ប្រទេសបារាំង មានទំនាក់ទំនងយ៉ាងល្អប្រសើរជាមួយចិន ក្នុងពេលបំពេញទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំង កាកាលពីថ្ងៃទី៦ ខែវិច្ឆិកា និងបានផ្តល់ផលផ្លែផ្កាច្រើនសម្បើមមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រនៃទំនាក់ទំនងរបស់ប្រទេសទាំងពីរ។
បារាំងសម្រេចចុះកិច្ចសន្យាជាង៤០ និងបានសន្យាចុះកុងត្រារកស៊ីជាមួយចិន លើវិស័យជាច្រើនប្រភេទ ដែលមានតម្លៃទឹកប្រាក់រាប់សិបលានអឺរ៉ូ។ តាមការបញ្ជាក់ពីភាគីចិន គឺកិច្ចសន្យាទ្វេភាគី មានចំនួនជា១៥ពាន់លាន ដែលចុះកុងត្រាហើយ ប៉ុន្តែ នៅច្រើនពាន់លានទៀត ដែលកំពុងចរចាចុះកុងត្រាបន្ត (អាចដល់៥០ពាន់លានអឺរូ)។
ចិនវិញ ត្រូវការបារាំងនិងអឺរ៉ុប ដើម្បីពង្រីកទីផ្សាររបស់ខ្លួន ខណៈដែលមានភាពរអាក់រអួលខ្លះក្នុងការនាំផលិតផលចេញ នៅពេលដែលមានជម្លោះពាណិជ្ជកម្មជាមួយអាមេរិក។ នៅពេលនេះ ចិនទុកចិត្តបារាំងខ្លាំង ដោយក្រុងប៉េកាំង បានសម្រេចប្រកាសដាក់លក់«មូលបត្របំណុល»ជាប្រាក់អឺរ៉ូ ជាលើកទី១ នៅរដ្ឋធានីបារីស៍ ប្រទេសបារាំងតែម្តង។
សំណុំរឿងនេះ ក្តៅខ្លាំង! ខណៈដែលអាមេរិករបស់លោក ដូណាល់ ត្រាំ សម្រេចផ្តើមនីតីវិធីដកខ្លួនជាផ្លូវការចេញពីកិច្ចព្រមព្រៀងអាកាសធាតុក្រុងប៉ារីស នៅក្នុងសប្តាហ៍នេះ, ប្រទេសចិនវិញ និងជាថ្មីម្តងទៀត ចិនប្រកាសជំហរគាំទ្រយ៉ាងពេញទំហឹងកិច្ចព្រមព្រៀងអាកាសធាតុ ដែលប្រទេសបារាំងដើរតួសំខាន់ បញ្ចុះបញ្ចូលប្រទេសលើលោក ឱ្យចូលរួមគិតគូរពីផែនដី។
ជុំវិញរឿងបរិស្ថាននេះដែរ តែវាអាចចូលរឿងរកស៊ីផងដែរ! ប្រទេសបារាំងនិងចិន បានយល់ព្រមគ្នា ចរចាសម្រេចសាងសងរោងចក្រសម្អាតកាកសំណល់វិទ្យុសកម្ម នៅស្រុកចិន។ សំណុំរឿងនេះ បារាំងចិនជជែកចរចាគ្នា អស់ជាង១០ឆ្នាំមកហើយ។ ក៏ប៉ុន្តែពេលនេះ ភាគីទាំងពីរសម្រេចថា ត្រូវបញ្ចប់ការចរចា ត្រឹមខែមករា២០២០ ហើយចាប់ផ្តើមសាងសង់រោចចក្រតែម្តង។ រោងចក្រសម្អាតកាកសំណល់វិទ្យុសកម្ម នៅស្រុកចិន នឹងត្រូវសាងសង់ដោយក្រុមហ៊ុនបារាំង។ កិច្ចសន្យានេះ មានទឹកប្រាក់២០ពាន់លានអឺរ៉ូ។
ប្រទេសចិន ជាប្រទេសនាំមុខទី១លើលោក ខាងបញ្ជាទិញគ្រឿងគ្រៅសម្រាប់ដំណើរការផលិតថាមពលនុយក្លេអ៊ែរស៊ីវិល។ ចិន មានក្បាលម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរ ចំនួន៤៨ និង១០ផ្សេងទៀត កំពុងតែសាងសង់បន្ថែម។
ប្រធានាធិបតីបារាំង អេម៉ាណុអេល ម៉ាក្រុងបាននាំប្រធានក្រុមហ៊ុនសហគ្រាសធំៗ តាំងពីផ្នែកទឹកអប ស្រា យន្តហោះ និងថាមពល ព្រមទាំងមន្ត្រីរបស់សហភាពអឺរ៉ុបផង ទៅជាមួយលោក។ ជាលទ្ធផល ភាគីក្រុមហ៊ុននៃប្រទេសទាំងពីរ បានសម្រេចចុះកុងត្រារកស៊ី ៤០កិច្ចសន្យា ដែលមានទឹកប្រាក់វាលលានអឺរ៉ូ។ បើតាមកាសែតផ្លូវការចិន កុងត្រារកស៊ីទាំងឡាយនេះ អាចមានរង្វង់ទឹកប្រាក់ ជាង៥១ពាន់លានអឺរ៉ូ។
ប្រធានាធិបតីបារាំងទៅស្រុកចិនលើកទី២នេះ លោក ម៉ាក្រុងសប្បាយចិត្តខ្លាំងណាស់ ព្រោះគាត់បានបញ្ចុះបញ្ចូលថ្នាក់ដឹកនាំចិននិងក្រុមហ៊ុនចិនជាច្រើន។ កុងត្រាលក់ទំនិញកសិកម្មបារាំងជាច្រើនណាស់ ត្រូវបានចុះកិច្ចព្រមព្រៀងក្នុងឱកាសនេះ គឺរាប់តាំងពីស្រាក្រហមបារាំង មានច្រើនប្រភេទនិងច្រើនប្រភព, ហ្វូម៉ាសបារាំង ឬឈីស, ពិសេសសាច់ជ្រូកបារាំង ដែលមានការផលិតច្រើនបែបច្រើនយ៉ាងណាស់។ មិនតែប៉ុណ្ណោះ និងហាក់ដូចជាជំនួសមុខឱ្យសហភាពអឺរ៉ុបអ៊ីចឹង ដែលក្នុងដំណើរទស្សនកិច្ចរបស់ប្រមុខរដ្ឋបារាំង, សហភាពអឺរ៉ុបនិងចិន ក៏បានសម្រេចចុះកិច្ចព្រមព្រៀងជាមួយគ្នា ដើម្បីបញ្ជាក់ពីផលិតទំនិញសម្គាល់ភូមិសាស្ត្រ (សូចនាករភូមិសាស្ត្រការពារIGP) គឺជាបញ្ជាក់ពីទំនិញអឺរ៉ុបនៅស្រុកចិន ដល់ទៅជាង១០០មុខ ហើយប៉ុន្មានឆ្នាំក្រោយ និងនឹងត្រូវបញ្ចូលរាប់រយមុខទំនិញបន្ថែមទៀត។
តាំងពីថ្ងៃទី១នៃដំណើរទស្សនកិច្ចរបស់លោក ម៉ាក្រុងនៅស្រុកចិន សោភ័ណក៏ជ្រាបស្រាបដែរថា បារាំងបើកសម្ពោធមជ្ឈមណ្ឌលវប្បធម៌បារាំង George Pompidou នៅក្រុងសៀងហៃ។ នេះជាលើកទី១មួយ ដែលចិនអនុញ្ញាតឱ្យមានមជ្ឈមណ្ឌលវប្បធម៌អឺរ៉ុបយ៉ាងដូច្នេះ នៅលើទឹកដីចិន។ បារាំងរីករាយសប្បាយចិត្ត ដ្បិតថានេះក៏ជាលើកទីមួយដែរ ដែលមជ្ឈមណ្ឌលវប្បធម៌បារាំង George Pompidou បានពង្រីកសាខានៅអាស៊ី ក្នុងទឹកដីចិននេះតែម្តង។ បារាំងថែមទាំងសន្យាឱ្យចិនខ្ចីផ្ទាំងគំនូរនិងស្នាដៃសិល្បៈ ដែលតម្លៃរាប់លានអឺរ៉ូ យកទៅតាំងពិព័រណ៍ទៀតផង។ រូបគំនូរខ្លះ ក៏នឹងមានស្នាដៃរបស់វិចិត្រករលំដាប់ពិភពលោក ដូចជាគំនូររបស់ Picaso ជាដើម។
លើសពីនេះទៀត ក្នុងផ្នែកវប្បធម៌សិល្បៈទី៧របស់បារាំង, សមិទ្ធករភាពយន្តឆ្នើមៗ ផលិតករកុនបារាំងល្បីៗ ក៏បានប្រកាសបោះគោលដៅ ទៅថតកុននៅស្រុកចិនរឹងរឹតតែច្រើនថែមទៀតផងដែរ នៅឆ្នាំ២០២០។ វិមានប្រធានាធិបតីបារាំងអេលីហ្សេ ក៏បញ្ជាក់ដែរថា ចិនគឺនឹងត្រូវដាក់ជាគោលដៅអភិវឌ្ឍន៍ទេសចរណ៍វប្បធម៌ របស់បារាំង នៅឆ្នាំ២០២១៕