តមសេនីយ៍ មួយរូបផងដែរ​។ តាមរាជបញ្ជា ឧត្តមសេនីយ៍​​ ប៉ូលិសរាជវាំង​ Sakolket Chantra ​មានសកម្មភាព បំពានច្បាប់​ និងប្រើប្រាស់អំណាចដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន​ ។ចំណែកអ្នកផ្សេងទៀត ក៏រងការចោទប្រកាន់ដូចគ្នា​។

កាលពីថ្ងៃទី​២១ខែតុលា ស្តេច​​Rama​ទី​១០ ​ក៏បានដកតំណែងមេទ័ព  Arshawin Sawetseni ​ ក្រោយប៉ុន្មានម៉ោង ដែលដកតំណែង ស្នំឯក​ Sineenat Wongvajirapakdi ។

ការដែលស្នំឯកត្រូវដកហូតតំណែង ដោយសារតែមានសកម្មភាព ប្រឆាំង មិនស្មោះត្រង់​ លោភលន់ ក្រោយព្រះមហាក្សត្រ តែងតាំង​ព្រះអគ្គមហេសី​ Suthida ​។​​ស្នំឯក ចង់បានតំណែង ជាអគ្គមេហេសី ទើបមានសកម្មភាព ក្បត់បណ្តាលឲ្យបាត់តំណែងតែម្តង៕


ចែករំលែក៖