ភ្នំពេញ ៖ បន្ទាប់ពីចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានកាត់ទោសនិងផ្ដន្ទាទោសតំរឹមដាក់ពន្ធនាគារកំណត់តែ៥ខែនិង៦ថ្ងៃ ទៅលើម្ចាស់ក្រុមហ៊ុន GCG Asia ដែលបានយកឈ្មោះ និងរូបថតសម្ដេចតេជោ ហ៊ុន សែន ទៅបង្ហោះវេបសាយរបស់ខ្លួន ដោយខុសច្បាប់នោះត្រូវបានដោះលែងអោយមានសេរីភាពវិញហើយ ។
យោងតាមប្រភពព័ត៍មានពីសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០១៩ សំណុំរឿងក្ដីខាងលើនេះលោក លិ សុខា ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានលើកយកមកកាត់ទោសកាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ថ្មីៗនេះ ដោយក្នុងសវនាការនោះចៅក្រមបានប្រកាសសាលក្រមភ្លាមៗ សម្រេចផ្ដន្ទាទោសឈ្មោះ YAW FOO HOE ជនជាតិម៉ាឡេសុី ដាក់ពន្ធនាគារកំណត់ ៥០៦ថ្ងៃក្រោមការចោទប្រកាន់ពីបទ « ប៉ុនប៉ង ឆបោក » តាមមាត្រា៣៧៧ មាត្រា៣៧៨ និងមាត្រា៣៨១ នៃក្រមព្រហ្មទណ្ឌ ។
ជនជាប់ចោទឈ្មោះ YAW FOO HOE និងប្រពន្ធ ត្រូវបានសមត្ថកិច្ចក្រសួងមហាផ្ទៃ និងមន្រ្តីធនាគារជាតិ ចុះទៅឃាត់ខ្លួន និងបិទក្រុមហ៊ុនកាលពីព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ បន្ទាប់ពីសម្ដេចតេជោហ៊ុន សែនប្រតិកម្មនៅយប់ថ្ងៃទី ១៦ឧសភា ឆ្នាំ២០១៩ ដោយសម្តេចតេជោ ហ៊ុន សែន បានចេញមកប្រកាសអំពីដំណឹងសន្តិសុខជាតិបន្ទាន់មួយ ពាក់ព័ន្ធក្រុមហ៊ុនមួយឈ្មោះ GCG Asia Co., LTD បានយករូបថត និងឈ្មោះសម្តេច ទៅបង្ហោះនូវលើ Website របស់ខ្លួន ដោយបានអះអាងសម្តេចនឹងចូលរួមសម្ពោធក្រុមហ៊ុននេះ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩ខាងមុខនេះ។ លើសពីនេះ ក្រុមហ៊ុនបានយកឈ្មោះ ធនាគារជាតិកម្ពុជា និងធនាគារចិនថាជាដៃគូទទួលខុសត្រូវក្នុងជំនួញជួញដូរ Crypto Currency ប៉ុន្តែក្រុមហ៊ុននេះ ត្រូវបានស្ថានទូតឥណ្ឌូណេស៊ី និងម៉ាឡេសុីបញ្ជាក់ថា ជាក្រុមហ៊ុនរកស៊ីមិនត្រូវ និងដាក់ក្នុងបញ្ជីខ្មៅទៅហើយ ទើបម្ចាស់ក្រុមហ៊ុននេះរត់មកប្រទេសកម្ពុជា ។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន សូមបដិសេធព័ត៌មានដែលផ្សាយ ក្នុងវេបសាយរបស់ក្រុមហ៊ុនខាងលើនេះគឺមិនពិតទេ និងស្នើអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ពិនិត្យតាមដាន និងស្រាវជ្រាវរកមុខជនខិលខូច យកមកផ្តន្ទាទោសតាមច្បាប់ជាធរមានជាបន្ទាន់។
សម្តេចតេជោ ហ៊ុន សែន បានសរសេរក្នុង Facebook ទាំងស្រុងយ៉ាងដូច្នេះថា៖ «ដំណឹងសន្តិសុខជាតិបន្ទាន់ ! កាលពីពេលថ្មីៗនេះ មានក្រុមហ៊ុន ឈ្មោះ GCG Asia Co., LTD បានយករូបថតខ្ញុំ និងឈ្មោះខ្ញុំ ទៅបង្ហោះនៅក្នុង Website របស់ក្រុមហ៊ុន http://gcgasiacoin.com/ ដែលនិយាយថា ខ្ញុំជាអ្នកគាំទ្រ និងចូលរួមសម្ពោធកាត់ខ្សែបូក្រុមហ៊ុន នៅក្នុងប្រទេសកម្ពុជានៅថ្ងៃទី ២០ ខែ ឧសភា ២០១៩។ ទន្ទឹមនឹងនោះ ក្រុមហ៊ុននេះ បានយកឈ្មោះធនាគារជាតិ និងធនាគារចិននៅកម្ពុជាថា ជាដៃគូទទួលខុសត្រូវក្នុងជំនួញដូរលុយ ក្នុងរូបភាពគ្រីបតូឃឺរិនស៊ី (Crypto Currency)។ តាមព័ត៌មានពីស្ថានទូតឥណ្ឌូណេស៊ីនៅកម្ពុជា គឺបញ្ជាក់ថា GCG Asia ជាក្រុមហ៊ុនរកស៊ីមិនត្រឹមត្រូវហើយ ត្រូវបានដាក់ចូលក្នុង Black List» ។
ក្រោយសមត្ថកិច្ចកម្ពុជាឃាត់ខ្លួន និងបិទក្រុមហ៊ុន ជនត្រូវចោទឈ្មោះYAW FOO HOE ត្រូវបានតុលាការសម្រេចឃុំខ្លួនបណ្ដោះអាសន្នក្រោមការចោទប្រកាន់ពីបទ ប៉ុនប៉ងឆបោក តាមមាត្រា ៣៧៧ មាត្រា៣៧៨ និងមាត្រា៣៨១នៃក្រមព្រហ្មទ័ណ្ឌ ដោយមានរយៈពេលនៃការឃុំខ្លួនបណ្ដោះអាសន្នចំនួន៥ខែ ០៦ថ្ងៃ ស្រាប់តែលោកចៅក្រម លិ សុខា បានបើកសវនាការសម្រេចផ្ដន្ទាទោសកំណត់៥ខែនិង៦ថ្ងៃ ហើយដោះលែងជនជាប់ចោទតែម្ដង ៕ស តារា