ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចតេជោ​ ហ៊ុន​ សែន​ អញ្ជេីញចូលរួមពិធីពិសាអាហារថ្ងៃត្រង់ពិសេស ស្តីពីការអភិវឌ្ឍប្រកបដោយចីរភាព

ចែករំលែក៖

ប្រទេសថៃៈ នៅថ្ងៃទី០៤​ ខែវិច្ឆិកា​ ឆ្នាំ២០១៩​ ដដែលនេះ​ សម្ដេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា​ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលនៃប្រទេសអាស៊ាន ក៏ដូចជាប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល​នៃប្រទេសដៃគូសន្ទនា និងដៃគូអភិវឌ្ឍន៍របស់អាស៊ាន បានយាងនិងអញ្ជើញសោយក្រយ៉ា និងទទួល​ទានអាហារថ្ងៃត្រង់ពិសេស ស្តីពីការអភិវឌ្ឍប្រកបដោយចីរភាព។

នៅក្នុងពិធីសោយក្រយ៉ា និង​ទទួលទានអាហារថ្ងៃត្រង់ពិសេសនោះ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលនៃប្រទេសអាស៊ាន និងប្រទេសជាដៃការសន្ទនា និងដៃគូអភិវឌ្ឍន៍ទាំងអស់ បានពិនិត្យលើវឌ្ឍនភាពនៃទំនាក់ទំនងកិច្ចសហប្រតិបត្តិ​ការ ក្នុងភាពជាដៃគូអភិវឌ្ឍន៍ និងក្នុងភាពជាដៃគូសន្ទនា ដែលបានដំណើរការប្រកបដោយស្មារតី នៃការទទួលខុសត្រូវខ្ពស់ និងផ្តល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក ពិសេសបានគូសបញ្ជាក់ពី​វឌ្ឍន​ភាព គួរឲ្យកត់សំគាល់របស់អាស៊ាន ក្នុងការសម្រេចបាននូវសមិទ្ធផលជាច្រើន នៃការអភិវឌ្ឍប្រកបដោយចីរភាព រួមមានកំណើនសេដ្ឋកិច្ច ការកាត់បន្ថយភាពក្រីក្រ ការរីកចម្រើនក្នុងវិស័យសុខាភិ​បាល អប់រំ និងហេដ្ឋារចនាសម្ព័ន្ធ ពិសេសតាមរយៈការបន្ស៊ី គោលនយោបាយជាតិនានា ជាមួយនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិ។

មេដឹកនាំទាំងអស់ បានគូសបញ្ជាក់ដែរថា ការបន្តរក្សានូវសុខសន្តិភាព និងស្ថិរភាពនយោបាយ គឺជាកត្តាគន្លឹះ និងជា បុព្វលក្ខខណ្ឌដ៏សំខាន់បំផុត សម្រាប់ធានាកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គម។ ដោយគោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាព គ្រប់ដណ្តប់លើគ្រប់វិស័យ ការខិតខំសម្រេចបានគោលដៅទាំងនេះ ពិតជាត្រូវការនូវធនធានហិរញ្ញវត្ថុ និងធនធានមនុស្ស។ ការប្រែប្រួលអាកាសធាតុ គឺជាបញ្ហាប្រឈមដ៏ធំមួយរបស់ពិភពលោក ដែលកំពុងតែបង្កជាបញ្ហាឧបសគ្គដល់ការអភិវឌ្ឍប្រកបដោយចីរភាព។
បញ្ហានេះតម្រូវឲ្យមានការចូលរួមដោះស្រាយពីគ្រប់ប្រទេសទាំងអស់ ក៏ដូចជាត្រូវការនូវភាពបុរេ​សកម្ម របស់អង្គការសហប្រជាជាតិ នៅក្នុងការជំរុញអនុវត្តនូវសន្ធិសញ្ញា និងកិច្ចព្រមព្រោងនានា ដែលបានឯកភាពគ្នារួច។

ការកើនឡើងនូវភាពមិនប្រាកដប្រជាក្នុងតំបន់ និងពិភពលោក ពិសេសនៅក្នុងវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយសារគោលនយោបាយគាំពារនិយម សង្រ្គាមពាណិជ្ជកម្ម និងការរំលោភលើគោលការណ៍ពហុភាគីនិយម ជាដើម បានក្លាយជាឧបសគ្គដ៏ធំក្នុងកិច្ចប្រឹងប្រែង ឈានទៅសម្រេចបាននូវការអភិវឌ្ឍប្រកបដោយចីរភាព ជាពិសេសសម្រាប់ប្រទេសដែលមានការអភិវឌ្ឍតិចតួច។ ហេតុនេះយើងត្រូវតែរួមគ្នាធានាថា យន្តការនៃកិច្ចសហប្រតិបត្តិការរបស់យើង នៅតែរក្សាបាននូវស្មារតីបើកចំហរ និងការគាំទ្រប្រព័ន្ធពាណិជ្ជកម្មពហុភាគី ពោលគឺការចូលរួមរបស់ វិស័យឯកជនក្នុងការជំរុញកំណើនសេដ្ឋកិច្ច ក៏ដូចជាក្នុងការអភិវឌ្ឍសង្គម តាមរយៈការទទួលខុសត្រូវផ្នែកសង្គម គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់៕


ចែករំលែក៖