ព័ត៌មានទាន់ហេតុការណ៍៖

ទោះបីមានបាតុករជាង​៣ពាន់នាក់ត្រូវបានចាប់ខ្លួន តែបាតុកម្មនៅហុងកុងមិនទាន់មានសញ្ញាបញ្ចប់នៅឡើយទេ

ចែករំលែក៖

បាតុកម្មនៅហុងកុងដែលផ្តើមចេញពីច្បាប់ធ្វើបត្យាប័ន ដោយកើតឡើងតាំងពី ​៦ខែមុន អូសបន្លាយមកទល់ពេលនេះ​មិនទាន់បញ្ចប់នៅឡើយទេ​ បើទោះបីមានបាតុករជាច្រើនត្រូវបានចាប់ខ្លួន​ ។ ប៉ូលិសហុងកុងបានចាប់ខ្លួនបាតុកររាប់រយនាក់ កាលពីចុងសប្តាហ៍កន្លងមក ធ្វើឲ្យចំនួន​អ្នកដែលត្រូវចាប់ខ្លួនក្នុងរយៈពេល​៦ខែ នៃការផ្ទុះបាតុកម្មកើនឡើងដល់ទៅ​៣ពាន់នាក់​ ។

នៅក្នុងសន្និសីទកាសែត ប៉ូលិសហុងកុង បានប្រកាសថា បានចាប់ខ្លួនមនុស្ស​៣២៥នាក់ ក្នុងពេល​២ថ្ងៃ ដោយសង្ស័យថា ​មានអាវុធជាប់តាមខ្លួន​ ពេលចូលរួមធ្វើបាតុកម្ម​ ។ កាលពីថ្ងៃមុន នៅក្នុងបាតុកម្ម បុរសម្នាក់បានប្រើប្រាស់កាំបិត វាយប្រហារចាក់ ទៅលើក្រុមបាតុករ ដែលកាន់ដៃគ្នា ដង្ហែក្បួន​ បណ្តាលឲ្យ របួស​៥នាក់ ក្នុងនោះមានអ្នកនយោបាយម្នាក់ផងដែរ​ ។

ប៉ូលិសហុងកុងបានប្រកាសសន្យាថា ​នឹងទប់ស្កាត់អំពើហិង្សាផ្ទុះឡើង ។ តាមការសន្និដ្ឋានរបស់ប៉ូលិស ពីមួយថ្ងៃទៅមួយថ្ងៃ មានអំពើហិង្សា​ ការបំផ្លាញ​ទ្រព្យសម្បត្តិសាធារណៈ កាន់តែច្រើនឡើង ។

មេដឹកនាំកោះហុងកុង លោកស្រី Carrie Lam ​បានបំពេញសទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំង ជួបពិភាក្សាជាមួយថ្នាក់ដឹកនាំចិន ដើម្បីស្វែងរកដំណោះស្រាយ​បញ្ចប់វិវាទនៅកោះហុងកុង ដែលអូសបន្លាយ កន្លះឆ្នាំកន្លងមក​ ។ ជាមួយគ្នានោះ ប្រធានាធិបតីចិន​ស៊ី ជីងពីង សង្ឃឹមថា មេដឹកនាំកោះហុងកុង នឹងដោះស្រាយបញ្ហានៅលើកោះនេះ បានដោយជោគជ័យ លោក ស៊ី ជីនពីង មានជំនឿទៅលើការដឹកនាំរបស់លោកស្រី​ Carrie Lam ៕


ចែករំលែក៖