ភ្នំពេញ: ជនសង្ស័យមួយក្រុមប្រុសស្រី៦នាក់ជិះម៉ូតូ៣គ្រឿងបានប្រើរូបភាពធ្វើជាឈ្លោះគ្នាជាមួយយុវជនម្នាក់រួចធ្វើសកម្មភាពវាយប្លន់យកម៉ូតូមួយគ្រឿងបានសម្រេចជិះគេចខ្លួនដោយសុវត្ថិភាព ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២និង៤០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតនៅចំមុខសណ្ឋាគារប្រេសុីដង់ តាមបណ្តោយផ្លូវកម្ពុជាក្រោម ក្នុងសង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាធានីភ្នំពេញ ។
ជនរងគ្រោះមានឈ្មោះ អ៊ូច សុជាតិ ភេទប្រុស អាយុ១៩ឆ្នាំ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញយុវជនម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដា ឌ្រីមសង់ស៊េរី២០១២ ពណ៌ខ្មៅពាក់ស្លាកលេខ កំពត1G-6427 ធ្វើដំណើរតាមបណ្តោយផ្លូវកម្ពុជាទិសដៅពីលិចទៅកើតលុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់លេចមុខជនសង្ស័យ៦នាក់ ប្រុស៥ស្រី១ជិះម៉ូតូចំនួន៣គ្រឿងមិនចាំស្លាកលេខ ជិះមកពីក្រោយរួចធ្វើសកម្មភាពនិងប្រើរូបភាពធ្វើជាឈ្លោះនិងប្រកែកគ្នាជាមួយជនរងគ្រោះ បន្ទាប់មកសង្ស័យមានឱកាសល្អបាននាំគ្នាវាយទៅលើជនរងគ្រោះរួចប្លន់យកម៉ូតូជិះគេចខ្លួនបាត់ស្រមោលដោយសុវត្ថិភាព។
ក្រោយកើតហេតុក៏មានកម្លាំងសមត្ថកិច្ចមូលដ្ឋានចុះមកដល់រួចបាននាំជនរងគ្រោះមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដេប៉ូ២ដើម្បីសមត្ថកិច្ចស្វែងរកចាប់ខ្លួនជនសង្ស័យយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ៕ សុខា