ខេត្តសៀមរាប៖ កម្លាំងសមត្ថកិច្ចប្រឆាំងបទល្មើសខេត្តសៀមរាបចាប់រថយន្តកូរ៉េដឹកឈើពេញមួយឡានប្រគល់ឱ្យមេព្រៃខេត្តសៀមរាប ។
ប្រតិបត្តិការចាប់រថយន្តដឹកឈើមួយគ្រឿងនេះ បានធ្វើឡើងវាលាម៉ោង១០ជាងព្រឹក នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩ ស្ថិតនៅក្នុងភូមិក្រោលសេះ សង្កាត់ស្វាយដង្គំ ក្រុងនិងខេត្តសៀមរាប ។
ក្រុមសមត្ថកិច្ចនៅហ្នឹងកន្លែងបានឲ្យដឹងថា ក្រោយពីទទួលព័ត៌មានពីប្រជាពលរដ្ឋថា ឃើញរថយន្តកូរ៉េមួយគ្រឿងដឹកឈើពេញសង្ស័យល្មើសច្បាប់ចូលដេប៉ូ ទើបកម្លាំងជំនាញ បានចុះបង្ក្រាប និងឃាត់រថយន្ត ០១គ្រឿង ម៉ាកNISSAN ពណ៌ស លាយខៀវ គ្មានស្លាកលេខ ប្រភេទរថយន្តកែច្នៃ ចំណុះ១.៥តោន នៅក្នុងដេប៉ូ ០១កន្លែងម្ចាស់ឈ្មោះ សៀម ស៊ុយ ភេទប្រុស អាយុ២៤ឆ្នាំ នៅភូមិសាស្ត្រ ភូមិក្រោលសេះ សង្កាត់ស្វាយដង្គំ ក្រុងនិងខេត្តសៀមរាប។
សមត្ថកិច្ចបន្តថា ក្នុងកិច្ចប្រតិបត្តិការណ៍នោះ សមត្ថកិច្ចចម្រុះ បាននាំយកវត្ថុតាងឈើ និង មធ្យោបាយដឹកជញ្ជូន មកធ្វើការរាប់ចំនួន និង វាស់វែង នៅស្នាក់ការរដ្ឋបាលព្រៃឈើបន្ទាយស្រី នៅភូមិព្រះដាក់ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី។ ជាលទ្ធផលគឺឈើអារប្រភេទលេខ១ ផ្ចិក ចំនួន ២១៤ដុំ =៥.០១០ម៉ែត្រគូប ចំពោះវត្ថុតាងនៃបទល្មើស សមត្ថកិច្ចជំនាញនឹងចាត់ការទៅតាមនីតិវិធីនៃ ច្បាប់ស្តីពី ព្រៃឈើ ៕ ប៊ុនរិទ្ធី