ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខេត្តព្រះសីហនុ​រកជនជាតិអង់គ្លេសដែលបាត់ខ្លួនមិនទាន់ឃើញទេ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ កាលពីនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ, លោក នី ផល្លី អគ្គលេខាធិការគណៈកម្មាធិការគ្រប់គ្រងនិងអភិវឌ្ឍន៍ឆ្នេរសមុទ្រកម្ពុជា, ឧត្តមសេនីយ៍ ថោងលីម អគ្គស្នងការរងនគរបាលជាតិ និងមន្ត្រីថ្នាក់ដឹកនាំតាមមន្ទីរអង្គភាពជុំវិញខេត្តជាច្រើននាក់ទៀតផងដែរ បានចុះរុករកស្ត្រីជនជាតិអង់គ្លេសមួយរូបឈ្មោះ Amelia Bambridge អាយុ ២១ឆ្នាំ ដែលបានបាត់ខ្លួននៅលើកោះរ៉ុង ក្នុងភូមិសាស្ត្រភូមិកោះតូច សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង តាំងពីថ្ងៃទី២៤ ខែតុលា។ កំលាំងគ្រប់ផ្នែកកំពុងរុករកតាមទីតាំងផ្សេងៗ តាមដងព្រៃភ្នំ ដងព្រែក តាមឆ្នេរខ្សាច់ ឆ្នេរថ្ម និងកន្លែងដែលនារីរូបនោះបានទៅលេងរួមទាំងក្រុមមុជទឹក(diving)​ ប៉ុន្តែនៅមិនទាន់រកឃើញ ។

ប្រភពពី លោក ណុប បញ្ញា ស្នងការរងនគរបាលបានឲ្យដឹងថា គេបានឃើញនារីខាងលើចុងក្រោយនៅមុនពេលបាត់ខ្លួនម៉ោង៣:៣០ទៀបភ្លឺ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ ក្នុងពិធីជប់លៀងមួយនៅកោះរ៉ុងក្រោយមកក៏បាត់ដំណឹងតែម្តង។ នារីដែលបាត់ខ្លួននេះ មានមិត្តភក្តិម្នាក់ជាជនជាតិហូឡង់ដែលទើបស្គាល់គ្នានៅពេលមកលេងកម្ពុជានេះទេ ។

គួររំលឹកថា នៅយប់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ មានករណី នារីជនបរទេសម្នាក់បានបាត់ខ្លួនដែលមានឈ្មោះថា Amelia Bambridge អាយុ ២១ឆ្នាំ មកពីក្រុង Worthing ប្រទេសអង់គ្លេស។ នាងត្រូវបានគេប្រទះឃើញចុងក្រោយជាមួយក្រុមធ្វើដំណើរនៅកោះរ៉ុងកាលពីថ្ងៃពុធ។ ករណីនេះ បង្កឲ្យមានការភ្ញាក់ផ្អើល នៅពេលដែលជនរងគ្រោះត្រូវគ្រោងនឹងឆែកចេញ(check out) ពីហូសតែលយុវជន(Hostel) Nest Beach Club ដែលនាងបានស្នាក់នៅដើម្បីទៅជួបជុំជាមួយមិត្តរបស់នាងម្នាក់ទៀត ប៉ុន្តែមិនមាននរណាម្នាក់បានឃើញនាងសោះឡើយ ។ ប៉ុន្តែលុះក្រោយមកប្រហែលម៉ោង១០យប់ ខាងអ្នកគ្រប់គ្រងរបស់ហូសតែល ក៏បានទាក់ទងទៅម្ដាយរបស់នាងនិងបានរាយការណ៍ថាកូនស្រីរបស់គាត់បានបាត់ខ្លួនហើយ។ ចំណែកកាបូបដៃកាបូបលុយ ទូរស័ព្ទ និងកាតធនាគាររបស់នាងត្រូវបានគេរកឃើញនៅឆ្នេរក្បែរនោះ។ យ៉ាងណាមិញម្ដាយរបស់នាងគឺ Linda Bambridge បាននិយាយថារឿងនេះវាពិតជាចម្លែកខ្លាំងណាស់ព្រោះកូនស្រីរបស់គាត់ជាធម្មតាគឺតែងតែនៅជាមួយក្រុមនោះទេ ៕


ចែករំលែក៖